កម្ពុជា​ទទួល​ជំនួយ​យោធា​ឥត​សំណង​ពី​កូរ៉េ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​ថា សម្ភារៈ​យោធា ដូចជា​រថយន្ត​យោធា រួម​ទាំង​គ្រឿង​បរិក្ខារ​ពេទ្យ ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថ្មីៗ​នេះ គឺ​ជា​ជំនួយ​ឥត​សំណង សម្រាប់​ប្រទេស​ក្រីក្រ​ដូចជា​កម្ពុជា​ជា​ដើម តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា កន្លង​ទៅ​ថ្មីៗ​នេះ មិន​មែន​ជា​ការ​ទិញ​ដូរ​នោះ​ទេ។
ដោយ សុខ សេរី
2010.10.22

ជំនួយ​ទាំង​នោះ​ត្រូវ​បាន​ដឹក​តាម​កប៉ាល់​ទឹក​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

ឧត្ដមសេនីយ៍ឯក លោក ឈុំ សុជាត ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​តុលា​ថា សម្ភារៈ​យោធា​ទាំង​នេះ គឺ​ជា​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា នៅ​ក្នុង​នោះ​មាន​រថយន្ត​យោធា សម្ភារៈ វិស្វកម្ម និង​កប៉ាល់​ប្រដេញ សម្រាប់​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ និង​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ដែន​សមុទ្ទ ដូចជា​បទ​ល្មើស​រត់​ពន្ធ​គ្រឿង​ញៀន​ជាដើម។

លោក​បន្ត​ថា ៖ «សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ដែល​បាន​ជួយ​ចំពោះ​ការ​ខ្វះខាត​ចំពោះ​មុខ​នៃ​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង​នេះ ដើម្បី​បំពេញ​ភារកិច្ច​ការពារ​ជាតិ​មាតុភូមិ។ យើង​គិត​ថា យក​សម្ភារៈ​ទាំង​អស់​នេះ ដើម្បី​ប្រើប្រាស់​នូវ​ប្រយោជន៍ ពង្រឹង​នូវ​សមត្ថភាព​របស់​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង»

លោក ឈុំ សុជាត មិន​បាន​ឲ្យ​ដឹង​ជា​ពិស្ដារ​ទេ អំពី​ចំនួន​ជាក់លាក់​នៃ​សម្ភារៈ​យោធា​ទាំង​នោះ ប៉ុន្តែ​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា សម្ភារៈ​យោធា​ទាំង​នោះ​មាន ៣​ប្រភេទ ដូចជា​កប៉ាល់​ប្រដេញ​ចំនួន ៣​គ្រឿង រថយន្ត​យោធា​ចំនួន ១០០​គ្រឿង រថយន្ត​វិស្វកម្ម​ចំនួន ២៤​គ្រឿង និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា កំពុង​តែ​ស្វែង​រក​ជំនួយ​យោធា​មួយ​ចំនួន​ទៀត​ពី​ប្រទេស​ជា​មិត្ត ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក កឹម សុខា បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា សម្ភារៈ​ទាំង​នេះ​មាន​សារប្រយោជន៍​ទៅ​បាន អាស្រ័យ​លើ​ឆន្ទៈ​នៃ​ការ​ប្រើប្រាស់ ៖ «តែ​បើ​យក​មក​សម្រាប់​តែ​បាញ់​ប្រជាពលរដ្ឋ​យក​ដី​យក​ធ្លី អា​ហ្នឹង​អត់​មាន​ប្រយោជន៍​ទេ។ វា​អាស្រ័យ​លើ​អ្នក​ដែល​ប្រើប្រាស់»

កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា បាន​ទទួល​រថក្រោះ និង​រថពាសដែក​សរុប​ចំនួន ៩៤​គ្រឿង ពី​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ដើម្បី​យក​មក​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​យោធា​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា។

មុន​ពេល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផ្ដល់​ជំនួយ​សម្ភារៈ​យោធា​ខាង​លើ​នេះ គឺ​ប្រទេស​ចិន ក៏​ធ្លាប់​បាន​ផ្ដល់​ជំនួយ​រថយន្ត​យោធា​ចំនួន ២៥៧​គ្រឿង និង​ឯកសណ្ឋាន​យោធា​ចំនួន ៥​ម៉ឺន​កំប្លេ កាល​ពី​ខែ​មិថុនា កន្លង​ទៅ មក​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។

ប្រទេស​កម្ពុជា ដែល​​បាន​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​អូស​បន្លាយ​អស់​ជាង ៣០​ឆ្នាំ ហើយ​​ទើប​​តែ​ងើប​ផុត​​ចេញ​ពី​សង្គ្រាម​នោះ បាន​ស្វះស្វែង​រក​ជំនួយ​យោធា​ពី​បរទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា កម្ពុជា​កំពុង​ត្រៀម​ការពារ​ខ្លួន​​ទប់ទល់​​ការ​ឈ្លាន​ពាន​របស់​កងទ័ព​ថៃ តែ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។