កម្ពុជា​ព្យាយាម​ទប់​តម្លៃ​ប្រេងឥន្ធនៈ

ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​តែ​ចាត់វិធានការ​ជា​បន្ទាន់​ថ្មីៗ​នេះ ដោយ​ឧបត្ថម្ភ​ថវិកា​ចំនួន​រវាង ២០០​លាន​ដុល្លារ​អាមេរិក ទៅ ៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ៗ។

0:00 / 0:00

វិធានការណ៍​នេះ​ត្រូវ​បាន​អនុវត្តន៍​នៅ​ឆ្នាំ​២០១១ កន្លងទៅ​នេះ និង​បន្ត​នៅ​ឆ្នាំ​២០១២ នេះ​ទៀត និង​ នៅ​ឆ្នាំក្រោយៗ​ទៀត ដោយសារ​មាន​វិបត្តិ​នៅ​ប្រទេស​អ៊ីរ៉ង់ និង​មជ្ឈិមបូព៌ា ដែល​ជា​ប្រទេស​ផលិត ប្រេង កំពុង​ជះឥទ្ធិពល​អាក្រក់​មកដល់​ប្រទេស​កម្ពុជា​ដែរ។

វិបត្តិ​ទាំងនោះ គឺ​សហរដ្ឋអាមេរិក ចក្រ​ភព​អង់គ្លេស ប្រទេស​បារាំង ប្រទេស​ជប៉ុន និង​ប្រទេស​មួយ​ចំនួន​ទៀត កំពុង​តែ​ឈប់​ទិញ​ប្រេងឥន្ធនៈ ពី​ប្រទេស​អ៊ីរ៉ង់ នៅ​ឆ្នាំ​២០១១ និង​ឆ្នាំក្រោយៗ​ទៀត ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​អ៊ីរ៉ង់​នេះ ឲ្យ​ឈប់​បន្ត​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។

រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១២ ថា បញ្ហា​ប្រេង​នេះ គឺ​មិន​មែន​មាន​តែ​ប្រទេស​កម្ពុជា​មួយ​ទេ ដែល​រង​ឥទ្ធិពល។ វា​ជា​បាតុភូត​មួយ​នៅ​លើ​ឆាក​អន្តរ​ជាតិ ធ្វើ​ឲ្យ​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​រងគ្រោះ ៖ «ហើយ​ខំ​ទប់​ណាស់​រាល់ថ្ងៃ​បាន​បាន​ដូច​ថា លំនឹង​ប៉ុណ្ណឹង​ដែរ។ យើង​ខិតខំ​សន្សំសំចៃ​វិញ...សំចៃ​ហើយ​បង្វែរ​ឲ្យបាន​ជា​អតិបរមា​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ សម្រាប់​កសិកម្ម​ ...ដើម្បី​អ្វី ?...ដើម្បី​ថា មួយ​លីត្រ នៃ​ប្រេងឥន្ធនៈ ដែល​យើង​នាំ​ចូល​មក …ប្រើប្រាស់​ខាង​សេដ្ឋកិច្ច​ឲ្យ​បាន​កាន់​តែ​ច្រើន បង្កើន​ផលិតភាព​របស់​យើង​ឲ្យ​បាន​កាន់តែ​ខ្ពស់ ហើយ​និង​បង្កើន​នូវ​ការ​ប្រកួត​ប្រជែង​របស់​យើង​ឲ្យ​បាន​កាន់តែ​ខ្លាំង»

កសិករ​ឈ្មោះ ខៀវ ដារ៉ារស្មី អាយុ ៣៧​ឆ្នាំ នៅ​ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ ដែល​ប្រកប​មុខរបរ​ដាំ​ដំឡូង​មី និង​ធ្វើស្រែ​បាន​និយាយ​ថា លោក​កំពុងតែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេលនេះ ដោយសារ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ខ្ពស់។ លោក​តែងតែ​ប្រើប្រាស់​ម៉ាស៊ីន​គោយន្ត ដើម្បី​ភ្ជួរ​រាស់ និង​ ដឹកជញ្ជូន​ផលិតផល​កសិកម្ម ៖ «សំណូមពរ​ឲ្យ​ខាង​រដ្ឋាភិបាល​យើង​សព្វថ្ងៃ​ហ្នឹង ...ធ្វើ​យ៉ាងណា​ឲ្យ​ប្រេងម៉ាស៊ូត​ហ្នឹង​បាន​ចុះថ្លៃ​បន្តិច​ទៅ ...ដើម្បី​ឲ្យ​កម្មករ និង​កសិករ​យើង​ងាយ​ក្នុង​ការ​រក​ទទួលទាន​ណា​បង ...ពីព្រោះ​សព្វថ្ងៃ​ហ្នឹង ប្រេងសាំង​កាន់តែ​ឡើង​ទៅៗ ...ប្រេងម៉ាស៊ូត ប្រេង​ឡាន ...ថ្លៃ​ឡាន​អី​ហ្នឹង កាន់តែ​ថ្លៃ​ទៅៗ ...អីចឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ កាន់តែ​លំបាក កាន់តែ​ខ្លាំង​ឡើងៗ»

តំណាងរាស្ត្រ គណបក្ស​សម រង្ស៊ី លោក សុន ឆ័យ បាន​មានប្រសាសន៍​ប្រតិកម្ម​ថា ហេតុផល​នៃ​ការ​ឧបត្ថម្ភ​ទុន​ដោយ​ស្ងាត់ៗ ដើម្បី​ធ្វើឲ្យ​តម្លៃ​ប្រេងសាំង​នៅ​ឋិតថេរ​នោះ គឺ​លោក​មិន​អាច​ទទួលយក​ បាន​ទេ ដោយសារ​គ្មាន​តម្លាភាព ៖ «រាជរដ្ឋាភិបាល​ត្រូវតែ​បន្ថយ​ការ​យកពន្ធ​ថែមទៀត ឲ្យ​តិច​ជាង​ហ្នឹង​ទៅទៀត ។ ការ​យកពន្ធ​កាន់តែ​តិច ...មិនមែន​មានន័យថា រដ្ឋាភិបាល​បាត់​ចំណូល​ទេ​រដ្ឋាភិបាល នៅតែ​បាន​ចំណូល​ដដែល​ទេ ...ក៏ប៉ុន្តែ​កុំ​ឲ្យ​ពលរដ្ឋ​យើង​វេទនា​ខ្លាំង​ពេក ...ឲ្យ​សេដ្ឋកិច្ច​យើង​មាន​លទ្ធភាព​ ប្រកួតប្រជែង​និង​ប្រទេសជិតខាង។ ហើយ​កាត់បន្ថយ​នូវ​ការ​រត់ពន្ធ​ផង»

គេ​បាន​សង្កេតឃើញ​ថា តម្លៃ​ប្រេងសាំង​ប្រភេទ​ស៊ុបពែរ (Super) នា​ពេល​បច្ចុប្បន្ន​នេះ គឺ ៥៨៥០​រៀល ក្នុង​មួយ​លីត្រ។ តម្លៃ​ប្រេងសាំង​ប្រភេទ​ធម្មតា (Regular) គឺ ៥៥៥០​រៀល​ក្នុង​មួយ​លីត្រ និង​ តម្លៃ​ប្រេងម៉ាស៊ូត (Diesel) គឺ ៥២៥០​រៀល​ក្នុង​មួយ​លីត្រ ប្រៀបធៀប​និង​ឆ្នាំមុន គឺ​មាន​តម្លៃ​ជាង ៤០០០​រៀល​ក្នុង​មួយ​លីត្រ។

តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ បាន​ឲ្យដឹង​ថា​ ប្រទេស​កម្ពុជា ត្រូវការ​នាំចូល​ប្រេងឥន្ធនៈ​ពី​បរទេស​ចំនួន​ជាង ១​លាន​តោន​ក្នុង​មួយឆ្នាំៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រើ​ប្រាស់​នៅ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។