ខ្វះ​ពេទ្យ អ្នក​ស្រុក​សេសាន កំពុង​ប្រឈម​នឹង​ជំងឺ​រាករូស

ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​រស់​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ក្នុង​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បាន​ស្លាប់​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​ជំងឺ​រាក​ក្អួត​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​ឧសភា មក​ទល់​នឹង​ពេល​នេះ។
ដោយ គង់ យុទ្ធនា
2010-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឆ្លង​ជំងឺ​រាករូស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១០។
អ្នក​ឆ្លង​ជំងឺ​រាករូស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១០។
RFA/Or Phearith

ប្រធាន​សហគមន៍​ធនធាន​ទឹក​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោក បៃ ថងញ៉ុត បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ​ថា ជំងឺ​រាក​ក្អួត កំពុង​វាយ​លុក​ទៅ​លើ​អ្នក​ភូមិ​ស្វាយ​រៀង​ចំនួន ១៩​នាក់​បន្ថែម​ទៀត កាល​ពី​ម្សិល​មិញ​នេះ បន្ទាប់​ពី​បាន​សម្លាប់​អ្នក​ភូមិ​អាយុ ៦០​ឆ្នាំ​ម្នាក់​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​នោះ។

លោក បៃ ថងញ៉ុត បញ្ជាក់​ថា នៅ​ភូមិ​ខ្សាច់​ថ្មី ក្នុង​ឃុំ​តាឡាត​នេះ​ដែរ ជំងឺ​រាក​ក្អួត បាន​សម្លាប់​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ហើយ​បន្ទាប់​មក បាន​សម្លាប់​ក្មេង​ស្រី​អាយុ ៨​ឆ្នាំ​ម្នាក់​ទៀត កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ហើយ​មក​ដល់​ថ្ងៃ​នេះ មាន​មនុស្ស ៨​នាក់ កំពុង​តែ​កើត​ជំងឺ​រាក​ក្អួត​នេះ។

លោក​មាន​ប្រសាសន៍ ៖ «វា​អត់​មាន​ពេទ្យ​មក​ជួយ​សង្គ្រោះ​ណាស់។ ពិបាក​ខ្លះ​ងាប់​ហើយ អត់​មាន​លុយ​មាន​កាក់​អី​យក​ទៅ​ពេទ្យ​ខេត្ត​ណា៎ ជួល​ឡាន​គេ​អស់​ម្ភៃ សាមសិប​ម៉ឺន​ហើយ ប៉ាវ​ឡាន​គេ​មិន​កើត ថ្លៃ​ពេក»

មេ​ឃុំ​តាឡាត លោក សឿង ខង បាន​បញ្ជាក់​ថា ជំងឺ​រាក​ក្អួត​នៅ​ក្នុង​ឃុំ​របស់​លោក បាន​សម្លាប់​អ្នក​ភូមិ ២​នាក់​ផ្សេង​ទៀត កាល​ពី​ចុង​ខែ​ឧសភា ក្នុង​នោះ​បុរស​ម្នាក់​នៅ​ភូមិ​ក្រឡា​ពុះ និង​បុរស​ម្នាក់​ទៀត នៅ​ភូមិ​រំពាត់ ត្រូវ​ស្លាប់​បន្ត​បន្ទាប់ ដោយ​មិន​អាច​បញ្ជូន​ទៅ​រក​ពេទ្យ​ទាន់​ឡើយ ដោយសារ​តែ​បញ្ហា​ពិបាក​ធ្វើ​ដំណើរ ហើយ​តំបន់​នេះ ស្ថិត​នៅ​ដាច់ស្រយាល ប្រប​តាម​ដង​ទន្លេ​សេសាន ចម្ងាយ​ប្រមាណ ១០០​គីឡូ​ម៉ែត្រ ពី​ខេត្ត​ស្ទឹង​ត្រែង។ នៅ ពេល​មាន​អ្នក​ជំងឺ និង​ត្រូវ​ការ​រថយន្ត​សង្គ្រោះ​ពី​ខាង​មន្ទីរ​ពេទ្យ​នោះ គេ​ចាំ​បាច់​ត្រូវ​បង់​ប្រាក់​ចំនួន ៨០​ម៉ឺន​រៀល ទើប​ខាង​ពេទ្យ​មាន​រថយន្ត​សង្គ្រោះ​ចូល​មក​ដឹក​អ្នក​ជំងឺ​។

លោក សឿង ខង បាន​បន្ត​ទៀត​ថា ជំងឺ​រាក​ក្អួត​បាន​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​តាឡាត និង​ញាំញី​អ្នក​ភូមិ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ មក​ទល់​សព្វ​ថ្ងៃ​នេះ ហើយ​លោក​បាន​ពឹង​ផ្អែក​ទៅ​លើ​ពេទ្យ​ឯកជន ដើម្បី​សង្គ្រោះ​អ្នក​ភូមិ​ដោយ​បង់​ប្រាក់ ដោយសារ​នៅ​ឃុំ​តាឡាត គ្មាន​ប៉ុស្តិ៍​សុខភាព និង​គ្មាន​គ្រូពេទ្យ។ រី​ឯ​បញ្ហា​រាករូស ដែល​កើត​មាន​ម្ដង​ហើយ​ម្ដង​ទៀត​ច្រើន​លើក​មក​នោះ លោក​មេ​ឃុំ​រូប​នេះ​បញ្ជាក់​ថា វា​បណ្ដាល​មក​ពី​ការ​ប្រើ​ទឹក​ទន្លេ​សេសាន ដែល​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ខ្សែ​ទឹក​ខាង​លើ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ «បាទ បើ​យើង​តេ​ហៅ​ឡាន​ពេទ្យ​មក គាត់​យក​ពីរ​រយ​បាទ ឲ្យ​ពេទ្យ​ឯកជន ២​នាក់​នៅ​ក្នុង​ឃុំ​នេះ ដើម្បី​ឲ្យ​គាត់​ជួយ​ព្យាបាល​បើ​ថា ព្យាបាល​មិន​បាន​ទេ ឲ្យ​គាត់​រាយការណ៍​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បញ្ជូន​ទៅ​ពេទ្យ​សង្គ្រោះ​នៅ​ខេត្ត​បន្ត​ទៀត»

ប្រធាន​មណ្ឌល​សុខភាព​ស្រុក​សេសាន លោក សែន ទូធ្នូ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឲ្យ​ដឹង​ទាក់​ទង​នឹង​ស្ថានភាព​ជំងឺ​ទាំង​នោះ​ទេ ដោយ​លោក​ស្នើ​ឲ្យ​សួរ​ទៅ​ថ្នាក់​លើ​របស់​លោក​វិញ។

ជំងឺ​រាក​ក្អួត​ដែល​បាន​សម្លាប់​មនុស្ស​នៅ​តំបន់​ផ្សេងៗ​ទៀត ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក គេ​បាន​បន្ទោស​ទៅ​លើ​បញ្ហា​អាកាសធាតុ​ក្ដៅ ការ​ហូប​ទឹក​មិន​ស្អាត និង​បរិភោគ​មិន​ស្អាត ដោយសារ​អ្នក​ភូមិ​ខ្វះ​ការ​យល់​ដឹង ប៉ុន្តែ​បញ្ហា​អ្នក​រស់​នៅ​តាម​ដង​ទន្លេ​សេសាន​វិញ មន្ទីរ​ពិសោធន៍​ឈ្មោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ ធ្លាប់​បាន​ធ្វើ​វិភាគ​ទឹក​ទន្លេ​សេសាន​នឹង​បាន​ប្រកាស​ថា នៅ​ក្នុង​ទឹក​មាន​មេរោគ​ឈ្មោះ​អឺកូលី (Ecoli) ដែល​បង្ក​ការ​រាករូស និង​មាន​ភាព​កករ​ល្អក់ បង្ក​នូវ​ជំងឺ​រមាស់ ឈ្មោះ​ថា ធើប៊ីឌីធី (Turbidity)។

ឃុំ​តាឡាត មាន​មនុស្ស​ស្លាប់ ៥​នាក់​ហើយ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​មក និង​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត កំពុង​ឈឺ។ ជា​មួយ​គ្នា​នោះ​ដែរ បើ​តាម​ស្ថិតិ​ស្តី​ពី​ជំងឺ​សត្វ​វិញ នៅ​ក្នុង​ខែ​ឧសភា​ជា​មួយ​គ្នា​មាន​សត្វ​មាន់​ឈឺ​ងាប់​ប្រមាណ ១៣០០​ក្បាល ជ្រូក​៦​ក្បាល ក្របី​១០​ក្បាល និង​គោ​៥​ក្បាល៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល