ក្រុម​និស្សិត​ជួប​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ស្វែងយល់​ពី​​ខ្មែរ​ក្រហម

និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ប្រមាណ​៨០០​នាក់ បាន​ជួប​ជាមួយ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ដើម្បី​ស្វែង​យល់​ពី​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម នា​ព្រឹក​ថ្ងៃ​២៦ កុម្ភៈ នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា ក្នុង​ឃុំ​សំរោងក្រោម ជាយ​ក្រុង​ភ្នំពេញ។
ដោយ ឡេង ម៉ាលី
2010-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៦-កុម្ភៈ-២០១០: ជំនួប​រវាង​ក្រុម​និស្សិត​និង​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា ក្នុង​ឃុំ​សំរោងក្រោម ជាយ​ក្រុង​ភ្នំពេញ។
២៦-កុម្ភៈ-២០១០: ជំនួប​រវាង​ក្រុម​និស្សិត​និង​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា ក្នុង​ឃុំ​សំរោងក្រោម ជាយ​ក្រុង​ភ្នំពេញ។
RFA/Leng Maly

សាស្រ្តាចារ្យ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​មួយ​រូប​ឈ្មោះ ប៊ុន ភារិន្ទ ដែល​សម្រប​សម្រួល​ជំនួប​នេះ មាន​ប្រសាសន៍​បញ្ជាក់​ពី​គោល​បំណង​នៃ​ជំនួប​នេះ​ថា ជា​ការ​សំណេះ​សំណាល​គ្នា​ដើម្បី​ឲ្យ​និស្សិត​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ពី​ប្រវត្តិ​រឿង​ពិត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ខ្មែរ​ក្រហម​​ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

លោក​សាស្រ្តាចារ្យ ប៊ុន ភារិន្ទ ក៏​បាន​ផ្តល់​តម្លៃ​ដល់​ការ​យល់​ដឹង​របស់​និស្សិត​ក្នុង​បញ្ហា​ខ្មែរ​ក្រហម​ដូច្នេះ ៖ «ទី​១ តម្លៃ​ជា​ប្រវត្តិសាស្ត្រ ទី​២ ចំណេះ​ដឹង​ដែល​ថ្ងៃ​ក្រោយ​ទៅ​មិន​មាន​ជន​ណា​ដែល​អាច​នឹង​ធ្វើ​ការ​បកស្រាយ​ដោយ​ខុស​ពី​ការ​ពិត​បាន។ វា​មាន​ពាក់ព័ន្ធ​ច្រើន​ណាស់ ពាក់ព័ន្ធ​ទៅ​នឹង​ផ្លូវ​ច្បាប់​ផង ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ផង ហើយ​យើង​គប្បី​យល់ យើង​គប្បី​ដឹង​រឿង​ហ្នឹង»

នៅ​ក្នុង​ជំនួប​គ្នា​នេះ និស្សិត​ខ្លះ​បាន​លើក​ឡើង​ពី​ចម្ងល់​របស់​ខ្លួន​ជា​ច្រើន​ទាក់ទង​នឹង​មនោគម​វិជ្ជា និង​ការ​ដឹកនាំ​បំផ្លិច​បំផ្លាញ​ប្រទេស​របស់​មេ​ដឹកនាំ​ខ្មែរ​ក្រហម ជា​ពិសេស​គេ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្មែរ​ក្រហម​សម្លាប់​ជាតិ​ឯង នៅ​ពេល​ដែល​មេ​ដឹកនាំ​ខ្មែរ​ក្រហម​អះអាង​ថា ខ្លួន​ឯង​ជា​អ្នក​ស្នេហា​ជាតិ​នោះ?

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ឆ្លើយ​តប​នឹង​ចម្ងល់​របស់​និស្សិត​ទាំង​នោះ​ថា ៖ «មាន​លោក​សាស្ត្រាចារ្យ ដេវីដ ឆេនល័រ (David Chandler) គាត់​ជា​អ្នក​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង គាត់​បាន​ឆ្លើយ​សំណួរ​ហ្នឹង។ គាត់​ឆ្លើយ​ថា ពួក​ហ្នឹង​ល្ងង់​ខ្លៅ​មែនទែន! គាត់​មិន​ដែល​ឃើញ​មនុស្ស​ល្ងង់​អ៊ីចឹង​សោះ! ដែល​ដឹកនាំ​ជាតិ​ហើយ សម្លាប់​ជាតិ​ឯង។ ចម្លើយ​ដោយ​ខ្លី ខ្មែរ​ក្រហម​យក​គំនិត​ស្នេហា​ជាតិ​នេះ​ជា​ការ​អះអាង ប៉ុន្តែ​ខ្ញុំ​គិត​ថា គំនិត​ស្នេហា​ជាតិ​នេះ វា​ជ្រុល​និយម។ វា​ធ្វើ​ឲ្យ​សម្លាប់​មនុស្ស ហើយ​ឈាន​ទៅ​រក​ការ​ថែ​រក្សា​គំនិត​ស្នេហា​ជាតិ​មួយ​យ៉ាង​នេះ ដែល​មិន​គួរ​ត្រូវ​ធ្វើ​តាម ឬ​ដើរ​តាម​ទេ»

និស្សិត​ឆ្នាំ​ទី​៣ នៃ​ផ្នែក​បច្ចេកទេស​អេឡិចត្រូណិច​មួយ​រូប​ឈ្មោះ ថ្លាង សុចេន បាន​វាយ​តម្លៃ​លើ​ការ​ជួប​ជុំ​របស់​និស្សិត និង​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​លោក ឆាំង យុ គឺ​ជា​ការ​ស្វែង​យល់​បន្ថែម​ពី​របប​ខ្មែរ​ក្រហម​ក៏​ដូច​ជា​ការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​របប​មួយ​នេះ។

លោក ថ្លាង សុចេន បាន​អះអាង​ថា ៖ «ពី​មុន​មក​ខ្ញុំ​មាន​ចំណេះ​ដឹង​តិច​តួច ប៉ុន្តែ​ចូលរួម​នេះ​ទៅ ខ្ញុំ​មាន​ចំណេះ​ដឹង​ថែម​ទៀត។ និយាយ​ពី​ការ​កាត់​ទោស​ខ្មែរ​ក្រហម ហើយ​និង​និយាយ​ពី​ច្បាប់​ដែល​ទាក់ទង​នឹង​ការ​កាត់​ទោស​បន្ថែម​ទៀត»

និស្សិត ថ្លាង សុចេន ក្នុង​វ័យ​ជិត ៣០​ឆ្នាំ មក​ពី​ខេត្ត​បន្ទាយមានជ័យ បាន​និយាយ​ថា បើ​ទោះ​ជា​លោក​ជា​និស្សិត​ជំនាន់​ក្រោយ​ដែល​ធ្លាប់​តែ​ឮ​ឪពុក​ម្តាយ​និយាយ​ប្រាប់​ពី​រឿង​ទុក្ខ​វេទនា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ក៏​ដោយ ក៏​លោក​ជឿ​ថា រឿងរ៉ាវ​ទាំង​នោះ​គឺ​ជា​ការ​ពិត តាម​រយៈ​អាង​ទឹក​ត្រពាំង​ថ្ម​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ភស្តុតាង​បន្សល់​ទុក​នៅ​គុក​ទួលស្លែង​ជាដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល