មន្ត្រី​បក្ស​សមរង្ស៊ី​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ក្រុម​ហ៊ុនបូម​ខ្សាច់​តាម​ព្រែក​ខេត្ត​កំពត

តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​អះអាង​ថា ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ព្រែក​ឆារ ស្រុក​ទឹកឈូ ខេត្ត​កំពត បណ្តាល​ឲ្យ​ច្រាំង​ព្រែក​បាក់​បន្តប​ន្ទាប់។
ដោយ ដែន អយុធ្យា
2010-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៤-មករា-២០១០: ទូក​បូម​ខ្សាច់​នៅ​ក្នុង​ដៃ​សមុទ្រ នា​ឃុំ​ម៉ាក់ប្រាង ស្រុក​ទឹកឈូ ខេត្ត​កំពត
២៤-មករា-២០១០: ទូក​បូម​ខ្សាច់​នៅ​ក្នុង​ដៃ​សមុទ្រ នា​ឃុំ​ម៉ាក់ប្រាង ស្រុក​ទឹកឈូ ខេត្ត​កំពត
RFA/Sok Serey

លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា កន្លង​ទៅ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ច្បាប់​របស់​លោក​ស្រី មូរ សុខហួរ អ្នក​​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​មណ្ឌល​កំពត​ ដែល​ស្នើ​ឲ្យ​​លោក លឹម គាន​ហោ រដ្ឋមន្ត្រី​ក្រសួងធន​ធាន​ទឹក និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គ្រប់​គ្រង​ធនធាន​ខ្សាច់​ចាត់​វិធាន​ការ​បញ្ឈប់​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន THAKNIN THARITH ដែល​បាន​និង​កំពុង​បូមខ្សាច់​នៅ​តាម​ដង​ព្រែក​ឆារ ខេត្ត​កំពត ថា បាន​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ដល់​លំនៅ និង​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ដោយសារ​ការ​បាក់​ច្រាំង​ព្រែក​ធ្ងន់ធ្ងរ។

លិខិត​បាន​បង្ហាញ​ថា ការ​ប្រកប​អាជីវកម្ម​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​ចំនួន ២​ឃុំ និង ៧ភូមិ មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាក់​ច្រាំង​តាម​ដង​ព្រែក​ឆារ ដោយសារ​តែ​ក្រុមហ៊ុន​បូម​ខ្សាច់​នេះ​បាន​បូម​ខ្សាច់​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​អនា​ធិបតេយ្យ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

បន្ថែម​លើ​លិខិត​អន្តរាគមន៍​របស់​រដ្ឋសភា លោក​ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​មណ្ឌល​កំពត មក​ពី​គណបក្ស​សម​រង្ស៊ី​មាន​ប្រសាសន៍​​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន THAKNIN THARITH ធ្វើ​ឡើង​ផ្ទុយ​ពី​សេចក្តី​សម្រេច​​ចុះ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០០៩ ស្តីពី​ការ​កំណត់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កំណត់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​សមុទ្រ​បាន​តែ​នៅ​លើ​ទី​តាំង​ណា​មាន​ការ​កក​ស្ទះ​ដល់​ផ្លូវ​ទឹក និង​សម្រាប់​​​បម្រើ​តែ​សេច​ក្តី​ត្រូវ​ការ​ក្នុង​ស្រុក និង​មិន​អនុញ្ញាត​ឲ្យ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ឡើយ​។

លោក​ស្រី មូរ សុខហួរ បន្ថែម​ថា ៖ «ក្រសួងរ៉ែ និង​ថាមពល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​សុទ្ធសាធ​ដោយ​រំលោភ​សេចក្តី​សម្រេច​សម្តេច​នាយក​ដែល​ហាម​ឃាត់​មិន​ឲ្យ​​យក​ខ្សាច់​ទៅ​លក់​នៅ​ឯ​បរទេស​។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​សើ​រើ​ឡើង​វិញ​ ជា​ពិសេស​ត្រូវ​យក​សេចក្តី​សម្រេច​របស់​សម្តេច​នាយក​ជា​ធំ​»

​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មរ៉ែ និង​ថាមពល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០០៩ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ THAKNIN THARITH ធ្វើ​អាជីវកម្ម​ខ្សាច់​សំណង់ ​និង​ល្បាប់​ភក់​នៅ​តាម​ដង​ព្រែកឆារ​ស្ថិត​ក្នុង​ឃុំ​ម៉ាក់ប្រាង និង​ឃុំ​កំពង់ក្រែង នៅ​ខេត្ត​កំពត លើ​ផ្ទៃ​ដី​សរុប ៤២,៥០​ហិក​តា សម្រាប់​ធ្វើ​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

ទោះ​ជា​បែប​នេះ​ក្តី​ បើ​យោង​តាម​​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​​ស្តី​ពី​ការ​កំណត់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​បាន​បញ្ជាក់​ច្បាស់​ថា ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​សមុទ្រ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​លើ​ធន​ធាន​ខ្សាច់​សមុទ្រ​ ទោះ​ជា​ទីតាំង​នោះ​ស្ថិត​នៅ​ឆ្ងា​យ​ពី​ឆ្នេរ ឬ​ពី​កោះ​ក៏​ដោយ។

ការ​អនុញ្ញាត​បាន​តែ​ចំពោះ​ទី​តាំង​ណា​មាន​ខ្សាច់​ដុះ​គោក​រាក់ និង​អាច​​បំពេញ​វិញ​​​បាន​​ជា​លក្ខណៈ​ធម្មជាតិ​តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​បច្ចេក​ទេស​ជា​មុន។

ទោះ​យ៉ាង​នេះ​ក្តី បើ​តាម​ការ​អះអាង​ពី​ប្រជាពល​រដ្ឋ​រស់​នៅ​តាម​ដង​ព្រែកឆារ ស្ថិត​នៅ​ឃុំ​កំពង់​ក្រែង​ និង​ឃុំ​ម៉ាក់​ប្រាង ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​ពុំ​មាន​ខ្សាច់​ដុះ​បណ្តាល​​ឲ្យ​កក​ស្ទះ ឬ​ប៉ះ​ពាល់​ដល់​ផ្លូវទឹក​ឡើយ ប៉ុន្តែ​នៅ​តែ​មាន​ក្រុមហ៊ុន​ឯក​ជន​បូម​ខ្សាច់​ យ៉ាង​គឃ្លើន​បំពាន​ទៅ​នឹង​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ដែល​បាន​ដាក់​ចេញ​ទៅ​វិញ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Hun Sen already said he'll stop it.
Why one hand close and other hand open ?

Jan 27, 2010 09:03 AM

គេហទំព័រ​ទាំងមូល