ខ្យល់​ព្យុះ​បំផ្លាញ​ផ្ទះ​ជាង​១០០​ខ្នង​នៅ​ខែត្រ​បាត់ដំបង

ខ្យល់​ព្យុះ​បាន​បោក​បក់​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ចំនួន​ជាង ១០០​ខ្នង និង​ធ្វើ​ឲ្យ​មនុស្ស​បី​នាក់​រង​របួស កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា នៅ​ឃុំ​សន្តិភាព និង​ឃុំ​តាស្តា ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2010-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-០៩-២០០៩: ផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​បំផ្លាញ​ដោយ​ខ្យល់​ព្យុះ​កេតសាណា​នៅ​ក្នុង​ខេត្ត​កំពង់ធំ។
៣០-០៩-២០០៩: ផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​បំផ្លាញ​ដោយ​ខ្យល់​ព្យុះ​កេតសាណា​នៅ​ក្នុង​ខេត្ត​កំពង់ធំ។
AFP

អភិបាល​ស្រុក​សំពៅលូន លោក ជុំ ស៊ីប បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​ឧសភា ឲ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​ខ្យល់​ព្យុះ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៥:២០​នាទី ល្ងាច​ថ្ងៃ​សៅរ៍។

លោក ជុំ ស៊ីប បាន​បញ្ជាក់​ថា ៖ «ឥឡូវ​យើង​ឃើញ​ការ​ខូច​ខាត​ហ្នឹង​ទាំង​អស់ ដែល​ប៉ះ​ពាល់​ផ្ទះ​ហ្នឹង ១០៣​ខ្នង ឃុំ​សន្តិភាព និង​ឃុំ​តាស្ដា។ រលំ​ទាំង​ស្រុង ៣​ខ្នង ហើរ​តែ​ដំបូល​អស់ ២៥​ខ្នង ហើយ ៧៥​ខ្នង​ទៀត​គ្រាន់​តែ​ប៉ះ​ពាល់ ផ្ទះ​ខ្លះ​ក៏​អស់​ស័ង្កសី ២០​-​៣០​សន្លឹក។ អ្នក​ដែល​រង​របួស ៣​នាក់ ប៉ុន្តែ​ម្នាក់​នោះ​រង​របួស​ធ្ងន់​គួរសម​ដែរ វា​មុត​នឹង​ឈើ ឬ​ស័ង្កសី​ដែល​វា​ហើរ ហើយ ២​នាក់​ទៀត​គ្រាន់​តែ​ឈើ​វ៉ៃ​តិច​ៗ​ទេ របួស​តិច​ៗ​ទេ!»

លោក​អភិបាល​ស្រុក ជុំ ស៊ីប បាន​បញ្ជាក់​ថា ចំនួន​ផ្ទះ​រង​ការ​ខូចខាត​នេះ​គឺ​ជា​ចំនួន​តួលេខ​បឋម ដែល​អាជ្ញាធរ​ទើប​ស្រង់​បាន​ក្រោយ​ពី​ការ​ខូចខាត ហើយ​ក្រុម​អាជ្ញាធរ​កំពុង​ចុះ​ទៅ​ស្រង់​ចំនួន​គ្រួសារ និង​ផ្ទះ​អ្នក​ភូមិ​ដែល​រង​ការ​ខូចខាត​បន្ថែម ដើម្បី​ដាក់​ទៅ​កាកបាទ​ក្រហម​ខេត្ត​បាត់ដំបង ដើម្បី​រក​ការ​ជួយ​សង្គ្រោះ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១០ ខ្យល់​ព្យុះ​ដូច​គ្នា​នេះ​បាន​បោក​បក់​បំផ្លាញ​ផ្ទះ​តូច​ធំ​ចំនួន ១០៥​ខ្នង ឲ្យ​ដួល​រាប​ដល់​ដី នៅ​ស្រុក​ចំនួន​ពីរ គឺ​សំឡូត និង​រតនៈ​មណ្ឌល ក្នុង​ខេត្ត​បាត់ដំបង​ផង​ដែរ ធ្វើ​ឲ្យ​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​បាត់​បង់​ទី​ជម្រក។

អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១០ ខ្យល់​ព្យុះ​បាន​បោក​បក់​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ក្នុង​ខេត្ត​បាត់ដំបង អស់​ចំនួន ១៩៧​ខ្នង ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ១៨៨​គ្រួសារ​បាត់​បង់​ទី​ជម្រក ក្នុង​នោះ​មាន​សាលា​រៀន​បី​ខ្នង និង​កុដិ​លោក​ពីរ​ខ្នង​ត្រូវ​ខ្យល់​ព្យុះ​បោក​បក់​ឲ្យ​ខូចខាត​ដំបូល។ នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ចំនួន​ផ្ទះ​ដែល​ទទួល​រង​ការ​ខូច​ខាត​ជា​បន្ត​បន្ទាប់​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល