តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​សុំ​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​នៅ​តាកែវ

ក្រុម​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​​២៧ ឧសភា បាន​ដាក់​លិខិត​មួយ​ច្បាប់​តាម​រយៈ​ប្រធាន​​សភា ផ្ញើ​ជូន​​នាយក​រដ្ឋមន្ត្រី សុំ​ផ្អាក​ដំណើរការ​បោះ​បង្គោល​កំណត់​ព្រំដែន​លេខ​២៧០ នៅ​ស្រុក​បុរីជលសា ខេត្ត​តាកែវ បណ្ដោះ​អាសន្ន ដោយ​អះអាង​ថា​បាន​ប៉ះពាល់​បូរណភាព​ទឹក​ដី និង​បាត់​បង់​ដី​ស្រែ​ពលរដ្ឋ​ខ្មែរ​ច្រើន​ហិកតារ។
ដោយ ដែន អយុធ្យា
2010-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ
តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ
RFA/Sok Serey

លោក យឹម សុវណ្ណ តំណាង​រាស្ត្រ និង​ជា​មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ពី​គោល​បំណង​នៃ​ការ​ដាក់​លិខិត​សុំ​ផ្អាក​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ឃុំ​ជោគជ័យ ខេត្ត​តាកែវ ដូច្នេះ ៖ «តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​សរសេរ​លិខិត​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ជា​បន្ទាន់ តាម​រយៈ​សម្ដេច​ប្រធាន​រដ្ឋ​សភា ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ការ​បោះ​បង្គោល​លេខ​២៧០ ហើយ​សុំ​ឲ្យ​វាស់វែង​​​ឡើង​វិញ ដើម្បី​ធានា​ភាព​ត្រឹមត្រូវ ធានា​តម្លាភាព នៅ​ក្នុង​ការ​បោះ​បង្គោល ដើម្បី​ធ្វើ​ម៉េច​ឲ្យ​គោរព​ទៅ​តាម​ផែនទី ដែល​បាន​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ ហើយ​យើង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​ថ្មី ដើម្បី​ធានា​ថា បង្គោល​នោះ​គឺ​ត្រូវ​បាន​បោះ​ឲ្យ​ចំ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម»

មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ការ​ដាក់​លិខិត​ស្នើ​ផ្អាក​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឡើង បន្ទាប់​ពី​​មាន​កសិករ​ខ្មែរ​ចំនួន ១៧​គ្រួសារ​រស់​នៅ​​ឃុំ​ជ័យជោគ ស្រុក​បុរីជលសា បាន​តវ៉ា​លើ​ការ​បោះ​តម្រុយ​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ ថា​បាន​ដាំ​ចូល​ដី​ស្រែ​​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា។

បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។ រូបថត​ផ្ដល់​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ខណ្ឌ​សីមា​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​ថា លិខិត​សុំ​ផ្អាក​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​តាកែវ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ លោក ស៊ឹន សុធានី ប្រធាន​ក្រុម​ខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤ បាន​បដិសេធ​​​​ថា ការ​បោះ​តម្រុយ​បង្គោល​កំណត់​ព្រំដែន​នៅ​ឃុំ​ជ័យជោគ មិន​ប៉ះ​ពាល់​ដី​ស្រែ​ពលរដ្ឋ ឬ​បូរណភាព​ទឹក​ដី​ខ្មែរ​នោះ​ទេ។

លោក​បន្ត​ថា ការ​បោះ​តម្រុយ​ព្រំដែន​កម្ពុជា​-​វៀតណាម​​លេខ​២៧០ នៅ​ឃុំ​ជ័យជោគ មន្ត្រី​ជំនាញ​បាន​ប្រើ​ពេល​ពីរ​ឆ្នាំ ដើម្បី​ធ្វើ​ការ​សិក្សា​ពី​ផែនទី​ដ៏​ច្បាស់លាស់​មួយ មុន​នឹង​សម្រេច​បោះ​បង្គោល​នេះ​ឡើង។

លោក ស៊ឹន សុធានី មាន​ប្រសាសន៍​ដូច្នេះ ៖ «បង​ឯង​គិត​មើល​មិន​ធម្មតា​ទេ ទីតាំង​មួយ​ខ្ញុំ​សិក្សា​ជិត​ពីរ​ឆ្នាំ ទម្រាំ​សម្រេច​ចិត្ត​ដាំ​(បង្គោល) ព្រោះ​យើង​សិក្សា​ច្បាស់​ណាស់ ពីព្រោះ​យើង​ខ្លាច​ដាំ​ទៅ​ខុស​ទីតាំង​ពិត​ប្រាកដ​ក្នុង​ផែនទី។ យើង​យក​ផែនទី​ហ្នឹង​យក​ទៅ​សិក្សា​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ យើង​សិក្សា​ប្រើ​កម្មវិធី​កុំព្យូទ័រ​ផ្សេង​ៗ​គ្នា ដើម្បី​ចៀសវាង​លម្អៀង ហើយ​យើង​សិក្សា​ពី​ប្រព័ន្ធ​ផ្កាយ​រណប​ដើម្បី​កំណត់​ទីតាំង។ បញ្ហា​ហ្នឹង​យើង​សិក្សា​ទាំង​អស់ បូក​សរុប​ទាំង​អស់ ទើប​សម្រេច​ចិត្ត​ថា ដាំ​ទីតាំង​ត្រង់​ណា! ហើយ​បើ​ខ្ញុំ​មក​កំណត់​នៅ​លើ​ដី​ជាក់ស្ដែង ដោយ​អាស្រ័យ​ទៅ​លើ​ប្រជាជន​ចង្អុល អា​ហ្នឹង​ខ្ញុំ​ដាំ​អត់​ចេញ​ទេ ព្រោះ​ប្រជាជន​យើង​ហ៊ាន​ចង្អុល​ត្រង់​ណា ប្រជាជន​យួន​ហ៊ាន​ចង្អុល​ត្រង់​នោះ​ដូច​គ្នា​ដែរ»

បន្ថែម​លើ​នេះ លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹម​ហុង មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​២៧០ នៅ​ស្រុក​បុរីជលសា មិន​ប៉ះពាល់​ដល់​ដី​ស្រែ​ពលរដ្ឋ​នោះ​ទេ ព្រោះ​ដី​តំបន់​នោះ​មិន​មែន​ជា​ដី​ស្រែ​ទេ គឺ​ជា​វាល​ស្មៅ ហើយ​ថា ដី​តំបន់​នោះ​អាជ្ញាធរ​ពុំ​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ទេ​ពី​មុន​មក ព្រោះ​ពុំ​ទាន់​បាន​កំណត់​ច្បាស់​រវាង​​​ព្រំដែន​កម្ពុជា និង​វៀតណាម​នៅ​ឡើយ។ លោក វ៉ា គឹមហុង បាន​ហៅ​​សកម្មភាព​របស់​មន្ត្រី​បក្ស សម រង្ស៊ី ថា​ជា​រនាំង​មួយ​រំខាន​ដល់​ក្រុម​ការងារ​របស់​មន្ត្រី​ជំនាញ​បោះ​បង្គោល​ព្រំដែន​ជាប់​ជានិច្ច។

ទោះ​យ៉ាង​នេះ​ក្ដី សមាជិក​សភា​គណបក្ស សម រង្ស៊ី បាន​អះអាង​ថា ករណី​បោះ​បង្គោល​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅ​ខេត្ត​តាកែវ​ដ៏​ចម្រូងចម្រាស​នេះ បក្ស សម រង្ស៊ី មាន​គម្រោង​សរសេរ​លិខិត​ដាក់​ថ្វាយ​ព្រះ​ករុណា ព្រះ​មហា​ក្សត្រ​ខ្មែរ និង​ព្រះ​មហា​វីរ​ក្សត្រ ឲ្យ​ព្រះអង្គ​បាន​ជ្រាប និង​ជួយ​អន្តរាគមន៍​បន្ថែម​ទៀត៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

If you did it right good for Cambodian nation if you did it wrong that land will lost forever .Pol Pot kill alot of people
but Cambodian population can born and grow
up, for the land never grow up again if it
lost must lost forever please keep our
homeland for our children in next generation.




May 29, 2010 12:04 PM

គេហទំព័រ​ទាំងមូល