ខ្យល់​ព្យុះ​បំផ្លាញ​ផ្ទះ​ជិត​១០០​ខ្នង និង​ធ្វើ​ឲ្យ​ស្លាប់​កុមារី​ម្នាក់ នៅ​បន្ទាយ​មានជ័យ

អាជ្ញាធរ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​មេសា​ថា ខ្យល់​ព្យុះ​ទឹក​ភ្លៀង បាន​បោក​បក់​បំផ្លាញ​ផ្ទះ​តូច​ធំ​របស់​អ្នក​ភូមិ​ជិត ១០០​ខ្នង ឲ្យ​ដួល​រលំ​ខូច​ខាត នៅ​តាម​ភូមិ​ជា​ច្រើន ក្នុង​ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មេសា ឆ្នាំ​២០១០ បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់ អាយុ​១០​ឆ្នាំ​ស្លាប់ ដោយសារ​ផ្ទះ​របស់​នាង​បាក់​សង្កត់​លើ។
ដោយ សួន សុផល មុន្នី
2010-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្រី្ត​ឈរ​នៅ​ក្បែរ​ផ្ទះ​ដែល​ព្យុះ​បក់​ដួល​រលំ​​ទៅ​ក្នុង​ទឹក នា​ថ្ងៃ​ទី​៤ កញ្ញា ២០០៨។
ស្រី្ត​ឈរ​នៅ​ក្បែរ​ផ្ទះ​ដែល​ព្យុះ​បក់​ដួល​រលំ​​ទៅ​ក្នុង​ទឹក នា​ថ្ងៃ​ទី​៤ កញ្ញា ២០០៨។
RFA Photo/Mondul Keo

លោក កែវ សែន អភិបាល​ស្រុក​អូរជ្រៅ​បាន​មាន​ប្រសាសន៍​ថា គ្រោះ​មហន្តរាយ​ដោយសារ​ខ្យល់​ព្យុះ​ទឹក​ភ្លៀង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ កំពុង​បាត់​បង់​ទី​ជម្រក ៖ «ម្សិល​មិញ មាន​គ្រោះ​ធម្មជាតិ ខ្យល់​ព្យុះ សរុប​ទាំង​អស់ ៨៨​ខ្នង ភូមិ​បន្លិច ៦៦​ខ្នង ធ្ងន់ ៤​ខ្នង ខ្ទេច​ខ្ទី​ម៉ង​បាក់​ដល់​ដី ភូមិ​អ្នក​តា​ឈរ ១៩​ខ្នង ធ្ងន់ ៣​ខ្នង ភូមិ​សំរោង ២​ខ្នង ភូមិ​វត្ត ១​ខ្នង មធ្យម ហើយ​ក្នុង​ភូមិ​អ្នក​តា​ឈរ​ស្លាប់​កុមារី​ម្នាក់»

លោក សុ ជាតិ អ្នក​ភូមិ​ម្នាក់ ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ជា​ច្រើន​នាក់ នៅ​ឃុំ​សំរោង បាន​រៀប​រាប់​ពី​កុមារី​អាយុ ១០​ឆ្នាំ ឈ្មោះ ពុធ លីន ដែល​បាន​ស្លាប់​នោះ​ថា ៖ «ក្មេង​ដែល​ត្រូវ​ស្លាប់​នោះ ខ្យល់​ព្យុះ​មក វា​រលំ​ផ្ទះ រលំ​ទៅ វា​សង្កត់​លើ សង្កត់​នឹង​រូត នៅ​ក្រោម​ផ្ទះ​កំពុង​ថា​ឡើង​លើ​គ្រែ​ទៅ​យក​ប្អូន ពេល​យក​ប្អូន​ទៅ ត្រូវ​ផ្ទះ​រលំ​មក​តែ​ម្ដង ម្ដាយ​ឪពុក​ទៅ​ស្រែ​អស់​រលីង​ហើយ»

មេឃុំ​សំរោង លោក ទឹល ហេវ បាន​មាន​ប្រសាសន៍​ថា គ្រោះ​ធម្មជាតិ​ដោយសារ​ខ្យល់​ព្យុះ​នេះ បាន​កើត​ឡើង​ជា​លើក​ទី​២​ហើយ នៅ​ក្នុង​ឃុំ​សំរោង ក្នុង​ឆ្នាំ​២០១០ នេះ ៖ «មាន​មុន​ចូល​ឆ្នាំ​ម្ដង ២០​ខ្នង លើក​មុន​មនុស្ស​របួស​បាក់​ដៃ​ម្នាក់ ព្យុះ​ភ្លៀង ភ្លៀង​មក​ព្យុះ​បណ្ដោយ»

ទាក់​ទិន​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​ព្យុះ​ទឹក​ភ្លៀង​ខាង​លើ​នេះ លោក អ៊ុង អឿង អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​បញ្ជូន​មន្ត្រី​កាកបាទ​ក្រហម​ទៅ​ធ្វើ​ការងារ​ជួយ​សង្គ្រោះ​ហើយ ៖ «ខាង​ខ្ញុំ​នឹង​រៀបចំ​ប្រហែល​ជា​ស្អែក នឹង​ចុះ​ហើយ ចុះ​ទៅ​ចែក​អំណោយ​ដល់​បង​ប្អូន»

ទោះ​យ៉ាង​នេះ​ក្ដី ក្រុម​អាជ្ញាធរ​នៅ​មិន​ទាន់​ធ្វើ​ការ​វាយ​តម្លៃ នៃ​គ្រោះ​មហន្តរាយ ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​អ្នក​ភូមិ​ខាង​លើ​នេះ ស្នើ​ទឹក​ប្រាក់​សរុប​ចំនួន​ប៉ុន្មាន​ទេ ដោយសារ​តែ​ផ្ទះ​ទាំង ៨៨​ខ្នង​នោះ គឺ​ផ្ទះ​ខ្លះ​សង់​ពី​ឈើ ខ្លះ​ប្រក់​ក្បឿង ប្រក់​ស័ង្កសី និង​ខ្លះ​ប្រក់​ស្បូវ។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ស៊ុម ចាន់គា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​អប់រំ​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​វិធានការ​ទប់​ស្កាត់​ទៅ​ថ្ងៃ​ក្រោយ ៖ «អា​ហ្នឹង​បើ​សិន​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​វិញ ផ្ទះ​របស់​គាត់ មាន​ការ​កែ​ប្រែ កែ​តម្រូវ​លក្ខណៈ​ណា​មួយ ដើម្បី​ឲ្យ​វា​ម៉ាំ​អាច​ទប់​នឹង​ខ្យល់​បាន»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១០ ផ្ទះ​អ្នក​ភូមិ ចំនួន ១០៥​ខ្នង ក្នុង​ខេត្ត​បាត់ដំបង ក៏​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក ឲ្យ​ដួល​រលំ​ខូច​ខាត​ដែរ។ អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មេសា ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១០ ខ្យល់​ព្យុះ​បាន​បោក​បក់ បំផ្លាញ​ផ្ទះ​អ្នក​ភូមិ ក្នុង​ខេត្ត​បាត់ដំបង អស់​ចំនួន ១៩៧​ខ្នង ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ១៨៨​គ្រួសារ​បាត់​បង់​ទី​ជម្រក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល