គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម​រង្ស៊ី​គ្រោង​ច្របាច់​ចូល​គ្នា​នៅ​ចុង​ឆ្នាំ​២០០៩

ក្រុមប្រឹក្សា​ជាតិ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​សម្រេច​ជា​គោលការណ៍​ថា នឹង​រួម​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សម​រង្ស៊ី​នៅ​មុន​ដំណាច់​ឆ្នាំ​២០០៩​នេះ។

0:00 / 0:00

មាន​ប្រសាសន៍​ក្នុង​អង្គ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១ នៅ​ព្រឹក​ថ្ងៃ​១៩ កក្កដា ឆ្នាំ​២០០៩ ឯ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ទីក្រុង​ភ្នំពេញ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​គឺ លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា សមាជិក​ក្រុមប្រឹក្សា​ជាតិ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​អស់ បាន​ព្រមព្រៀង​គ្នា​សម្រេច​ជំរុញ​និង​ពន្លឿន​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​២។

លោក កឹម សុខា ថ្លែង​ដូច្នេះ​ថា ៖ «ជំរុញ​និង​ពន្លឿន​ឲ្យ​មាន​ការ​សម្រេច​ជា​គោលការណ៍​ជាក់​លាក់​អំពី​រូបភាព​លក្ខណៈ​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម​រង្ស៊ី ឲ្យ​បាន​ឆាប់​រហ័ស​មុន​ដំណាច់​ឆ្នាំ​២០០៩​នេះ បើ​អាច​ធ្វើ​ទៅ​បាន។ ក៏​ប៉ុន្តែ​ការ​បង្កើត​គណបក្ស​ថ្មី​តាម​គោលការណ៍​សម្រេច​ខាង​លើ​នេះ អាច​ធ្វើ​នៅ​ពេល​ក្រោយ​តាម​ពេល​វេលា​ចាំបាច់​ក៏​បាន»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក កឹម សុខា មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​ជាតិ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ក៏​បាន​សម្រេច​ផង​ដែរ​ថា ការ​រួម​បញ្ចូល​គ្នា​នេះ​គឺ​មិន​យក​ឈ្មោះ​គណបក្ស​ទាំង​២ ដែល​មាន​ស្រាប់​នោះ​មក​ប្រើ​ទេ ពោល​គឺ​ត្រូវ​បង្កើត​ឈ្មោះ​មួយ​ថ្មី។

លោក កឹម សុខា ថ្លែង​យ៉ាង​ដូច្នេះ ៖ «បញ្ជាក់​ទៀត​ថា គណបក្ស​សិទ្ធិ​មនុស្ស​ចង់​ឃើញ ចង់​បាន​យ៉ាង​ម៉េច ការ​រួប​រួម​ហ្នឹង? គណបក្ស​សិទ្ធិ​មនុស្ស​ចង់​ឃើញ​ការ​ធ្វើ​សម្ព័ន្ធ​ភាព​គណបក្ស​នយោបាយ​ដោយ​បង្កើត​ឲ្យ​បាន​នូវ​គណបក្ស​ថ្មី​មួយ ចង់​បាន​គណបក្ស​ថ្មី​មួយ មិន​មែន​ចង់​តែ​ចាប់​ទាំង​អស់​គ្នា​នោះ​ទេ ចង់​ឲ្យ​គេ​ចូល​យើង​ក៏​មិន​ចង់ យើង​ទៅ​ចូល​គេ​ក៏​មិន​ចង់ ចង់​បាន​រួម​គ្នា​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស កុំ​ឲ្យ​ថា ចាំ​ឈ្នះ​ឆ្នោត​បាន​ប្រជា​ធិប​តេយ្យ ឲ្យ​ប្រជា​ធិប​តេយ្យ​ផ្ទៃ​ក្នុង​បក្ស​ហើយ អា​ហ្នឹង​បាន​គេ​ជឿ»

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ធ្វើ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​របស់​ខ្លួន​បន្ទាប់​ពី​គណបក្ស​នេះ​ចាប់​កំណើត​បាន​រយៈពេល​២​ឆ្នាំ​មក​នោះ។

សមាជិក​ក្រុមប្រឹក្សា​ជាតិ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចំនួន ៣១៥​នាក់ បាន​ចូលរួម​ក្នុង​សន្និបាត​នេះ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​លោក កឹម សុខា មាន​ប្រសាសន៍​ថា អង្គ​សន្និបាត​នេះ​ប្រារព្ធ​ឡើង​ដើម្បី​កំណត់​ទិស​ដៅ​ផែនការ​អនុវត្ត​គោល​នយោបាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​សម្រាប់​២​ឆ្នាំ​ខាង​មុខ គឺ​២០១០​-២០១១ រួម​ទាំង​ការ​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២ ខាង​មុខ​នេះ​ផង​ដែរ៕