មន្ត្រី​យោធា​ជាន់​ខ្ពស់​បញ្ជា​ឲ្យ​ទាហាន​នៅ​ព្រំដែន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន

មេ​បញ្ជាការ​យោធា​ខ្មែរ​ជាន់​ខ្ពស់​ប្រចាំ​ការ​នៅ​ព្រំដែន​ខ្មែរ-​ថៃ តំបន់​ប្រាសាទ​ព្រះវិហារ បាន​ដាក់​បញ្ជា​ឲ្យ​កង​ទ័ព​ខ្មែរ​​ទាំង​អស់​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ថែម​ទៀត នៅ​តាម​ចំណុច​ព្រំដែន​ទាំង​ឡាយ​ដែល​កំពុង​ប្រឈម​មុខ​ជាមួយ​ទាហាន​​​ថៃ ក្នុង​រឿង​ទំនាស់​ព្រំដែន។
ដោយ ហង្ស សាវយុត
2010-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ថ្ងៃ​១៥ វិច្ឆិកា ២០០៨: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ។
ថ្ងៃ​១៥ វិច្ឆិកា ២០០៨: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ។
RFA Photo/Savyouth

មន្ត្រី​យោធា​ជាន់​ខ្ពស់​ខ្មែរ​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​កក្កដា​ថា គេ​បាន​ដាក់​បញ្ជា​ឲ្យ​កង​ទាហាន​​ការពារ​ព្រំដែន​ខ្មែរ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ថែម​ទៀត​នៅ​តាម​បន្ទាត់​ព្រំដែន​​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ទាហាន​ថៃ ទាំង​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ផ្សេងៗ​ទៀត បើ​ទោះ​បី​ជា​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​ពេល​នេះ​ស្ថិត​ក្នុង​សភាព​ស្ងៀមស្ងាត់​ក៏ដោយ។

លោក​ឧត្ដមសេនីយ៍​ឯក ជា តារា អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ប្រចាំ​ការ​នៅ​តំបន់​យោធា​ភូមិ​ភាគ​ទី​៤ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា លោក​បាន​ដាក់​បញ្ជា​ឲ្យ​កង​ទាហាន​ខ្មែរ​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ទាហាន​ថៃ នៅ​តាម​ចំណុច​ព្រំដែន​មួយ​ចំនួន បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ថែម​ទៀត​លើ​សិទ្ធិ​ស្វ័យ​ការពារ​បូរណភាព​ទឹក​ដី បើ​ទោះបី​ជា​ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​ ក្នុង​រឿង​បញ្ហា​ព្រំដែន​ស្ថិត​ក្នុង​ភាព​ស្ងប់​ស្ងាត់​ក៏ដោយ។

លោក​ឧត្ដមសេនីយ៍ ជា តារា បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក​បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទ្រព្យ​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ប្រាសាទ​ព្រះវិហារ ដើម្បី​ជួប​ជាមួយ​កង​យោធា​ខ្មែរ​ទី​នោះ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ថែម​ទៀត។

លោក ជា តារា មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​កំពុង​តែ​នៅ​លើ​ភ្នំ​ទ្រព្យ ប្រជុំ​ជាមួយ​បង​ប្អូន ត្រួត​ពិនិត្យ​សភាពការណ៍។ មក​ដល់​ម៉ោង​នេះ ពេល​នេះ គ្មាន​ទាន់​មាន​សភាពការណ៍​អី​ប្រែប្រួល​ទេ នៅ​ស្ងប់​ស្ងាត់​ល្អ។ ប៉ុន្តែ​ប្រុង​ប្រយ័ត្ន​សិទ្ធិ​ស្វ័យ​ការពារ​ទឹក​ដី​របស់​ខ្លួន​ឯង។ ខ្ញុំ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ជន​ណា​ក៏ដោយ ឲ្យ​តែ​មក​រំលោភ​ឈ្លាន​ពាន​ក្នុង​ទឹក​ដី​កម្ពុជា បាន​ន័យ​ថា ក្រុម​ឈ្លាន​ពាន​ហើយ ដូច្នេះ​សិទ្ធិ​ស្វ័យ​ការពារ​​ត្រូវ​បាន​ទទួល​ជា​បន្ទាន់»

កង​ទាហាន​ខ្មែរ​ដែល​កំពុង​ការពារ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ​ការ​ដាក់​បញ្ជា​ឲ្យ​កង​ទាហាន​ខ្មែរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ថែម​ទៀត​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជន​ជាតិ​ថៃ មួយ​ក្រុម បាន​ព្យាយាម​ចូល​មក​តំបន់​លើ​ខ្នង​ភ្នំ​ទ្រព្យ​ ដោយ​មិន​ដឹង​ពី​បំណង​ច្បាស់​លាស់។

ទាហាន​ខ្មែរ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ កំពុង​ប្រចាំ​ការពារ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​កក្កដា គេ​បាន​ទទួល​ព័ត៌មាន​ថា មាន​ជន​ជាតិ​ថៃ ជាង ៣០​នាក់ បាន​ព្យាយាម​ចូល​មក​​តំបន់​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ថៃ-​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ទ្រព្យ​ជា​ច្រើន​ម៉ោង។

ទាហាន​ខ្មែរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «៣២​នាក់ ដល់​សួរ​វា វា​ថា និស្សិត​មក​ពី​បាងកក។ វា​មក​ភ្នំ​ទ្រព្យ វា​នៅ​ខាង​ប៉ុស្តិ៍​វា​ហ្នឹង​មុខ​ភ្នំ​ទ្រព្យ អត់​ដឹង​គោល​បំណង​វា​ផង យើង​អត់​ដឹង​ផង។ ដល់​យើង​សួរ​វា​ថា កម្មសិក្សា​មក​សិក្សា​អី​ណា»

ចាប់​តាំង​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​គណៈកម្មការ​អន្តរជាតិ ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ មក ថ្ងៃ​ទី​១៥ ខែ​កក្កដា ថៃ​បាន​បញ្ជូន​ទាហាន​រាប់​រយ​នាក់​ចូល​លុក​លុយ​ទី​វត្ត​ខ្មែរ​កែវសិក្ខាគិរីស្វារៈ នៅ​ជិត​ប្រាសាទ​ព្រះវិហារ បណ្ដាល​ឲ្យ​កើត​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-​ថៃ ដែល​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ​ជាង ២​ឆ្នាំ​ហើយ។

ចំណែក​នៅ​តំបន់​ចន្លោះ​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តា​មាន់​ធំ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​​វិញ មន្ត្រី​យោធា​នៃ​កង​វរ​សេនា​តូច​លេខ ៤២២ មួយ​រូប បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​មាន​ការ​ស្ងប់ស្ងាត់ ដោយ​កង​ទ័ព​ខ្មែរ និង​ថៃ ប្រចាំ​តំបន់​នោះ អាច​ចូល​រួម​លេង​កីឡា​ជាមួយ​គ្នា​បាន ប៉ុន្តែ​កិច្ច​ការពារ​ព្រំដែន​នៅ​តែ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល