គណបក្ស​សមរង្ស៊ី​អំពាវនាវ​សុំ​ឲ្យ​ជួយ​គ្រួសារ ហង្ស ចក្រា

គណបក្ស​សមរង្ស៊ី​អំពាវនាវ​ដល់​សប្បុរសជន​នានា​មេត្តា​ចូលរួម​ជួយ​សម្រាល​ទុក្ខ​ដល់​ក្រុម​គ្រួសារ​អ្នក​សារព័ត៌មាន​ខ្មែរ​ក្នុង​ស្រុក​មួយ​រូប គឺ​លោក ហង្ស ចក្រា ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ។

លោក ហង្ស ចក្រា អាយុ​៥៥​ឆ្នាំ ជា​ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ត្រូវ​បាន​តុលាការ​ក្រុង​សម្រេច​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​៩​លាន​រៀល កាលពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០០៩​នេះ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ពី​បទ​បរិហារ​កេរ្តិ៍​មន្ត្រី​យោធា​នៃ​រដ្ឋាភិបាល​កម្ពុជា។

ប៉ុន្តែ​មជ្ឈដ្ឋាន​សាធារណៈ ព្រម​ទាំង​អង្គការ​ជាតិ​និង​អន្តរជាតិ ជា​បន្ត​បន្ទាប់​បាន​ចាត់ទុក​ថា សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ក្នុង​ការកាត់​ទោស​ដាក់​ពន្ធនាគារ​ចាងហ្វាង​កាសែត​រូប​នោះ​គឺ​អយុត្តិធម៌ ជា​ការបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេ​ញមតិ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា ការកាត់​ទោស​នេះ​គឺ​ផ្ទុយ​នឹង​បទដ្ឋាន​និង​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ។

គណបក្ស​សមរង្ស៊ី​បាន​ចេញ​សេចក្តី​អំពាវនាវ​ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា​នេះ សូម​ឲ្យ​សប្បុរសជន​ទាំង​នៅ​តាម​ប្រទេស​ដទៃ​នានា​មេត្តា​ចូលរួម​ជួយ​សម្រាល​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក ហង្ស ចក្រា ផង ក្នុង​គ្រា​ដែល​លោក​ជា​មេ​គ្រួសារ​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ។

គណបក្ស​សមរង្សី​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក ហង្ស ចក្រា មាន​ភរិយា​និង​កូន​៣​នាក់​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ អ្នក​ទាំង​៤​កំពុង​បាត់បង់​វត្តមាន​ប្តី​និង​ឪពុក​ក្នុង​ការជួយ​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្រុម​គ្រួសារ៕