សកម្មជន​បក្ស​សមរង្ស៊ី​ចោទ​ប៉ូលិស​​​ថា​តាម​ឃ្លាំ​មើល​សកម្មភាព​ខ្លួន

មន្ត្រី​បក្ស សម រង្ស៊ី បាន​ចោទ​ថា ពួកគេ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​តាម​ឃ្លាំ​មើល​គ្រប់​សកម្មភាព​របស់​ខ្លួន ក្នុង​ពេល​ដែល​​មន្ត្រី​គណបក្ស​នេះ បាន​ធ្វើ​បុណ្យ​ប្រគេន​ទាន​វស្សា​ដល់​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​អង្គរំដេញ ក្នុង​ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​២៧ កក្កដា​នេះ។
ដោយ សុខ សេរី
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សកម្មជន និង​មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​ស្វាយរៀង ខាង​គណបក្ស​ប្រឆាំង សម រង្ស៊ី នៅ​ថៃ្ង​ទី​២៩ ខែ​កក្កដា​នេះ បាន​តវ៉ា​ថា មាន​ក្រុម​សមត្ថកិច្ច​នគរបាល​ក្នុង​ឯក​សណ្ឋាន​ស៊ីវិល​ចំនួន​ប្រមាណ​ជាង ១០​នាក់ បាន​តាម​ដាន​ថត​រូប​អំពី​សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង សម រង្ស៊ី ប្រមាណ​ជាង ៣០​នាក់ ដែល​បាន​ទៅ​ធ្វើ​បុណ្យ​ដង្ហែ​ទាន​វស្សា​ប្រគេន​ឲ្យ​ព្រះសង្ឃ​គង់​នៅ​ក្នុង​វត្ត​អង្គរំដេញ នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថ្មីៗ​នេះ តាម​ការ​ណែ​នាំ​របស់​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​កម្ពុជា។

មន្រ្តី​គណបក្ស​ប្រឆាំង​នេះ​បាន​ឲ្យ​ដឹង​ថា របាយការណ៍​នានា ស្តី​អំពី​សកម្មភាព​ធ្វើ​បុណ្យ​នោះ មាន​រូប​ថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង កាល​ពី​ពេល​ថ្មីៗ​នេះ។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង សម រង្ស៊ី នៅ​ក្នុង​ខេត្ត​ស្វាយរៀង លោក មាស ខេង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ​ថា ៖ «សកម្មភាព​របស់​ប៉ូលិស​នេះ ទី​១ គឺ​ជា​ការ​បំភិតបំភ័យ គំរាម​កំហែង​អ្នក​ដែល​នៅ​ក្នុង​កម្មវិធី​បុណ្យ ទី​២ វា​ជា​ការ​ព្យាបាទ​មួយ​មក​លើ​សកម្មជន​គណបក្ស សម រង្ស៊ី ដែល​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​ទី​នោះ។ យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​មែន​ទែន ដោយសារ​កន្លង​មក​មាន​ការ​ចោទ​ប្រកាន់​ខុស​ប្រក្រតី​ជា​ច្រើន​រឿង​ដែល​បាន​កើត​ឡើង»

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ភ្នាក់ងារ​នគរបាល​ស្លៀក​ពាក់​ស៊ីវិល​ចំនួន ៥​នាក់ តាម​ថត​រូប​នៅ​តាម​ផ្លូវ ហើយ​មាន​ភ្នាក់ងារ​នគរបាល​ស្លៀក​ពាក់​ស៊ីវិល​មួយ​ក្រុម​ទៀត​ចំនួន​ប្រមាណ ៥​នាក់​ទៀត​រង់ចាំ​ថត​រូប នឹង​ធ្វើ​កំណត់​ហេតុ​នានា​នៅ​ក្នុង​វត្ត​អង្គរំដេញ នៅ​ពេល​ដែល​ពិធី​ដង្ហែ​បុណ្យ​បាន​ទៅ​ដល់​វត្ត ដោយ​ក្រុម​ប៉ូលិស​នោះ​មាន​វិទ្យុ​ទាក់ទង​នឹង​ម៉ាស៊ីន​ថត​រូប។

ជំទប់​ទី​២ ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លោក ពៅ ភាព អាយុ ៤០​ឆ្នាំ ដែល​បាន​ដឹង​រឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ឃ្លាំ​មើល និង​តាមដាន​សកម្មភាព​នានា​របស់​គណបក្ស​ប្រឆាំង​ដូច្នោះ ៖ «អ្វី​ដែល​ធ្វើ​ទៅ​ហ្នឹង គឺ​ធ្វើ​ដើម្បី​យក​របាយការណ៍​រាយ​ការណ៍​ទៅ​ថ្នាក់​ដឹក​នាំ​របស់​គេ​ខាង​លើៗ»

សុខ សេរី ៖ ដូចជា​គណបក្ស​ប្រជាជន​អី តើ​គេ​តាម​អ៊ីចឹង​ដែរ ឬ​អត់​ទេ​បាទ? ពៅ ភាព ៖ គេ​ទៅ​ក្នុង​នាម​ការពារ​សន្តិ​សុខ​វិញ គេ​អត់​ដែល​យក​អីៗ​ទៅ​ថត​ផង។

មន្ត្រី​នគរបាល​ការពារ​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​បាន​ថត​រូប និង​ធ្វើ​កំណត់​ហេតុ​នោះ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ដោយ​សុំ​មិន​ប្រាប់​ឈ្មោះ​ថា លោក​បាន​បំពេញ​កិច្ច​ការងារ​នេះ​ផ្នែក​សន្តិសុខ គឺ​មិន​មែន​ជា​រឿង​នយោបាយ​ឡើយ។

មន្ត្រី​នគរបាល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «អត់​មាន​អី​ទេ។ នៅ​តំបន់​ព្រំដែន​គ្មាន​នរណា​ទៅ​គំរាម​កំហែង​នរណា​ទេ។ រឿង​នេះ គឺ​ខាង​សន្តិសុខ​ព្រំដែន​ទេ អត់​មាន​រឿង​នយោបាយ​ទៅ​ពាក់​ព័ន្ធ​ការងារ​ប្រទេស​ជាតិ​ទេ»

កាល​ពី​ថៃ្ង​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៨ កន្លង​ទៅ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ដឹក​នាំ​ការ​ធ្វើ​បុណ្យ​ដង្ហែ​ផ្កា​ប្រាក់​ទៅ​វត្ត​អង្គរំដេញ នៅ​ក្នុង​ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង ជាប់​នឹង​ព្រំដែន​កម្ពុជា-​វៀតណាម ហើយ​ពិធី​បុណ្យ​នោះ​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស​ជា​ច្រើន​កន្លង​មក។

នៅ​ទី​នោះ​ហើយ​ដែល​លោក សម រង្ស៊ី បាន​ទៅ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ រវាង​កម្ពុជា-​វៀតណាម ដោយសារ​តែ​កសិករ​បាន​អះអាង​ថា តម្រុយ​បង្គោល​ព្រំដែន​នោះ ត្រូវ​បាន​គេ​បោះ​លើ​ដី​ស្រែ​របស់​កសិករ​ខែ្មរ។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​គុក ២​ឆ្នាំ កាល​ពី​ថៃ្ង​ទី​២៧ ខែ​មករា កន្លង​ទៅ​នេះ ក្រោម​បទ​ចោទ​ថា លោក​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល