ពល​ទាហាន​ម្នាក់​រិះគន់​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា

ពល​ទាហាន​ម្នាក់​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​រិះគន់​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ ព្រះកេតុមាលា ក្នុង​ក្រុង​ភ្នំពេញ ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺ​ដល់​លោក តែ​បែរ​ជា​ណែនាំ​ឲ្យ​គាត់​ទៅ​ទិញ​ថ្នាំ​ពី​ឱសថ​ស្ថាន​ឯកជន​ទៅ​វិញ។
ដោយ អ៊ុក សាវបូរី
2010-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ថ្ងៃ​១៥ វិច្ឆិកា ២០០៨: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ។
ថ្ងៃ​១៥ វិច្ឆិកា ២០០៨: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ។
RFA Photo/Savyouth

ពលទោ​ការពារ​ព្រំដែន​កម្ពុជា​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​មួយ​រូប ត្អូញត្អែរ​ថា គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ ព្រះកេតុមាលា មិន​បាន​អនុវត្ត​តាម​តួនាទី​ជា​មន្ទីរ​ពេទ្យ​មួយ​ដែល​ទទួល​បន្ទុក​ព្យាបាល​ជំងឺ​ដល់​យុទ្ធជន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។

ពលទោ ឌុក ប៊ុនណែត មុខងារ​ជា​អ្នក​បញ្ជូន​សារ D371 កងពល​តូច​អន្តរាគមន៍​លេខ​៧ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ជាយដែន​ខ្វះ​ទឹក​ស្អាត​ទទួល​ទាន។ ហេតុ​នេះ​ឲ្យ​តែ​មាន​ទឹក ទោះ​ទឹក​នោះ​ស្អាត ឬ​មិន​ស្អាត ក៏​កងទ័ព​ចេះ​តែ​ទទួល​ទាន​ទៅ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ គាត់​បាន​កើត​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម។ អង្គភាព​បាន​បញ្ជូន​គាត់​ឲ្យ​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​យោធា ១.៧៩ ឬ​មន្ទីរ​ពេទ្យ ព្រះកេតុមាលា។ នៅ​ខែ​ធ្នូ ឆ្នាំ​២០០៩ ថ្ងៃ​១២ គាត់​បាន​ជា​ត្រឡប់​ទៅ​អង្គភាព​វិញ។ ស្រាប់តែ​ខែ​មីនា ជំងឺ​នោះ​បាន​កើត​ម្ដង​ទៀត គាត់​បាន​មក​ព្យាបាល​ជា​ថ្មី។ ក្រោយ​ពី​វេជ្ជបណ្ឌិត​ថត​ឆ្លុះ​រួច ពេទ្យ​ប្រាប់​គាត់​ថា គាត់​មាន​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម និង​ក្រួស​ក្នុង​ប្រមាត់​ផង​ដែរ។ ប៉ុន្តែ​គ្រូ​ពេទ្យ​មិន​បាន​ផ្ដល់​ថ្នាំ​ឲ្យ​គាត់ ឬ​ឲ្យ​គាត់​សម្រាក​ដូច​មុន​ទេ។ បែរ​ជា​ឲ្យ​គាត់​ទៅ​រក​ទិញ​ថ្នាំ​នៅ​ឱសថ​ស្ថាន​ឯកជន​វិញ។

ពលទោ ឌុក ប៊ុនណែត បន្ត​ថា ៖ «លោក​គ្រូ​និយាយ​ភាសា​ហ្នឹង​មក ឲ្យ​ខ្ញុំ​ទៅ​ទិញ​ថ្នាំ​នៅ​ផ្សារ​តាប៉ាង ហើយ​ខ្ញុំ​ត្រូវ​ទៅ​ទិញ ខ្ញុំ​ទៅ​ដោះសា​យ៉ាង​ម៉េច​ទៀត!»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​អគារ​ពិនិត្យ​ជំងឺ​ទូទៅ លោក​វេជ្ជបណ្ឌិត ទួត ណារ៉ា ពន្យល់​ថា ៖ «អា​ក្រួស​តូច​នេះ​មិន​អាច​ធ្វើ​ការ​វះកាត់​បាន​ទេ។ អាច​លេង​កីឡា ផឹក​ទឹក​ឲ្យ​ច្រើន វា​អាច​ជ្រុះ។ ដូច្នេះ​អត់​ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ទេ។ រីឯ​អា​រឿង​ថ្នាំ​ពេទ្យ មាន បើក​ឲ្យ អត់​មាន ត្រូវ​ដោះស្រាយ​ខ្លួន​ឯង​ហើយ ព្រោះ​យើង​ធ្លាប់​ដេក​ពេទ្យ​ជាមួយ​សា​ហើយ ជំងឺ​ហ្នឹង។ ក្រួស​នេះ​មិន​មែន​ធំ​ទេ​ណា៎! បើ​ធំ គេ​ឲ្យ​ដេក​ហើយ តូច​ៗ​បំផុត។ អា​ហ្នឹង​ដឹង​ទេ ក្រួស​តូច​ៗ ផឹក​ទឹក​ច្រើន ធ្លាក់»

ក្នុង​ការ​ជួប​ផ្ទាល់​ក្នុង​បន្ទប់​លេខ​០១ នៃ​បន្ទប់​ព្យាបាល​ជំងឺ​ទូទៅ​រវាង​វេជ្ជបណ្ឌិត ទួត ណារ៉ា និង​អ្នក​ជំងឺ ពលទោ ឌុក ប៊ុនណែត ប្រមាណ ១០​នាទី លោក​វេជ្ជបណ្ឌិត​បាន​សុំ​ឲ្យ​អ្នក​ជំងឺ​ចូល​បន្ទប់​ឆ្លុះ​ម្ដង​ទៀត​រក​មើល​ប្រភេទ​រលាក និង​ទំហំ​ក្រួស ដែល​អាច​នឹង​ឲ្យ​អ្នក​ជំងឺ​សម្រាក​ព្យាបាល​ឡើង​វិញ ប៉ុន្តែ​អ្នក​ជំងឺ​បាន​បដិសេធ​សំណើ​របស់​គ្រូ​ពេទ្យ។

ពលទោ ឌុក ប៊ុនណែត បាន​ឲ្យ​ដឹង​ថា ៖ «មក​ម្ដង​នេះ​ហើយ មាន​តែ​អត់​ធ្វើ​ទេ។ សុខ​ចិត្ត​ទៅ​មើល​ថ្នាំ​ពេទ្យ ថ្នាំ​អី​ក្រៅ​វិញ។ លោក​គ្រូ​លេង​មក​អ៊ីចឹង គេ​មិន​ទទួល​ម្ដង​ហើយ យើង​មក​អី​ម្ដង​ទៀត!»

អ្នក​ជំងឺ ពលទោ ឌុក ប៊ុនណែត បាន​ឲ្យ​ដឹង​ថា ការ​សម្រប​សម្រួល​ឲ្យ​លោក​ចូល​សម្រាក​ព្យាបាល​វិញ​នេះ គឺ​បន្ទាប់​ពី​លោក​ជម្រាប​រឿងរ៉ាវ​នេះ​ដល់​អ្នក​សារព័ត៌មាន ហើយ​ការ​ដែល​លោក​បដិសេធ​នោះ ដោយ​ខ្លាច​មាន​ការ​គុំកួន​ពី​គ្រូ​ពេទ្យ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ជារឿយៗ​គេ​តែងតែ​លេច​ឮ​ការ​រអ៊ូរទាំ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​ថា គ្រូ​ពេទ្យ​រដ្ឋ​មួយ​ចំនួន​បាន​ប្រើ​ពាក្យ​អសុរោះ ឬ​មិន​គោរព​ក្រម​សីលធម៌​ជា​គ្រូ​ពេទ្យ​ឡើយ។

មន្ទីរ​ពេទ្យ ព្រះកេតុមាលា ត្រូវ​បាន​មន្ត្រី​លេខាធិការដ្ឋាន គឺ​លោក ឃុត ប៊ុនឃឿន ឲ្យ​ដឹង​ថា មាន​គ្រូ​ពេទ្យ​មក​ពី​ប្រទេស​វៀតណាម ប្រទេស​ចិន និង​នា​ពេល​ខាង​មុខ ក្រុម​គ្រូ​ពេទ្យ​មក​ពី​ប្រទេស​កូរ៉េ មក​ជួយ​ព្យាបាល​ជន​ក្រីក្រ និង​យោធា​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល