កសិករ​ម្នាក់​ប្ដឹង​មន្ត្រី​តុលាការ​ពី​បទ​អនុវត្ត​នីតិវិធី​មិន​ប្រក្រតី

ចៅក្រម និង​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​រាជធានី​ភ្នំពេញ រង​ការ​ប្ដឹង​ពី​​កសិករ​ម្នាក់ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​កំពូល​មួយ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ដោយសារ​តែ​រូប​គាត់​មិន​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ។
ដោយ សុខ សេរី
2010-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២២-កក្កដា-២០១០: កសិករ​រង​គ្រោះ ​អ្នកស្រី ហួត សារុំ (ជួរ​មុខ ខាង​ស្ដាំ) ​និង​លោក​មេធាវី​ កៅ ទី (​ជួរ​មុខ ខាង​ឆ្វេង) នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
២២-កក្កដា-២០១០: កសិករ​រង​គ្រោះ ​អ្នកស្រី ហួត សារុំ (ជួរ​មុខ ខាង​ស្ដាំ) ​និង​លោក​មេធាវី​ កៅ ទី (​ជួរ​មុខ ខាង​ឆ្វេង) នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
RFA/Sok Serey

មេធាវី​ការពារ​ក្ដី​ឲ្យ​កសិករ​​​ម្នាក់ គឺ​លោក កៅ ទី បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ជូន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​ឲ្យ​ជួយ​សើរើ និង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​នីតិ​វិធី​ជម្រះ​ក្ដី​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កន្លង​មក ដែល​បាន​កែប្រែ​បទល្មើស​ព្រហ្មទណ្ឌ​ទាក់ទង​អំពើ​ពុករលួយ ទឹក​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក មក​ជា​បទល្មើស​មជ្ឈិម​ដែល​ស្រាល​ជាង​មុន​ទៅ​វិញ។

ពាក្យ​បណ្ដឹង​នេះ​បាន​ប្ដឹង​ចៅក្រម​ជម្រះ​ក្ដី លោក ជ័យ សុវណ្ណ ចៅក្រម​ស៊ើប​អង្កេត លោក ស៊ិន វិសាល និង​ព្រះរាជអាជ្ញា​រង លោក ជេត ខេមរា ក្រោម​បទ​អនុវត្ត​នីតិ​វិធី​មិន​ប្រក្រតី​មួយ​ចំនួន​កន្លង​មក​លើ​សំណុំ​រឿង​ពុករលួយ ទឹក​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​លោក សេង យៀន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច ​ក្រសួង​អធិការកិច្ច ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា និង​ឈ្មួញ​ដីធ្លី លោកស្រី ឌី ព្រឹម។

មេធាវី​ការពារ​ក្ដី​ឲ្យ​កសិករ​រង​គ្រោះ គឺ​លោក កៅ ទី ដែល​ត្រូវ​បាន​តុលាការ​លែង​ទទួល​ស្គាល់​ជា​មេធាវី​របស់​កសិករ​ឈ្មោះ ហួត សារុំ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ថា ៖ «តុលាការ​គេ​មិន​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មេធាវី​តំណាង​ឲ្យ​កូន​ក្ដី​ខ្ញុំ ឈ្មោះ ហួត សារុំ នោះ គឺ​គេ​ដើម្បី​លាក់​បាំង​នូវ​អំពើ​ទុច្ចរិត​របស់​តុលាការ ហើយ​និង​លាក់​បាំង​ជន​ប្រព្រឹត្ត​បទល្មើស​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់»

លោក​បាន​ឲ្យ​ដឹង​ថា ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​បរម​រាជ​វាំង បាន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​លោក​ជា​ផ្លូវការ​ហើយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ថ្មីៗ​នេះ។

មន្ត្រី​ទទួល​ពាក្យ​បណ្ដឹង​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម លោក អ៊ីវ វិចិត្រ បាន​ចេញ​បង្កាន់​ដៃ​ជូន​លោក កៅ ទី ដោយ​បាន​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ​ផ្នែក គឺ​សំណុំ​រឿង​ចៅក្រម និង​សំណុំ​រឿង​ព្រះ​រាជ​អាជ្ញា។

ចៅក្រម​ជម្រះ​ក្តី លោក ជ័យ សុវណ្ណ បាន​មាន​ប្រសាសន៍​ពន្យល់​ថា តុលាការ​បាន​អនុវត្ត​តាម​នីតិ​វិធី​ត្រឹមត្រូវ​ហើយ​កន្លង​មក ៖ «រឿង​ចោទ​ប្រកាន់ វា​ជា​សិទ្ធិ​របស់​ព្រះ​រាជ​អាជ្ញា។ ការ​ស៊ើប​អង្កេត​វា​ជា​សិទ្ធិ​របស់​ចៅក្រម​ស៊ើប​អង្កេត។ នៅ​ក្នុង​រឿង​ហ្នឹង​ទៀត ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ទទួល​តាម​ដីកា​សម្រេច​របស់​លោក​ប្រធាន​តុលាការ ដែល​សម្រេច​ឲ្យ​ខ្ញុំ​ជា​ចៅក្រម​ជំនុំ​ជម្រះ​ក្ដី​តែ​ប៉ុណ្ណោះ»

លោក​បាន​បញ្ជាក់​ថា ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​នេះ គឺ​ក្រសួង​អធិការកិច្ច ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា មិន​មែន​លោក កៅ ទី ជា​មេធាវី​របស់​កសិករ​នោះ​ទេ ទើប​បាន​ជា​តុលាការ​លែង​ទទួល​ស្គាល់​លោក កៅ ទី នៅ​ក្នុង​សំណុំ​រឿង​នេះ។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា កន្លង​ទៅ​នេះ ដើម្បី​កាត់​ទោស​ជន​សង្ស័យ លោក សេង យៀន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច ក្រសួង​អធិការកិច្ច ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា ក្រោម​បទ​ទទួល​សំណូក​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក និង​ជន​សង្ស័យ​ជា​ឈ្មួញ​ដីធ្លី​ឈ្មោះ​លោកស្រី ឌី ព្រឹម ក្រោម​បទ​សូក​ប៉ាន់។

អ្នក​ទាំង​ពីរ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​កសិករ​ឈ្មោះ ហួត សារុំ នៅ​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ  និង​មេធាវី​ឈ្មោះ កៅ ទី កន្លង​មក​ថា បាន​ព្យាយាម​រឹប​អូស​ដី​ស្រែ​ចំនួន​ជាង ៥​ហិកតា កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ តាម​រយៈ​ធ្វើ​របាយការណ៍​ក្លែង​បន្លំ​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទុក​ដី​ស្រែ​នោះ​លក់​ក្នុង​តម្លៃ​ប្រមាណ ៧​លាន​ដុល្លារ​អាមេរិក។

តុលាការ​មាន​គម្រោង​ការ​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង​អំពើ​ពុករលួយ​នេះ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ខាង​មុខ​នេះ នៅ​វេលា​ម៉ោង ៨​ព្រឹក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល