មន្រ្តី​បក្ស​សមរង្ស៊ី​ស្នើ​សុំ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ភូមិ​ជាប់​ឃុំ​២​នាក់​នៅ​ស្វាយរៀង

អ្នក​តំណាង​រាស្រ្ត​និង​សមាជិក​ព្រឹទ្ធ​សភា​ទាំង​២៦​រូប​នៃ​គណបក្ស​សមរង្ស៊ី បាន​រួម​គ្នា​ស្នើ​ដល់​តុលាការ​ខេត្ត​ស្វាយរៀង សុំ​ចូល​ជួប​សួរ​សុខ​ទុក្ខ​កសិករ​ខ្មែរ​ពីរ​រូប​ដែល​តុលាការ​បាន​ចាប់​ឃុំ ចោទ​ពី​បទ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ទាក់ទិន​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្រ្ទា​កន្លង​មក។
ដោយ មឿង ទុម
2010.01.16
តំណាង​រាស្រ្ដ​បក្ស​សមរង្ស៊ី​៣០៥ ១៤-ធ្នូ-០៩: កង​កម្លាំង​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង ព្យាយាម​រារាំង​ក្រុម​អ្នក​តំណាង​រាស្រ្ដ​បក្ស​សមរង្ស៊ី​និង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​កន្លែង​ដែល​លោក សម រង្ស៊ី ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា។
RFA/Uon Chhin

គណបក្ស​សមរង្ស៊ី​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ជា​ផ្លូវការ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១០ សុំ​ចូល​ជួប​សួរ​សុខទុក្ខ​កសិករ​ខ្មែរ​ទាំង​ពីរ គឺ​អ្នកស្រី មាស ស្រី និង​លោក ព្រំ ជា នៅ​ឯ​ពន្ធនាគារ​ខេត្ត​ចាប់​ពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១០។ អ្នក​ទាំង​ពីរ​រង​ការ​ចាប់​ឃុំ​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០០៩​មក ប៉ុន្តែ​នៅ​មិន​ទាន់​ត្រូវ​បាន​តុលាការ​ធ្វើការ​ជំនុំ​ជម្រះ​នៅ​ឡើយ​ទេ។

កសិករ​ទាំង​ពីរ​រស់​នៅ​ក្នុង​ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អះអាង​ថា ពួកគាត់​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​ព្រោះ​តែ​អាជ្ញាធរ​វៀតណាម​និង​ខ្មែរ​បាន​បោះ​លើ​ដី​ស្រែ​របស់​ពួកគាត់។

មក​ដល់​ព្រឹក​ថ្ងៃ​១៦ មករា​នេះ តុលាការ​ខេត្ត​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ​ចំពោះ​សំណើ​សុំ​ចូល​ជួប​សួរ​សុខ​ទុក្ខ​កសិករ​ខ្មែរ​ទាំង​ពីរ​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 16, 2010 08:40 PM

គួរអនុគ្រោះដល់ខ្មែរគ្នាឯងផងលោកតុលាការខេត្ត

Anonymous
Jan 16, 2010 10:09 PM

ល្អណាស់ធ្វើអ្នកនយោបាយួរៗទៅឲ្យប្រជាជនជាប់គុកទៅវិញហើយខ្លួនឯងដាកមេប្រួចទៅវិញ។ក្រុមប្រឆាំងកុំសូវគិតថាខ្លួនជាសុដ្ធិតិនិយមខ្លាំងពេកប្រជាជនខ្មែរច្រើនណាស់ដែលស្រឡាញ់ខ្មែរ។