ទាហាន​នៅ​សៀមរាប​រង​ការ​ចោទ​ថា​ឈូស​ឆាយ​យក​ដី​អ្នក​ភូមិ

ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ពពេល​ថ្មី ក្នុង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ជាប់​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​ក្រុម​ទាហាន​ដែល​មាន​បន្ទាយ​នៅ​ជិត​ភ្នំ​ខ្យង​ថា បាន​ប្រើ​គ្រឿងចក្រ​២​គ្រឿង​មក​ឈូស​ឆាយ​យក​ដី​ស្រែ​របស់​ពួក​គាត់​កាល​ពី​ពេល​ថ្មីៗ។
ដោយ ហង្ស សាវយុត
2010-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​​ត្រពាំង​ពពេល ឃុំ​តាសៀម ស្រុក​ស្វាយលើ បាន​អះអាង​ថា ពួកគេ​ជាង ២០​គ្រួសារ​បាន​បាត់បង់​ដី​ស្រែ​ដែល​ធ្វើ​នៅ​តាម​ព្រៃ​ប្រមាណ ៣០​ហិកតារ ដោយសារ​តែ​កង​ទាហាន​បាន​ប្រើ​គ្រឿងចក្រ​មក​ឈូស​ឆាយ​យក​កាល​ពី​ពេល​ថ្មីៗ។

ស្ត្រី​ឈ្មោះ ឱម ឡាវ ជា​អ្នក​ភូមិ​ត្រពាំងពពេល​នោះ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មីនា ថា ដី​ស្រែ​របស់​គាត់​១​ហិកតារ​ដែល​ធ្វើ​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ត្រូវ​ទាហាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​កាល​ពី​១​ខែ​មុន ហើយ​កាល​ពី​សប្ដាហ៍​មុន​ក្រុម​អ្នក​ភូមិ​បាន​លើ​គ្នា​ទៅ​តវ៉ា​នៅ​បន្ទាយ​ទាហាន​​នៅ​ភ្នំ​ខ្យង ក៏​ប៉ុន្តែ​ក្រុម​ទាហាន​និយាយ​ថា មិន​អាច​តវ៉ា​បាន​ទេ។

អ្នកស្រី ឱម ឡាវ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ដី​ខ្ញុំ​ធ្វើ​៣​ឆ្នាំ​ហើយ ដី​មួយ​ហិកតារ។ គេ​ស្លៀក​ទាហាន​ឈូស​យក​អស់​ហើយ។ គេ​ថា ដី​អង្គភាព​កងទ័ព។ ព្រួយ​បារម្ភ​អត់​បាយ​ហូប អត់​មាន​ស្រែ​ធ្វើ​ឆ្នាំ​ក្រោយ អត់​ហើយ​ព្រោះ​គេ​យក​អស់​ហើយ»

បុរស​ឈ្មោះ រិន រី ជា​អ្នក​ភូមិ​ជាមួយ​គ្នា​នេះ​បាន​បន្ថែម​​យ៉ាង​ដូច្នេះ ៖ «ដី​ខ្ញុំ​១​ហិកតារ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ឯង ធ្វើ​៥​ឆ្នាំ​ហើយ​នៅ​តំបន់​ខាង​ជើង​ភូមិ​ត្រពាំងពពេល ផ្លូវ​ជាប់​អូរអាកុក។ ឈូស​១​ខែ​ហើយ អ្នក​ភូមិ​ទៅ​តវ៉ា​ប៉ុន្តែ​គេ​ថា ដី​របស់​អង្គភាព អ្នក​ភូមិ​ក៏​មក​វិញ»

ទោះ​យ៉ាង​ណា​មេ​បញ្ជាការ​ទាហាន​តំបន់​នោះ​បាន​បដិសេធ​ថា មិន​មាន​កង​ទាហាន​ណា​មួយ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​យក​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ទេ។

មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កង​វរសេនា​តូច​លេខ​៦៣ ដែល​មាន​បន្ទាយ​នៅ​ភ្នំ​ខ្យង លោក ជុំ ផាន បាន​មាន​ប្រសាសន៍​បដិសេធ​ថា ទាហាន​របស់​លោក​មិន​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​យក​ដី​ស្រែ​អ្នក​ភូមិ​ណា​មួយ​ទេ។ មេ​បញ្ជាការ​យោធា​ដដែល​បាន​មាន​ប្រសាសន៍​ថា តំបន់​ទាំង​នោះ​គឺ​ជា​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព ទាហាន​ក៏​មិន​ហ៊ាន​យក​ដី​មក​ធ្វើ​កម្មសិទ្ធិ​ទេ។ ទោះ​យ៉ាង​ណា​មេ​បញ្ជាការ​យោធា​រូប​នោះ​បាន​ទទួល​ស្គាល់​ថា ទាហាន​ធ្លាប់​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​កាប់​រាន​ព្រៃ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ទី​នោះ។

លោក ជុំ ផាន មាន​ប្រសាសន៍​ដូច្នេះ ៖ «ទាហាន​ដូច​ជា​មិន​ហ៊ាន​ទៅ​ឈូស​ឆាយ ហើយ​ប្រជាពលរដ្ឋ ពាក្យ​បណ្ដឹង​របស់​គាត់​ដូច​ជា​​មិន​មាន គ្រាន់​តែ​ថា ហាម​ឃាត់​ត្រង់​កន្លែង​ប្រជាជន​កាប់​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​អា​ហ្នឹង​វា​មាន។ ដូច​មិន​មាន​ត្រពាំងពពេល មាន​ត្រាក់ទ័រ​ណា​ទៅ​ឈូស។ ខ្ញុំ​បដិសេធ​ដូច​មិន​មាន​ទាហាន​ខ្ញុំ​ទៅ​ឈូស​ត្រង់​ហ្នឹង»

ក៏​ប៉ុន្តែ​មេឃុំ​តាសៀម លោក ទុំ រិន បាន​មាន​ប្រសាសន៍​ថា ពិត​ជា​មាន​កង​ទាហាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​យក​ដី​ស្រែ​ប្រជាពលរដ្ឋ​របស់​លោក​នៅ​ទី​នោះ​មែន ដោយ​លោក​បាន​រាយ​ការណ៍​មក​គណៈកម្មការ​ស្រុក​ស្វាយលើ​រួច​ហើយ ហើយ​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។

លោក ទុំ រិន មាន​បាន​ឲ្យ​ដឹង​ថា ៖ «មាន​មែន​ហ្នឹង​ឯង នៅ​ម្ដុំ​ភូមិ​ត្រពាំងពពេល​ថ្មី។ បង​ប្អូន​ទៅ​ធ្វើ​ស្រែ​យូរ​ហើយ ប៉ុន្តែ​ឥឡូវ​លោក​ទាហាន​នៅ​ម្ដុំ​ភ្នំ​ខ្យង​នេះ​ឯង លោក​យក​របស់​បង​ប្អូន។ បង​ប្អូន​ភ្ជួរ​នឹង​គោ​ធម្មតា ដល់​តែ​ដាក់​អាត្រាក់​បាត់​ឈឹង»

ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ស្វាយលើ លោក ហ៊ុន ហ៊ន បាន​មាន​ប្រសាសន៍​ថា ព័ត៌មាន​នោះ​លោក​ក៏​បាន​ទទួល​ជាង​១​សប្ដាហ៍​មក​ហើយ ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​នៅ​ឡើយ ដោយ​ត្រូវ​រង់ចាំ​គណៈកម្មការ​ចុះ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​លាស់​សិន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល