ជន​សង្ស័យ​ម្នាក់​ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង

បុរស​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្ទឹងត្រែង បាន​ស្លាប់​ដោយ​មាន​ស្លាកស្នាម​ជាំ​ជា​ច្រើន​កន្លែង បន្ទាប់​ពី​រូប​គាត់​ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ប៉ូលិស​អះអាង​ថា បុរស​នោះ​បាន​ចង​ក​សម្លាប់​ខ្លួន​ឯង។
ដោយ គង់ យុទ្ធនា
2010-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បុរស​ម្នាក់​ឈ្មោះ យ៉ូន មុនី ហៅ គង់ មុនី អាយុ ២៦​ឆ្នាំ ជា​ប្រធាន​ការិយាល័យ​ធម្មការ​ក្រុង​បានលុង ខេត្ត​រតនគិរី បាន​ស្លាប់​កាល​ពី​អំឡុង​ម៉ោង​ប្រមាណ ១០​យប់​ថ្ងៃ​ទី​២៧ មីនា នៅ​ក្នុង​មន្ទីរ​ឃុំ​ខ្លួន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង។ សាច់​ញាតិ​សព​និង​មន្ត្រី​សិទ្ធិ​មនុស្ស​និយាយ​ថា ករណី​ចង​ក​សម្លាប់​ខ្លួន​ឯង​នេះ​មើល​ទៅ​មាន​លក្ខណៈ​មិន​អាច​ទទួល​យក​បាន​ឡើយ។

លោក យន់ ប៊ុណ្ណា ជា​ឪពុកមា​របស់​ឈ្មោះ យ៉ូន មុនី ដែល​ស្លាប់​នោះ បាន​ឲ្យ​ដឹង​ថា យ៉ូន មុនី បាន​រួម​ដំណើរ​ដោយ​មិត្ត​ភកិ្ត ២​នាក់​ទៀត​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ពី​ខេត្ត​រតនគិរី មក​ចូល​រួម​ពិធីការ​គេ​នៅ​ខេត្ត​ស្ទឹងត្រែង។ នៅ​ម៉ោង​ប្រមាណ​ជា ១០​យប់ យ៉ូន មុនី បាន​បើក​រថយន្ត​ចេញ​ពី​កន្លែង​ស៊ី​ការ ហើយ​ក៏​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់​និង​របួស​មនុស្ស ២​នាក់។ បន្ទាប់​មក យ៉ូន មុនី បាន​បើក​រថយន្ត​មក​កន្លែង​ស៊ីការ​វិញ ហើយ​ប៉ូលិស​ក៏​បាន​មក​នាំ​ខ្លួន​ពី​កន្លែង​ស៊ីការ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃុំ​ខ្លួន​​នៅ​ទី​នោះ។ មិត្ត​ភកិ្ត​របស់ យ៉ូន មុនី ក៏​បាន​ចេញ​ពី​កន្លែង​គេ​ឃុំ​ខ្លួន​មក​ទិញ​បារី ទឹក ដើម្បី​ឲ្យ យ៉ូន មុនី។ ប៉ុន្តែ​នៅ​ពេល​ត្រឡប់​ទៅ​ដល់​វិញ​ឃើញ​ថា យ៉ូន មុនី បាន​ចង​ក​នឹង​អាវ​របស់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ។

លោក យន់ ប៊ុណ្ណា មាន​ប្រសាសន៍​ថា ក្មួយ​របស់​លោក​មាន​កម្ពស់ ១,៧០​ម៉ែត្រ ឯ​កន្លែង​ដែល​ប៉ូលិស​ថា គេ​ចង​ក​នោះ​វា​គ្រាន់​តែ​ជា​គែម​អាង​ទឹក​មាន​កម្ពស់​ប្រមាណ​តែ ១​ម៉ែត្រ​ប៉ុណ្ណោះ មិន​គួរ​នឹង​អាច​ចង​ក​ស្លាប់​បាន​ទេ។ ម្យ៉ាង​ទៀត​នៅ​លើ​សាកសព​ក៏​មាន​ស្នាម​ជាំ​ផង។

លោក យន់ ប៊ុណ្ណា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ឃើញ​មាន​ស្នាម​ជាំ​មាន​អី យើង​ក៏​មិន​ដឹង​ថា រឿង​ហេតុ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច។ វា​ថ្ពក់​នឹង​ជ្រុង​អាង​ទឹក​កម្ពស់​ប្រហែល​ជា​មួយ​ម៉ែត្រ។ បើ​ថ្ពក់​អា​ហ្នឹង ឧបមា​ថា ទម្លាក់​ខ្លួន​ទៅ​វា​អាច​របូត​ចេញ​មក​ហើយ តែ​នេះ​នៅ​ថ្ពក់​ជាប់​ល្អ​ម្ល៉េះ?»

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ដែល​ត្រូវ​បាន​អញ្ជើញ​ដោយ​សាច់​ញាតិ​សព​ឲ្យ​ទៅ​អង្កេត មាន​ប្រសាសន៍​ថា បុរស​នោះ​ស្លាកស្នាម​ជាំ​ជា​ច្រើន​កន្លែង​នៅ​លើ​ស្មា​ទាំង​សង​ខាង ជាំ​គុម្ព​ត្រចៀក​ទាំង​សង​ខាង ខ្នង ភ្លៅ​និង​ក។

លោក ហូ សំអុល មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ទៅ​មើល​ទៅ​វា​មិន​ទំនង​ថា​ចង​ងាប់ ហើយ​មួយ​ទៀត​យើង​ពិនិត្យ​លើ​សាកសព​ឃើញ​ស្នាម​ជាំ»

ស្នងការ​ប៉ូលិស​ខេត្ត លោក ឡុង វិចិត្រ មិន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​រឿង​នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា ជាប់​បេសកកម្ម។ ឯ​ស្នងការ​រង​ទទួល​បន្ទុក​យុត្តិធម៌ លោក យ៉ន ឌីន ក៏​មិន​បាន​លើក​ទូរស័ព្ទ​ដែរ ហើយ​លោក ឌៀប ចន្ធី ជា​ស្នងការ​រង​ផ្នែក​ព្រហ្មទណ្ឌ ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​រឿង​នេះ​ឡើយ ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​នៅ​ក្នុង​សាលា។

ដោយ​ឡែក​នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា បុរស​នោះ​បាន​ចង​ក​សម្លាប់​ខ្លួន​ក្រោយ​ពេល​ឃុំ​ឃាំង​បាន​ប្រមាណ ៣០​នាទី ខណៈ​ដែល​ប៉ូលិស​និង​មិត្ត​ភក្តិ​របស់​គាត់​បាន​ដើរ​ចេញ​ពី​បន្ទប់​ឃុំ​ឃាំង ៖ «ពេល​កើត​ហេតុ​ភ្លាមៗ​ហ្នឹង មាន​ព្រះរាជ​អាជ្ញា មាន​ពេទ្យ មាន​ខាង​ការិយាល័យ​បច្ចេកទេស​គេ​ត្រួត​ពិនិត្យ វា​អត់​ឃើញ​មាន​អី​ទេ មាន​តែ​ការ​ប៉ះ​ទង្គិច​នឹង​បំពង់​ក​របស់​គាត់​ហ្នឹង ដែល​ជា​ស្នាម​ចង​ក​របស់​គាត់​ហ្នឹង»

ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​ស្ទឹងត្រែង លោក ច្រឹង ខ្មៅ មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ​និង​ប៉ូលិស​ខេត្ត ធ្វើ​ការ​ស៊ើប​អង្កេត​និង​ធ្វើ​កោសល្យវិច័យ​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​នៅ​ឡើយ​ទេ ៖ «កំពុង​ចាត់ការ មិន​ទាន់​បាន​លទ្ធផល​ទេ»

មន្រ្តី​សិទ្ធិ​មនុស្ស​បាន​ទទូច​សូម​ឲ្យ​ធ្វើការ​អង្កេត​ឲ្យ​បាន​ម៉ត់ចត់ និង​សូម​ឲ្យ​ប៉ូលិស​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​ដែល​ជន​សង្ស័យ​បាន​ស្លាប់​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​ប៉ូលិស​បែប​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល