ជំងឺ​រាក​ក្អួត​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​នៅ​ខេត្ត​ស្ទឹងត្រែង

មន្ត្រី​សុខាភិបាល​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១០ ថា អ្នក​ភូមិ​ចំនួន ២​នាក់​ទៀត បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​កំពុង​រង​ការ​រាតត្បាត​ដោយសារ​ជំងឺ​រាក​ក្អួត។
ដោយ រដ្ឋា វីសាល
2010-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៩-កុម្ភៈ-២០១០: អ្នក​ភូមិ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​ទឹក​ទន្លេ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។
៩-កុម្ភៈ-២០១០: អ្នក​ភូមិ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​ទឹក​ទន្លេ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។
Photo: RFA

ប្រធាន​មណ្ឌល​សុខភាព​ស្រុក​សៀមប៉ាង លោក ជួល សំនាង បញ្ជាក់​ថា ការ​រាតត្បាត​នេះ កើត​មាន​ជា​ថ្មី នៅ​ឃុំ​ស្រែ​សម្បូរ ចាប់​ពី​ថ្ងៃ​ទី​១១ រហូត​មក​ទល់​ថ្ងៃ​សុក្រ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១០ អ្នក​ភូមិ​ម្នាក់​ស្លាប់​នៅ​ភូមិ និង​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១០។ ហើយ​មាន​អ្នក​ភូមិ​រាក​ក្អួត ១៦​នាក់ ផ្សេង​ទៀត បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ជួយ​សង្គ្រោះ។

លោក ជួល សំនាង មាន​ប្រសាសន៍​បន្ត​ថា ៖ «គាត់​ចូល​មន្ទីរ​ពេទ្យ​ឯក​ជន​សិន បាន​ពេទ្យ​ឯក​ជន​គេ​ឃើញ​ធ្ងន់​ហើយ គេ​បញ្ជូន​មក​ដល់​កន្លែង​មណ្ឌល​សុខភាព​យើង បាន​ប្រហែល ៥​នា​ទី​ល្មម គាត់​ស្លាប់​ទៀត។ ព្រោះ​មេ​ភូមិ​គាត់​អត់​ធ្វើ​របាយការណ៍​ឲ្យ​យើង យើង​អត់​ដឹង​ទេ ហើយ​នៅ​ប្រចាំ​ការ​តែ​កន្លែង»

សេចក្ដី​រាយការណ៍​ពី​បុគ្គលិក​អង្គការ​យុវជន​បំពេញ​បេសកកម្ម ដែល​បំពេញ​ការងារ​អប់រំ​សុខភាព​អ្នក​ភូមិ​នៅ​ស្រុក​សៀមប៉ាង អ្នក​ស្រី ធូ ឈុន​លី ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១០ មាន​អ្នក​ភូមិ​ច្រើន​ជាង ១០​នាក់​ស្លាប់ និង​មាន​ករណី​ឆ្លង​រាល​ដាល​ជំងឺ​រាក​ក្អួត​គួរ​ឲ្យ​ព្រួយ​បារម្ភ នៅ​ភូមិ​ចំនួន​១៥ ក្នុង​ចំណោម​ភូមិ​ទាំង​អស់​២៨ នៅ​ស្រុក​សៀមប៉ាង។

ប្រភព​បន្ត​ថា អ្នក​ភូមិ​ភាគ​ច្រើន​រស់​នៅ​តំបន់​ឆ្ងាយ​ៗ មិន​មាន​ផ្លូវ​គមនាគមន៍​ងាយ​ស្រួល​ធ្វើ​ដំណើរ​មក​មណ្ឌល​សុខភាព​ស្រុក ហើយ​បុគ្គលិក​សុខាភិបាល​មិន​មាន​លទ្ធភាព​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ទាន់​ពេល​វេលា ហេតុ​ដូច្នេះ​ហើយ អ្នក​ភូមិ​ភាគ​ច្រើន​ប្រើ​ថ្នាំ​បូរាណ ដែល​មាន​នៅ​មូលដ្ឋាន ដើម្បី​ទប់​ទល់​ជំងឺ​រាក​ក្អួត ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​រាល​ដាល​កើត​មាន​ច្រើន។

អ្នក​ស្រី ធូ ឈុន​លី មាន​ប្រសាសន៍​បន្ត​ថា ៖ «ផ្ទះ​ខ្លះ​មាន ៥​នាក់​កើល​ត​ទាំង​៥ រាតត្បាត​ពេញ​ទាំង​ភូមិ។ បន្ទាប់​មក​ទៀត ភូមិ​ស្រែ​ឫស្សី។ ឯ​ស្រែ​ឫស្សី រាតត្បាត​ដល់​ភូមិ​កាចាញគោក។ កាចាញគោគ ហើយ​ភូមិ​ឡាកាយ ភូមិ​ផាបាំង សៀមប៉ាង​ចាស់ ហើយ​ភូមិ​ខិក្រោម ខិស្វាយ ពងគ្រៀល ហើយ​និង​ចូល​នៅ​ឃុំ​សន្តភាព ឃុំ​កាវ៉ែត ឃុំ​អ្នក​ភូមិ​ជនជាតិ​ភាគ​តិច»

ដូច​គ្នា​នេះ​ដែរ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សៀមប៉ាង លោក គីន ភីន មាន​ប្រសាសន៍​ពី​ករណី​នេះ​ថា ៖ «ភូមិ​ខ្លះ​នៅ​ឆ្ងាយ ពិបាក​ផ្លូវ​មក​មណ្ឌល​សុខភាព។ ចំពោះ​ប្រជា​ពលរដ្ឋ​ទូទៅ សំណូមពរ​ឲ្យ​ក្រសួង​សុខាភិបាល ផ្ដល់​ថ្នាំ​ជូន​ទៅ​មណ្ឌល​សុខភាព ដើម្បី​ឲ្យ​ចែក​ចាយ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ទាន់​ពេល​វេលា»

នៅ​ខេត្ត​រតនគិរី មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ស្ទឹងត្រែង ក៏​មាន​ផ្ទុះ​ចេញ​នូវ​ជំងឺ​រាក​ក្អួត​ធ្ងន់ធ្ងរ គួរ​ឲ្យ​កត់​សំគាល់ សម្រាប់​ឆ្នាំ​២០១០ នេះ។ មន្ត្រី​សុខាភិបាល​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ពី​ថ្ងៃ​ទី​១០ ខែ​មេសា រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៨ ខែ​ឧសភា មាន​ផ្ទុះ​ចេញ​ករណី​រាក​ក្អួត ៥០១​ករណី និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ១៤​នាក់​។

មន្ត្រី​សុខាភិបាល​មូលដ្ឋាន​ខេត្ត​រតនគិរី ស្ទឹងត្រែង និង​ក្រសួង​សុខាភិបាល មិន​ទាន់​បាន​ចេញ​សេចក្ដី​រាយការណ៍​ពី​ការ​វិភាគ​រក​ប្រភព ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈម​នឹង​ជំងឺ​រាក​ក្អួត​នោះ​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ធ្វើ​ការ​សន្និដ្ឋាន វាយ​តម្លៃ​ថា មក​ពី​អ្នកភូមិ​រស់​នៅ​បរិភោគ​ខ្វះ​អនាម័យ និង​ការ​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត មិន​ដាំ​ចម្អិន។ មន្ត្រី​សុខាភិបាល​ទាំង​នោះ អំពាវនាវ​ឲ្យ​អ្នក​ភូមិ​បរិភោគ​ចំណី​អាហារ​មាន​អនាម័យ និង​ប្រើ​ប្រាស់​ទឹក​ស្អាត ឬ​ដាំ​ចម្អិន។ ក្នុង​ករណី​មាន​ជំងឺ​រាក​ក្អួត ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ ដែល​នៅ​ជិត​បំផុត ហើយ​ត្រូវ​យក​អ្នក​ភូមិ ដែល​ស្លាប់​ដោយ​ជំងឺ​រាក​ក្អួត ទៅ​កប់ ឬ​ដុត​ឲ្យ​បាន​ឆាប់ បាច​កំបោរ ឬ​ជីក​កប់​លាមក និង​កម្អួត​អ្នក​ជំងឺ​។

យ៉ាង​នេះ​ក្ដី ប្រធាន​មណ្ឌល​សុខភាព​ស្រុក​សៀមប៉ាង លោក ជួល សំនាង ឲ្យ​ដឹង​ថា លោក​បាន​ស្នើ​សុំ​សេរ៉ូម​បន្ថែម​ពី​មន្ទីរ​សុខាភិបាល​ខេត្ត និង​ត្រៀម​គ្រូ​ពេទ្យ​នៅ​មូលដ្ឋាន ដើម្បី​ចុះ​សង្គ្រោះ​ផ្ទាល់​ដល់​មូលដ្ឋាន ប្រសិន​មាន​ការ​ផ្ទុះ​ចេញ​ការ​ឆ្លង​រាល​ដាល​ច្រើន​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុន​ហេង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ជំងឺ​រាករូស​បាន​រាតត្បាត​ក្នុង​ខេត្ត​ចំនួន​៥ គឺ​កំពង់ស្ពឺ, កំពង់ឆ្នាំង, កណ្ដាល, រតនគិរី និង​ខេត្ត​កំពង់ចាម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល