អ្នក​ធ្វើ​ចង្អេរ​លក់​នៅ​កំពង់ឆ្នាំង​ត្អូញត្អែរ​ពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ

ពលរដ្ឋ​អ្នក​ធ្វើ​ចង្អេរ​លក់​នៅ​ស្រុក​រលាប្អៀរ ខែត្រ​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​អំពី​បញ្ហា​ទំនិញ​ចេះ​តែ​ឡើង​ថ្លៃ​មិន​ឈប់ រីឯ​ផលិតផល​របស់​ពួកគាត់​នៅ​តែ​លក់​បាន​ថោក​ដដែល ។

0:00 / 0:00

«យើង​ដឹក​ចេញ​ពី​នេះ​អស់​សោហ៊ុយ​ឡាន ដាក់​ពី​ព្រៃក្មាយ​ទៅ មួយ​ដុំ​មួយ​ម៉ឺន ពី​ដើម​យក​មួយ​ដុំ ៨​ពាន់​រៀល​ទេ ។ ចង្អេរ​១​តែ ២២០០ វា​អត់​គួប​នឹង​ទំនិញ ។ ប៉ះពាល់​ដល់​យើង​អ្នក​ស្រែ ឆ្ងល់​ថា​ហេតុ​អី​បាន​ជា​ទំនិញ​វា​ចេះ​តែ​ឡើង​ថ្លៃ​អ៊ីចឹង ? រដ្ឋាភិបាល​មិន​ដឹង​គាត់​គិត​យ៉ាងម៉េច?» ។

នេះ​គឺ​ជា​ការត្អូញត្អែរ​របស់​ពលរដ្ឋ​ខ្មែរ អ្នកប្រកប​មុខរបរ​ធ្វើ​ចង្អេរ​លក់​នៅភូមិ​ក្រួស​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង អំពី​បញ្ហា​ផលិតផល​របស់​ពួកគាត់​លក់​បាន​តម្លៃ​ថោក​ពេក ដែល​មិន​អាច​ទប់ទល់​ជីវភាព​រស់នៅ​បាន ពីព្រោះ​សព្វថ្ងៃ ទំនិញ​នៅទីផ្សារ​សព្វសារពើ​កំពុងតែ​ឡើងថ្លៃ​ខ្ពស់​ពន់​ប្រមាណ ដែល​ក្នុង​នោះ​រួមមាន​ទាំង​សម្ភារៈ​សម្រាប់​ធ្វើ​ចង្អេរ​ផង​ដែរ ដូចជា ខ្សែ​ជ័រ​នីឡុង​រុំ​កណ្ដាប់​ចង្អេរ​ជាដើម ។

ក្នុង​សកម្មភាព​កំពុង​រុំ​កណ្ដាប់​ចង្អេរ​នៅក្រោម​ផ្ទះ​របស់​គាត់​នាភូមិ​ក្រួស ស្ដ្រី​កសិករ​ខ្មែរ​មួយរូប​ឈ្មោះ បាន​បញ្ជាក់​ប្រាប់​បន្ថែម​អំពី​បញ្ហា​នេះ​ដូច្នេះ​ថា ៖ «ទំនិញ​ឡើង​ថ្លៃ ឡើង​ជាង​ពាក់​កណ្ដាល​ឥឡូវ ពី​ដើម​ទិញ​តែ ៦-៧​ពាន់​រៀល ឥឡូវ​ឡើង​ដល់ ១៣០០០​រៀល​ហើយ ។ ចង្អេរ​លក់​ទៅ​វិញ​តែ ១០ បាន​៣​ម៉ឺន​រៀល ។ សព្វថ្ងៃ​រក​អត់​សូវ​បាន ឡើង​ថ្លៃ​អត់​រួច បើ​ឈ្មួញ​គេ​នៅ​ទិញ​ហ្នឹង​គេ​ឲ្យ​តែប៉ុណ្ណឹង ។ បើ​អង្ករ​សាច់​អត់​សូវ​ឡើង​រក​បាន​ដែរ តែ​ឥឡូវ​រក​អត់​សូវ​បាន​ទេ ។ ប៉ះពាល់​ជីវ​មែន បើ​អត់​បាន​ឡើង ឡើង​តែ​របស់​គេ​ផ្សារ របស់​យើង​នៅ​ហ្នឹង​អត់​បាន​ឡើង»

ប្រជាពលរដ្ឋ​អ្នក​ធ្វើចង្អេរ​ដដែល​នេះ ដែល​មើល​ទៅ​គេ​ម្នាក់​ៗ​ក្នុង​គ្រួសារ​នីមួយៗ​នៃ​គ្រប់​ខ្នង​ផ្ទះ​ក្នុង​ភូមិ​ក្រួស កំពុងតែ​មមាញឹក​ក្នុង​ការផលិត​ចង្អេរ​លក់​នោះ បាន​បញ្ជាក់​ប្រាប់​អ្នកយក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ចុះផ្ទាល់​ដល់​មូលដ្ឋាន​នោះ យ៉ាង​ដូច្នេះ​ថា ក្រៅពី​បញ្ហា​ទំនិញ​ឡើងថ្លៃ ដែល​ជា​ហេតុ​មិន​អាច​ឲ្យ​ពួកគាត់​បាន​ផល​ចំណេញ​ច្រើន​នោះ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បាន​បន្ថែម​លើស​នេះ​ទៀត គឺ​ការនាំ​ចេញ​យក​ទៅ​លក់​នៅ​តាម​ច្រក​ព្រំដែន​ថៃ ក៏​ត្រូវ​បាន​គេ​ដំឡើង​តម្លៃ​បង់​ពន្ធ​យ៉ាង​ខ្ពស់​ជាង​ពី​ពេល​មុន​ដែរ ។

បុរស​កសិករ​មួយ​រូប​ទៀត​ឈ្មោះ ទេព ឆាន ជា​អ្នក​ធ្វើ​ចង្អេរ​លក់ នៅភូមិ​ក្រួស​ដែរ​នោះ បាន​បញ្ជាក់​ប្រាប់​ផងដែរ​ថា ផលិតផល​ចង្អេរ​របស់​គាត់ ក៏ដូចជា​អ្នក​ឯទៀត​នៅទីនេះ គឺ​កាលពី​របស់របរ​ទីផ្សារ​មិនទាន់​ឡើង​ថ្លៃ​នោះ គឺ​មុខរបរ​ធ្វើ​ចង្អេរ​លក់​បាន​កាក់កប ដែល​អាច​ជួយ​ចិញ្ចឹម​ជីវិត​របស់​គ្រួសារ​នីមួយ​ៗ​បាន​សមរម្យ​គ្រាន់​បើ​ដែរ ប៉ុន្តែ មកដល់​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ អ្នក​ធ្វើ​ចង្អេរ​លក់ នៅ​ភូមិ​ក្រួស​ទាំងអស់​គ្នា មាន​ការធ្លាក់​ទឹកចិត្ត​ខ្លាំង​ណាស់ ពីព្រោះ​តែ​ការលក់​ផលិតផល​របស់​គាត់​ដើរ​ទាន់គ្នា​នឹង​តម្លៃ​ទំនិញ​នានា​ក្នុង​ទីផ្សារ ។

លោក ទេព ឆាន រៀបរាប់​ដូច្នេះ​ថា ៖ «ដូច​ខ្ញុំ​ទៅ​ព្រឹកមិញ​ទៅ​ផ្សារ​ទិញ​ខ្សែអ៊ិន​ហ្នឹង ឡើង​១​ដុល្លារ​បាត់​ទៀត​ហើយ ឡើង​ដល់ ១៣០០០​រៀល ដូច​ខ្ញុំ​ទៅ​បោះ​នៅ​ផ្សារថៃ យើង​ឆ្លង​ទៅ​លុយកាក់​សព្វបែប​សព្វយ៉ាង សោហ៊ុយ​ដឹក​ទៅ ។ ទៅ​ដល់​ហ្នុង​ទៀត​យើង​បង់​តម្លៃ​ស្តង់​ឲ្យ​គេ​ទៀត​បាន​ចូល​បាន ។ តម្លៃ​ស្តង់​បើ​យើង​គិត​ជា ១​ដុំ​ចង្អេរ តម្លៃ ៦០​បាត មួយ​ដុំ​យើង​ចង​ជា​ចង្អេរ​បាន​តែ ១៥០​ទេ»

ក្រៅពី​ការត្អូញត្អែរ​របស់​អ្នកផលិត​ចង្អេរ​ផ្ទាល់​ថា មិន​បាន​ប្រាក់​ចំណេញ​ច្រើន​សម្រាប់​ជួយ​ផ្គត់ផ្គង់​ការរស់នៅ​នោះ ចំណែកឯ​ឈ្មួញ​កណ្ដាល​ដែល​ដើរ​ប្រមូល​ទិញ​ចង្អេរ​ពី​អ្នកភូមិ​ក្រួស យក​ទៅ​លក់​បន្ត​នៅឯ​ប្រទេស​ថៃ​នោះ គេ​ក៏​បាន​ត្អូញត្អែរ​ដែរ​ថា ប៉ុន្មាន​ខែ​មក​នេះ គឺ​មាន​ការពិបាក​ក្នុង​ការរកស៊ី​មុខរបរ​នេះ​យ៉ាងខ្លាំង​ដោយ​ហេតុថា​សាំង​កាន់តែ​ឡើង​ថ្លៃ​គ្មាន​ចុះ បាន​ធ្វើ​ឲ្យ​គេ​ដំឡើង​ថ្លៃ​ខ្ពស់​ក្នុង​ការដឹកជញ្ជូន ផង​ដែរ រីឯ​ទំនិញ​របស់​អ្នកផលិត​ចង្អេរ​វិញ គឺ​លក់​ក្នុង​តម្លៃ​ដដែល ។

ក្នុងចំណោម​ឈ្មួញ​អ្នកទិញ​ចង្អេរ បុរស​ឈ្មួញ​កណ្ដាល​មួយរូប ឈ្មោះ សោម ថុល បាន​ត្អូញត្អែរ​ប្រាប់​បន្ថែម​យ៉ាង​ដូច្នេះ ៖ «អ្នក​ធ្វើ​នៅ​ហ្នឹង​គេ​របស់​ឡើង​ថ្លៃ​អស់​ហើយ គេ​ចង់​ឲ្យ​សុំ​ឡើង​ដែរ ទាក់ទង​ទៅ​ខាង​ម៉ូយ​ប៉ុន្តែ​មិន​ដឺង​ថា​យ៉ាងម៉េច​នៅ​ឡើយ»

សូម​បញ្ជាក់​ដែរ​ថា ការប្រកប​មុខរបរ​ធ្វើចង្អេរ​លក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ក្រួស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​នេះ គេឃើញ​មាន​ច្រើន​ផ្នែក​ទៅតាម​ការយល់​ឃើញ និង​ធនធាន​របស់​គេ​ម្នាក់​ៗ ដោយ​អ្នកខ្លះ បើ​គេ​មាន​ថវិកា​ធ្វើជា​ដើមទុន​គ្រាន់​បើ គឺ​គេ​ផលិត​ជា​ចង្អេរ​ទាំងមូល​តែ​ម្ដង ប៉ុន្តែ​បើ​អ្នក​ដែល​មាន​ដើមទុន​ល្មម​នោះ គឺ​គេ​គ្រាន់តែ​ទៅ​ទទួល​យក​សាច់​ចង្អេរ​ពី​អ្នកត្បាញ​ផ្សេង​ទៀត ហើយ​យក​មក​វេញ​កណ្ដាប់​មាត់​ចង្អេរ​ជាមួយ​នឹង​ខ្សែ​នីឡុង ។

ក្រៅពី​នេះ​ទៀត បើ​ចំពោះ​អ្នក​ដែល​មិន​មាន​ថវិកា​ធ្វើជា​ដើមទុន​ទាល់​តែសោះ​នោះ គឺ​គេ​បាន​ស៊ី​ឈ្នួល​រុំ​កណ្ដាប់​ចង្អេរ​ដោយទ​ទួល​បាន​ប្រាក់​កម្រៃ​ចំនួន ៤០០​រៀល ក្នុង​ចង្អេរ​មួយ ។

ក្នុង​ចំណោម​អ្នក​ស៊ីឈ្នួល​ក្ដាប់​ចង្អេរ បុរស​មួយ​រូប​ឈ្មោះ គង់ពៅ ដារ៉ា ដែល​កំពុងតែ​កាត់​តម្រឹម​កណ្ដាប់​ចង្អេរ​នៅ​បៀត​ចំហៀង​ផ្ទះខ្ទម​របស់​គាត់ និង​មាន​អង្រឹង​កូនខ្ចី​មួយ​ចង​យោល​នៅ​ក្បែរ​ខ្លួន​គាត់​ផងនោះ បាន​បញ្ជាក់​ប្រាប់​អ្នកយក​ព័ត៌មាន​យើង ថា គ្រួសារ​គាត់​ក្រីក្រ​ខ្លាំង​ជាង​គេ នៅក្នុង​ភូមិនេះ ដោយ​មិន​មាន​ដី​ធ្វើ​ស្រែ​ឡើយ គឺ​មាន​តែ​មុខរបរ​ស៊ីឈ្នួល​ក្ដាប់​ចង្អេរ​ឲ្យ​គេ​តែ​ប៉ុណ្ណោះ សព្វថ្ងៃ​នេះ ។

បុរស​ដដែល​បាន​បន្ត​ថា ចាប់តាំងពី​ព្រលឹម​ស្រាង​ៗ រហូត​ដល់​ព្រលប់ គឺ​រូបគាត់​និង​ប្រពន្ធ បាន​នាំគ្នា​ធ្វើ​ការងារ​នេះ​ដោយ​ឈប់​សម្រាក តែ​ក្នុង​ចន្លោះ​ពេល​បាយ​រវាង​ពី​ម៉ោង ១១​ថ្ងៃត្រង់ ទៅ​ម៉ោង ១​រសៀល ប៉ុណ្ណោះ ដើម្បី​ធ្វើ​ឲ្យ​បាន​ចង្អេរ​ចំនួន ២០​ក្នុង​មួយ​ថ្ងៃ ដោយ​បាន​ប្រាក់​កម្រៃ​ចំនួន ៨០០០​រៀល ប៉ុន្តែ​ទោះជា​ខំ​យ៉ាង​នេះ​ក្ដី ក៏​គ្រួសារ​របស់​គាត់​ដែល​មាន​កូន​ចំនួន​៦​នាក់ និង​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៀត គឺ​ស្ទើរតែ​ចិញ្ចឹម​ជីវិត​មិនចង់​បាន ជាពិសេស​គឺ​ក្នុង​អំឡុងពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ ដែល​ម្ហូប​អាហារ អង្ករ បន្លែ ត្រីសាច់ បាន​ឡើង​ថ្លៃ​ខ្លាំង​នោះ ៖ «ពីមុន​របស់​វា​ថោក ត្រឹម ៣-៤​ពាន់​ហ្នឹង យើង​អាច​ហូប​រួច ប៉ុន្តែ​ឥឡូវ​នេះ​ហូប​មិន​បាន​ទេ ព្រោះ​តម្លៃ​អ្វី​ក៏​ឡើង​ថ្លៃ​ដែរ ។ អង្ករ​មួយ​គីឡូវ ២​ពាន់​រៀល​ជាង​ហើយ លើក​មុន​ទិញ​តែ ១​ពាន់​ជាង រួច​របស់​ឯង​នៅ ដដែល»

មាន​ប្រសាសន៍​ប្រាប់ពី​បញ្ហា​នេះ​ដែរ ប្រធាន​ភូមិ​ក្រួស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង លោក មាស ហុង បាន​ឲ្យ​ដឹង​ថា ក្នុង​ភូមិនេះ​មាន​ប្រជាពលរដ្ឋ​ជាង ៦០០​គ្រួសារ គិតជា​មនុស្ស​ចំនួន ៣០០០​នាក់​ដែល​គេ​ទាំងអស់​គ្នា​ក្រៅពី​មាន​មុខរបរ​ធ្វើ​ស្រែ គឺ​គេ​បាន​រក​របរ​រួមផ្សំ​ដោយ​ធ្វើ​ចង្អេរ​លក់ ។

លោក​មេភូមិ​រូបនេះ​បាន​បន្ថែម​ទៀត​ថា បើតាម​ការសង្កេត​របស់​លោក គឺ​មុខរបរ​ធ្វើ​ចង្អេរ បាន​ធ្វើ​ឲ្យ​អ្នកភូមិ​ក្រួស​មាន​មុខមាត់​គ្រាន់បើ​ដែរ គួប​ផ្សំ​នឹង​ការធ្វើ​ស្រែ​នោះ​ក៏​ប៉ុន្តែ ស្រាប់តែ​មកដល់​ឥឡូវ បន្ទាប់​ពី​មាន​បញ្ហា​ទំនិញ​ឡើងថ្លៃ​កប់​ពពក​បាន​នាំ​ឲ្យ​ជីវភាព​អ្នកភូមិគ្រោះ​ធ្លាក់ចុះ ។

លោក​មេភូមិ ក៏​ដូចជា ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ចង្អេរ​លក់​នៅភូមិ​ក្រួស​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​ទៀត​ដែរ​ថា ប្រសិន​បើ​ទំនិញ ក៏​ដូចជា​ប្រេង​សាំង​នៅតែ​បន្ត​ការឡើងថ្លៃ​ឥត​ឈប់ ហើយ​ផលិតផល​ចង្អេរ​របស់​គេ​នៅតែ​ងាប់​តម្លៃ​នោះ គឺ​តទៅមុខ​ទៀត​ដ៏ខ្លី ពួកគេ​ទាំងអស់​គ្នា​នឹង​ជួប​វិបត្តិ​នៃ​ជីវភាព​រស់នៅ​ដ៏លំបាក​ជាក់ជា​មិនខាន​ឡើយ ៕