មនុស្ស​២៥​នាក់​ស្លាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ក្រុង​បាងកក

មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ២៥​នាក់ និង​ជាង ១៧០​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​អាជ្ញាធរ​ថៃ​ចុះ​បង្ក្រាប​ក្រុម​បាតុករ​អាវ​ក្រហម នៅ​ទីក្រុង​បាងកក ក្នុង​រយៈ​ពេល ៣​ថ្ងៃ​មក​នេះ។
ដោយ វិទ្យុ​អាស៊ី​សេរី
2010.05.16
ថៃ បាតុករ ៣០៥ បាតុករ​រុញ​កង់​ឡាន​ឆេះ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​១៥ ឧសភា ២០១០។
AFP Photo

អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ប្រចាំការ​នៅ​ប្រទេស​ថៃ រាយ​ការណ៍​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ខ្លាំង​ធ្វើ​ឡើង​តាំង​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១០​នេះ​មក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ក្នុង​នោះ​របួស​អ្នក​សារព័ត៌មាន ៥​នាក់។ កង​សន្តិសុខ​ថៃ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា អាច​មាន​ដល់ ៥០០​នាក់​បង្កប់​ខ្លួន​ក្នុង​ក្រុម​បាតុករ​អាវ​ក្រហម ដើម្បី​តាម​ចាប់​បាតុករ​ចំនួន ៤០​នាក់។ បាតុករ​ទាំង ៤០​នាក់​នោះ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ប៉ូលិស តែ​ក្រុម​ប៉ូលិស​ទាំង​នោះ​ជានិច្ចកាល​មាន​និន្នាការ​គាំទ្រ​ក្រុម​បាតុករ​អាវ​ក្រហម។

ស្ថានភាព​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍ គឺ​ក្រុម​បាតុករ​អាវ​ក្រហម​ទាំង​នោះ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ មាន​ការ​ខឹង​សម្បា​នឹង​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន នៅ​ពេល​ដែល​បាតុករ​ចាត់​ទុក​ថា ពួក​អ្នក​សារព័ត៌មាន​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ថៃ។ អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​ដូរ​ទីតាំង​តាម​យក​ព័ត៌មាន ដែល​នៅ​ពី​ក្រោយ​ទី​ឈរ​ជើង​របស់​ក្រុម​បាតុករ ប្ដូរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​យោធា។ ឃើញ​ដូច្នោះ​មេ​ដឹកនាំ​បាតុករ​បាន​ស្នើ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​វិល​ត្រឡប់​មក​កន្លែង​ដើម​វិញ ដោយ​គេ​ជឿ​ថា អាជ្ញាធរ​ថៃ​នឹង​មិន​បង្ក្រាប​ពួក​គេ​ទេ បើ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្បែរ​នោះ។ គឺ​ក្រុម​បាតុករ​ចង់​យក​អ្នក​សារព័ត៌មាន​ធ្វើ​ជា​រនាំង​ជួយ​ការពារ។

ក្រុម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ​មើល​ឃើញ​ថា ការ​ប្រើ​កម្លាំង​អាវុធ​របស់​អាជ្ញាធរ​ថៃ​លើ​ក្រុម​បាតុករ​អាវ​ក្រហម ជា​ការ​សម​ហេតុ​សម​ផល​ខ្លះ​ដែរ ក្នុង​គ្រា​ដែល​បាតុករ​ថៃ​ទាំង​នោះ​ចាប់ផ្ដើម​អំពើ​ហិង្សា។ ក៏​ប៉ុន្តែ​ថា ការ​ប្រើ​មធ្យោបាយ​ហិង្សា​បង្ក្រាប​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ដូច្នោះ គឺ​គេ​ពុំ​អាច​ទទួល​យក​បាន​ទេ។ តែ​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ថា បាតុករ​អាវ​ក្រហម​ខ្លះ​បាន​ញុះញង់​ស្ថានការណ៍​ចង់​ឲ្យ​កើត​ជា​សង្គ្រាម​ស៊ីវិល៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។