ខ្មែរ​ក្រោម​មួយ​ចំនួន​​​​ដែល​រស់​នៅ​លាក់​ខ្លួន​នៅ​កម្ពុជា​​ប្រឈម​នឹង​ជំងឺ

ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​៣​នាក់​នៅ​ក្នុង​ចំណោម​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​២៤​នាក់ ដែល​កំពុង​តែ​ស្វែង​រក​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា​នោះ ពួកគាត់​កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ​ស្លេកស្លាំង​និង​ចេញ​ពង​បែក​ពេញ​ខ្លួន​ប្រាណ ហើយ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ថ្នាំ​ព្យាបាល​និង​ស្បៀង​អាហារ​សម្រាប់​បរិភោគ​ប្រចាំ​ថៃ្ង។
ដោយ សុខ សេរី
2010-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៤-មករា-១០: ស្រ្ដី​ខ្មែរ​កម្ពុជា​ក្រោម​៣​នាក់​ក្នុង​ចំណោម​គ្រួសារ​ខ្មែរ​កម្ពុជា​២៤​គ្រួសារ​ដែល​លាក់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ កំពុង​មាន​ជំងឺ​និង​ត្រូវ​ការ​ចាំបាច់​នូវ​ជំនួយ​ជា​ស្បៀង​អាហារ​សម្រាប់​បរិភោគ​និង​ថ្នាំ​ព្យាបាល។
១៤-មករា-១០: ស្រ្ដី​ខ្មែរ​កម្ពុជា​ក្រោម​៣​នាក់​ក្នុង​ចំណោម​គ្រួសារ​ខ្មែរ​កម្ពុជា​២៤​គ្រួសារ​ដែល​លាក់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ កំពុង​មាន​ជំងឺ​និង​ត្រូវ​ការ​ចាំបាច់​នូវ​ជំនួយ​ជា​ស្បៀង​អាហារ​សម្រាប់​បរិភោគ​និង​ថ្នាំ​ព្យាបាល។
RFA/Sok Serey

ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​ឈ្មោះ នាង ផល្លា មក​ពី​ខេត្ត​ស្វាយទង នៃ​ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ដែល​មាន​ជំងឺ​ទ្បើង​កន្លួល​ឬ​ពង​បែក​ពេញ​ខ្លួន​ប្រាណ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​កន្លែង​លាក់​ខ្លួន​នោះ​ថា ៖ «ចេះ​តែ​ឡើង​អ៊ីចឹង​ពេញ​ខ្លួន ឈឺ​ឆ្អឹងឆ្អែង​អស់​ហើយ។ ទៅ​ពេទ្យ​អង្គការ​លីកាដូ​គេ​ថា​ជំងឺ​សើស្បែក។ ឡើង​៦-​៧​ថ្ងៃ​ហើយ»

ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​ឈ្មោះ ថាច់ ធីថាញ់ អាយុ​៣០​ឆ្នាំ មក​ពី​ខេត្ត​ឃ្លាំង នៃ​ប្រទេស​វៀតណាម​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម បាន​ថែ្លង​ថា ៖ «ឈឺ​ពី​ស្មា​ចុះ ឥឡូវ​ស្ពឹក។ ទៅ​អង្គការ​លីកាដូ គេ​ឲ្យ​ថ្នាំ​ផឹក។ ពី​មុន​ផឹក​បាន​៣​ថ្ងៃ ផឹក​អត់​អន់។ ... អត់​ធូរ​ទេ នៅ​តែ​ចុក ឈឺ ហើយ​ឥឡូវ​ទៅ​ជា​ស្ពឹក»

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​២៤​នាក់​នោះ កំពុង​តែ​រស់​នៅ​ក្នុង​ស្ថានការណ៍​លាក់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​កិច្ច​ជួយ​ឧបត្ថម្ភ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ជា​បណ្តោះ​អាសន្ន​នៅ​ពេល​នេះ។

លោក អំ សំអាត ជា​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ​លីកាដូ បាន​មាន​ប្រសាសន៍​ថា ៖ «ការ​រស់​នៅ​របស់​ពួកគាត់​បច្ចុប្បន្ន​នេះ​គឺ​ពិបាក​មែន ដោយសារ​គាត់​រស់​នៅ​ផ្ទះ​ជួល ហើយ​គាត់​អត់​ទាន់​មាន​លំនឹង​ត្រឹម​ត្រូវ ដោយសារ​តែ​សំណូមពរ​របស់​គាត់​អត់​ទាន់​បាន»

លោក ថាច់ សុង តំណាង​ឲ្យ​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​២៤​នាក់​ខាង​លើ​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា  គ្រួសារ​កម្ពុជា​ក្រោម​២៤​នាក់​នេះ បាន​ផ្ញើ​ញត្តិ​ជា​ច្រើន​លើក​រួច​មក​ហើយ​ទៅ​រដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញាធរ​មូលរដ្ឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ទ្បើយ។

លោក ថាច់ សុង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​ពួក​យើង​អត់​មាន​លិខិត​ស្នាម​អី​សម្រាប់​ជា​ពលរដ្ឋ​ខ្មែរ អ៊ីចឹង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង»។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​២៤​នាក់​នោះ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាល​ពី​ថៃ្ង​ទី​៥ ខែ​ធ្នូ កន្លង​ទៅ នៅ​គ្រា​ដែល​ពួកគាត់​កំពុង​តែ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ទី​៣​តាម​រយៈ UNHCR នៅ​ក្នុង​ប្រទេស​ថៃ។

គ្រួសារ​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​ចូល​ក្នុង​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ មក​ពី​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​វៀតណាម​ទឹកដី​ខែ្មរ​កម្ពុជា​ក្រោម ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ដោយ​អាជ្ញាធរ​វៀតណាម ក្រោយ​ពី​បាន​ងើប​តវ៉ា​ទាមទារ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ពី​ដូនតា​និង​ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​មួយ​ចំនួន​ដែល​រង​ការ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​វៀតណាម​នៅ​ទី​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល