តុលាការ​កោះហៅ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​និង​បរិស្ថាន​៦​នាក់​មក​សាកសួរ

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​បាន​បង្ហើប​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​និង​មន្ត្រី​បរិស្ថាន​ឧទ្យានុរក្ស​ប្រចាំ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ៦​នាក់ ត្រូវ​ចៅក្រម​ស៊ើប​អង្កេត​បាន​កោះហៅ​មក​សាកសួរ​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ ៣​នាក់ និង​បាន​ចោទ​ប្រកាន់​ពី​បទ​កាប់​រាន​ព្រៃ​ឈើ​យក​ដី​រដ្ឋ។
ដោយ ហង្ស សាវយុត
2010-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រភព​ពី​មន្ត្រី​ក្រឡាបញ្ជី​មួយ​រូប​នៃ​តុលាការ​ខេត្ត​សៀមរាប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មករា ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចំនួន ៤​រូប និង​មន្ត្រី​បរិស្ថាន​ឧទ្យានុរក្ស​​ចំនួន​២​រូប​ប្រចាំ​ស្រុក​អន្លង់វែង បាន​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​​ចំពោះ​មុខ​ចៅ​ក្រម​ស៊ើបសួរ​កាល​ពី​ថ្ងៃ​សុក្រ ជុំ​វិញ​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​អូរអំបិល ឃុំ​អន្លង់វែង ៣​នាក់​ពី​បទ​ចោទ​ប្រកាន់​ថា បាន​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​រដ្ឋ ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ៖ «ខាង​ចៅក្រម​ហ្នឹង​បាន​ធ្វើ​ដីកា​កោះ​មន្ត្រី​បរិស្ថាន​ជំនាញ​ខាង​អន្លង់វែង អភិរក្ស​សត្វ​ព្រៃ​ហ្នឹង​មក​ដូច ២​នាក់​ទេ​ម្សិលមិញ​ហ្នឹង មេ​ព្រៃ​ដូច ៤​នាក់ នាយក​ផ្នែក​រដ្ឋបាល​អន្លង់វែង រង នាយ​សង្កាត់​រដ្ឋបាល​អង្លង់​វែង រង ៤​នាក់»

ទោះ​យ៉ាង​ណា​ចៅក្រម​ស៊ើបសួរ​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប លោក ហុក ពៅ មិន​បាន​អធិប្បាយ​បញ្ហា​នេះ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​មិន​អាច​និយាយ​បាន​ក្នុង​ករណី​ក្តី​កំពុង​ស៊ើប​អង្កេត។

លោក ហុក ពៅ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ជម្រាប​យ៉ាង​ខ្លី​ថា ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាត្រា​១២១ ការងារ​ស៊ើប​សួរ​ជា​ការងារ​សម្ងាត់ ដូច្នេះ​ខ្ញុំ​អត់​អាច​និយាយ​បាន​ទេ​ណា៎ សុំ​ទោស»

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរអំបិល ឃុំ​អន្លង់វែង បាន​ឲ្យ​ដឹង​ថា ពួក​គេ​ជាង ៨០​គ្រួសារ​គ្រោង​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​តុលាការ​ខត្ត​សៀមរាប​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ ៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។ ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ប្រជាពលរដ្ឋ ៣​នាក់​មិន​បាន​កាប់​រាន​ព្រៃ​យក​ដី​រដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក ឆោម ឈឿន ដែល​ជា​សាច់​ញាតិ​របស់​បុរស​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នោះ បាន​មាន​ប្រសាសន៍​ថា ឈ្មោះ ឆើត ឆុង ឈ្មោះ ឆុង ឆៃ និង វ៉ិត ម៉េង ដែល​មន្ត្រី​បរិស្ថាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​នោះ​គឺ​គ្មាន​កំហុស​ទេ។

លោក ឆោម ឈឿន បាន​អះអាង​ថា ៖ «អ្នក​ភូមិ​ឈ្មោះ ឆើត ឆុង ហើយ​និង ឆុង ឆៃ ហើយ​និង វ៉ិត ម៉េង នោះ គាត់​មិន​បាន​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ទេ។ ពួក​គេ​យក​គាត់​ទៅ​ពី​ផ្ទះ ហើយ​យក​ទាំង​កាំបិត​ពួក​គាត់​តាម​ផ្ទះ​ទៅ​ទៀត ហើយ​ទៅ​ដល់​ព្រៃ​ខាង​លិច​ផ្ទះ​ក៏​បាន​ថត​យក​ភស្តុតាង​ពួក​គាត់​ក៏​សរសេរ​ដាក់​ថា ពួក​គាត់​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ទៅ​វិញ»

ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ដី​ដែល​អ្នក​ភូមិ​កាប់​ឆ្ការ​នោះ​គឺ​បាន​ទិញ​ពី​មន្ត្រី​បរិស្ថាន​ម្នាក់​ឈ្មោះ រី ហេង ប្រចាំការ​នៅ​ទី​នោះ​ក្នុង​តម្លៃ ១​ពាន់​ដុល្លារ​អាមេរិក។ ប៉ុន្តែ​តាម​ដឹង​ថា មន្ត្រី​បរិស្ថាន​ឧទ្យានុរក្ស​បាន​ឆ្លើយ​ចំពោះ​មុខ​តុលាការ​ដោយ​បដិសេធ​មិន​ទទួល​ស្គាល់​បុគ្គលិក​របស់​ខ្លួន​ដែល​បាន​លក់​ដី​ព្រៃ​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ថា មិន​មែន​ជា​មន្ត្រី​ជំនាញ​ទេ គឺ​គ្រាន់​តែ​ជា​មន្ត្រី​លើក​បន្តុប​ក្រៅ​ក្របខ័ណ្ឌ​ប៉ុណ្ណោះ។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា គេ​បាន​ប្រមូល​ឯកសារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​មន្ត្រី​បរិស្ថាន​លក់​ដី​ព្រៃ​មក​ឲ្យ​ប្រជាពលរដ្ឋ​នោះ ហើយ​គេ​កំពុង​ជួយ​ជ្រោមជ្រែង​ផ្លូវ​ច្បាប់​ដល់​ប្រជាពលរដ្ឋ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល