ក្រុមហ៊ុន​ស្វីស​ជួយ​អភិរក្ស​ព្រះវិហារ​នៃ​វត្ត​ប្រាសាទ​បាគង

ថ្មីៗនេះ មាន​ក្រុមហ៊ុន​ឯកជន​មួយ​របស់​ប្រទេស​ស្វីស កំពុង​តែ​ចាប់​អារម្ភ​ក្នុង​ការ​ជួស​ជុល និង​អភិរក្ស​ព្រះវិហារ​ដ៏​ចំណាស់​មួយ​កន្លែង នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាគង ខេត្ត​សៀមរាប។
ដោយ សុខ សេរី
2010-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​បាគង ព្រះនាម អ៊ូ ស៊ូត (ឆ្វេង) ថត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ២០១០។
ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​បាគង ព្រះនាម អ៊ូ ស៊ូត (ឆ្វេង) ថត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ២០១០។
RFA/Sok Serey

ក្រុមហ៊ុន​ឯកជន​មួយ របស់​ប្រទេស​ស្វីស ឈ្មោះ Holcim Group Supports នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​ឧសភា​នេះ បាន​ផ្ដល់​ប្រាក់​ជំនួយ ចំនួន​ជាង​២​សែន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​អាជ្ញាធរ​អប្សរា​កម្ពុជា ដើម្បី​ចាប់​ផ្ដើម​គម្រោង​ការ​ជួស​ជុល និង​អភិរក្ស​ព្រះវិហារ​ដ៏​ចំណាស់​មួយ នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​បាគង ក្នុង​ខេត្ត​សៀមរាប ដែល​មាន​អាយុ​ច្រើន​រយ​ឆ្នាំ តាំង​ពី​សម័យ​បូរាណ​មក។

តំណាង​របស់​អាជ្ញាធរ​អប្សរា និង​តំណាង​របស់​ក្រុមហ៊ុន Holcim Group Supports បាន​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​យោគ​យល់​គ្នា នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លើ​គម្រោង​ការ​ជួស​ជុល​លើក​ទី​បី ដែល​ផ្ដោត​លើ​ការ​កែ​លម្អ​រូប​គំនូរ​បូរាណ និង​ការ​ជួស​ជុល​ដំបូល​ព្រះវិហារ​នេះ ដែល​បាន​រង​ការ​ខូច​ខាត​ដោយសារ​ទឹក​ភ្លៀង និង​មូលហេតុ​ផ្សេងៗ​ទៀត។

ប្រភព​បាន​ឲ្យ​ដឹង ការ​ជួស​ជុល និង​អភិរក្ស​ព្រះវិហារ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាគង​នោះ បាន​ចាប់​ផ្ដើម​ជា​លើក​ដំបូង តាំង​ពី​ឆ្នាំ​២០០៧ មក ហើយ​គម្រោង​ការ​ជួស​ជុល​ជា​លើក​ទី​៣​នេះ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១១ ខាង​មុខ ដែល​ត្រូវ​ចំណាយ​ថវិកា​សរុប​កន្លះ​លាន​ដុល្លារ​អាមេរិក គិត​តាំង​ពី​លើក​ដំបូង​មក។

ប្រធាន​ក្រុមហ៊ុន Holcim Group Supports របស់​ប្រទេស​ស្វីស លោក អៃដាន លីណាំ (Aidan Lynam) បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​អង្គារ​នេះ​ថា ៖ «ការ​ជួស​ជុល​ព្រះវិហារ​ដ៏​ចំណាស់ នៅ​ក្នុង​សម័យ​អង្គរ​នេះ គឺ​ជា​ការ​ផ្ញើ​សារ​មួយ​ទៅ​ប្រជា​ពលរដ្ឋ​កម្ពុជា​ថា ព្រះវិហារ​នេះ មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ សម្រាប់​បេតិកភណ្ឌ​ជាតិ​កម្ពុជា និង​វប្បធម៌។ យើង​ការពារ​មិន​ឲ្យ​មាន​ការ​ខូចខាត និង​ដួល​រលំ​ព្រះវិហារ​នេះ ដោយ​កត្តា​ធម្មជាតិ និង​មាន​មនុស្ស​មួយ​ចំនួន ដែល​គិត​ខ្លី ចង់​រំលាយ​ព្រះវិហារ​នេះ​ចោល ដោយសារ​តែ​វា​មាន​ចំណាស់​ខ្លាំង​ពេក និង​ពុក​ផុយ​ជា​ដើម។ ប៉ុន្តែ​យើង​ចង់​ជួស​ជុល និង​អភិរក្ស​ក្នុង​ហេតុ​ផល​រក្សា និង​អភិរក្ស​បេតិកភណ្ឌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា»

លោក សុខ អាន ជា​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «មក​ទល់​បច្ចុប្បន្ន ក្រោម​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល និង​ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​ជា​មួយ​សហគមន៍​អន្តរជាតិ​ជា​មិត្ត យើង​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង ក្នុង​សកម្មភាព​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌។ ដោយ​ឡែក​ការ​ចូល​រួម​ចំណែក​របស់​ក្រុមហ៊ុន Holcim ជា​បន្ត​បន្ទាប់​កន្លង​មក​នេះ គឺ​កំពុង​តែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត នូវ​ជោគជ័យ នូវ​កិច្ច​សហ​ប្រតិបត្តិការ​បើក​ទូលាយ​របស់​រដ្ឋាភិបាល»

លោក​បាន​បន្ត​ថា កម្ពុជា​ចង់​ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ ជួយ​ផ្ដល់​អាហារូបករណ៍ ដើម្បី​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​កម្ពុជា ក្នុង​ការ​ថែរក្សា និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ប្រាសាទ​បូរាណ និង​បណ្ដុះ​បណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍។

ចៅអធិការ​វត្ត ឬ​ព្រះវិហារ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាគង ព្រះនាម អ៊ូ ស៊ូត ព្រះ​ជន្ម ៧៧​ព្រះវស្សា គង់​នៅ​ព្រះវិហារ​នោះ​តាំង​ពី​ឆ្នាំ​១៩៨៧ មក បាន​មាន​ព្រះ​ថេរ​ដីកា​ថា ព្រះវិហារ​ដ៏​ចំណាស់​នេះ មាន​លក្ខណៈ​ពិសេស គឺ​រូប​គំនូរ​ស្ដី​ពី​រឿង​ព្រះ​វេស្សន្ដរ ដោយ​ទឹក​ថ្នាំ​ពី​រុក្ខជាតិ​កម្រ​មាន​ដូច។

ព្រះអង្គ​មាន​ព្រះ​ថេរ​ដីកា​បន្ត​ថា ៖ «អប្សរា​នេះ​បាន​កសាង​ជា​មរតក ជា​បេតិកភណ្ឌ​សម្រាប់​ជា​ទី​សក្ការ​គោរព​បូជា​របស់​ពុទ្ធបរិស័ទ។ វា​យូរ រឿងរ៉ាវ​បូរាណ​ហើយ ប៉ុន្តែ​វា​យូរ។ ចូល​រយ​ឆ្នាំ​ហើយ។ រឿង​ព្រះ​វេស្សន្ដរ និង​រឿង​ព្រះពុទ្ធ ជា​គំនូរ​បូរាណ»

ប្រាសាទ​បាគង នៅ​ក្នុង​ខេត្ត​សៀមរាប គេ​បាន​ស្គាល់​ថា​ជា​រាជធានី​ទី​២ នៅ​ក្នុង​សម័យ​បូរាណ ហើយ​ព្រះវិហារ​ដ៏​ចំណាស់​នោះ មាន​អាយុ​កាល​ច្រើន​រយ​ឆ្នាំ​មក​ហើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល