មន្ត្រីតុលាការខេត្តសៀមរាប បានឲ្យដឹងថា គេបានទទួលលិខិតជាថ្មីទៀត របស់ក្រសួងយុត្តិធម៌នៃប្រទេសខ្មែរ ដែលស្នើសុំឲ្យអន្តរាគមន៍លើករណីសមត្ថកិច្ចចម្រុះ ដែលបានប្រើអាវុធបាញ់រះទៅលើក្រុមប្រជាពលរដ្ឋឃុំអន្លង់សំណរ ស្រុកជីក្រែង បណ្ដាលឲ្យរងរបួសនៅពេលដែលធ្វើការតវ៉ាបញ្ហាទំនាស់ដីស្រែប្រាំង ជាមួយអ្នកឃុំជីក្រែង កន្លងហួសជាង ១ឆ្នាំមកហើយនោះ។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនាថា ដំណើរការស្វែងរកយុត្តិធម៌ សម្រាប់ជនរងគ្រោះនៅតែបន្ត ដោយកន្លងមកតំណាងអយ្យការ បានកោះហៅសាក្សីជិត ៤០នាក់ចូលខ្លួនមកបំភ្លឺក្នុងចំណោមសាក្សី ប្រមាណ ៣០០នាក់ ប៉ុន្តែតុលាការមិនទាន់បានរកឃើញជនដៃដល់ ក្នុងការបាញ់រះនៅឡើយទេ ដោយសារតែពុំមានសាក្សីណាម្នាក់ ចង្អុលបង្ហាញមុខជនដៃដល់ក្នុងអំពើនោះឲ្យបានច្បាស់លាស់។
មន្ត្រីតុលាការបានអំពាវនាវស្វែងរកកិច្ចសហការ ពីអង្គការក្រៅរដ្ឋាភិបាលណាមួយ ដែលមានជំនាញអាចគូររូបភាព ឬក៏មានរូបថតបង្ហាញមុខក្រុមជនដៃដល់ ក្នុងការបាញ់រះនោះដើម្បីអាចឲ្យតុលាការអាចឈានទៅរកចាប់ខ្លួនជនទាំងនោះបាន។
លោក ទី សុវិនថាល់ មានប្រសាសន៍ដូច្នេះ ៖ «ស្វែងរកយុត្តិធម៌នៅតែស្វែងឲ្យតែដឹងថា អ្នកណាមួយបាញ់ ខ្ញុំចោទអត់មានប្រណីទេ។ ទាស់តែរកអត់ឃើញ ឥឡូវមានអង្គការណាមកជួយទៅលើជនរងគ្រោះ គូររូបភាពជាមនុស្សដែលចូលរួមហ្នឹងណា ឬក៏មានរូបថតអ្វីឲ្យជនរងគ្រោះចង្អុលឲ្យចំមក។ ដឹងតែក្រុមប៉ូលិសទាហាន ប៉ុន្តែអត់ដឹងអ្នកណាមួយបាញ់។ លែងចោទប្រកាន់តែទាំងអស់ទាំងខ្ញុំ នៅសល់ប៉ុន្មានគីឡូម៉ែត្រទៀតអត់ទាំងដឹងខ្យល់ ក៏ចោទខ្ញុំដែរ»។
កាលពីថ្ងៃទី២៨ ខែឧសភាកន្លងមក ក្រសួងយុត្តិធម៌នៃប្រទេសខ្មែរ បានផ្ញើលិខិតមួយមកប្រធានសាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ដោយស្នើសុំឲ្យអន្តរាគមន៍ទៅលើករណីសមត្ថកិច្ច ដែលបានប្រើអាវុធបាញ់រះទៅលើក្រុមប្រជាពលរដ្ឋ នៅឃុំអន្លង់សំណរ បណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០០៩កន្លងមក។
ការចេញលិខិតរបស់ក្រសួងយុត្តិធម៌នេះ គឺជាលើកទី៣ ហើយ បន្ទាប់ពីបានចេញលិខិតកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៩ កន្លងមក ឲ្យមន្ត្រីតុលាការខេត្តសៀមរាប-ឧត្តរមានជ័យ ស្វែងរកចាប់ខ្លួនជនដៃដល់ និងមេខ្លោងសមគំនិត ប្រើអាវុធវែងខ្លី បាញ់រះទាំងនោះយកទៅផ្ដន្ទាទោសតាមច្បាប់ និងកាលពីពេលថ្មីៗ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសរសេរជាលិខិតមួយច្បាប់ ជូនក្រសួងយុត្តិធម៌ដើម្បីជំរុញលើបញ្ហានោះផង។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា អង្គការរបស់លោកនៅតែជំរុញឲ្យរដ្ឋាភិបាលតាមរកមុខ និងចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងការប្រើអាវុធបាញ់រះលើអ្នកឃុំអន្លង់សំណរ ទៅផ្ដន្ទាទោសតាមច្បាប់។
លោក អ៊ូ វីរៈ មានប្រសាសន៍ដូច្នេះ ៖ «ដោយសារបញ្ហាហ្នឹងមិនទាន់ដោះស្រាយ ការបាញ់ក៏ដោយរឿងទាក់ទងដីធ្លី ក៏ដោយនៅមានបញ្ហាជាច្រើន ហើយយើងធ្វើការស្នើនេះ ធ្វើម៉េចជំរុញឲ្យករណី មានដំណោះស្រាយសមរម្យ យុត្តិធម៌សម្រាប់ផ្លូវច្បាប់»។
ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០០៩ កន្លងមក សមត្ថកិច្ចចម្រុះ បានបាញ់រះទៅលើក្រុមប្រជាពលរដ្ឋ នៅឃុំអន្លង់សំណរ ចំនួនប្រមាណ ៣០០នាក់ ដែលតវ៉ាបញ្ហាដីស្រែប្រាំង ជាមួយអ្នកឃុំជីក្រែង បណ្ដាលឲ្យអ្នកភូមិ ៤នាក់ បានរងរបួស និង៩នាក់ផ្សេងទៀត កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅឡើយ៕