អត្រា​អ្នក​កើត​ជំងឺ​របេង​នៅ​កម្ពុជា​ថយ​ចុះ

ជំងឺ​របេង​គឺ​ជា​ជំងឺ​ឆ្លង ដែល​ពិភព​លោក​នៅ​តែ​ព្រួយ​បារម្ភ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នៅ​ឡើយ។
ដោយ ឡេង ម៉ាលី
2010-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្រ្តី​ក្រសួង​សុខាភិបាល​ផ្នែក​កម្ចាត់​រោគ​របេង បាន​ឱ្យ​ដឹង​ថា អត្រា​កើត​ជំងឺ​របេង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សំគាល់ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ព័ត៌មាន​នេះ ត្រូវ​បាន​ថ្លែង​ឡើង​ដោយ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន​កម្ពុជា គឺ​លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង ក្នុង​អំលុង​ពេល​ប្រកាស​បើក​សិក្ខា​សាលា​ស្ដីពី​ការ​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​អត្រា​ប្រេវ៉ាឡង់​ជំងឺ​របេង​លើក​ទី​២​របស់​ខ្លួន នៅ​ថ្ងៃ​សុក្រ ទី​៣០ កក្កដា ឆ្នាំ​២០១០។ លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង បាន​ឱ្យ​ដឹង​ថា ចំនួន​ករណី​ជំងឺ​របេង​បាន​ថយ​ចុះ​ប្រមាណ​ជិត​៣០០​ករណី ក្នុង​ចំណោម​ពល​រដ្ឋ​មួយ​សែន​នាក់ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៩០ មក​ដល់​ឆ្នាំ​២០០៧ ៖ «អត្រា​ប្រេវ៉ាឡង់​នៃ​ជំងឺ​របេង​គ្រប់​សណ្ឋាន បាន​ធ្លាក់​ចុះ​ពី​កម្រិត ៩២៨ ក្នុង​ចំណោម​ប្រជា​ជន​១​សែន​នាក់ នៅ​ឆ្នាំ​១៩៩០ បាន​ធ្លាក់​មក​នៅ​ចំនួន​៦៦៥ ករណី​ក្នុង​ចំណោម​ប្រជា​ជន​១​សែន​នាក់ នៅ​ឆ្នាំ​២០០៧»

លោក​បន្ត​ទៀត​ថា នៅ​ក្នុង​ផែនការ​ប្រយុទ្ធ​នឹង​ជំងឺ​របេង ៥​ឆ្នាំ​បន្ត មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន​ប្រទេស​កម្ពុជា សង្ឃឹម​ថា​នឹង​អាច​ឃើញ​​ចំនួន​ករណី​ជំងឺ​របេង​ថយ​ចុះ​២០០​ករណី​បន្ថែម​ទៀត គឺ​មក​នៅ​ត្រឹម ៤៦៤​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​១​សែន​នាក់ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​លើ​អត្រា​កើត​ជំងឺ​របេង ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៥។

នាយក​កម្មវិធី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ប្រយុទ្ធ​នឹង​ជំងឺ​របេង ហៅ​កាត់​ថា TB​CAP លោក​ស្រី​វេជ្ជបណ្ឌិត Jamhoih Tonsin ថ្លែង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​បន្ទុក​ជំងឺ​របេង​ខ្ពស់​មួយ ក្នុង​ចំណោម​ប្រទេស​ចំនួន​២២ ដែល​មាន​បន្ទុក​ជំងឺ​របេង​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក។ លោក​ស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ដើម្បី​វាយ​តម្លៃ​អំពី​ការ​ព្យាបាល​ជំងឺ​របេង​កន្លង​មក និង​ដើម្បី​ឱ្យ​សម្រេច​ទិស​ដៅ​កាត់​បន្ថយ​ចំនួន​ករណី​ឆ្លង​របេង​នៅ​ឆ្នាំ​២០១៥ ឱ្យ​នៅ​ត្រឹម​ពាក់​កណ្ដាល​នៃ​ចំនួន​ករណី​កាល​ពី​ឆ្នាំ​១៩៩០ ប្រទេស​កម្ពុជា គឺ​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​ព័ត៌មាន ពី​ការ​ស្រាវ​ជ្រាវ​អត្រា​កើត​ជំងឺ​របេង​លើក​ទី​២​របស់​ខ្លួន។

ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ដោយ​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន​ប្រទេស​កម្ពុជា គ្រោង​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​អត្រា​កើត​ជំងឺ​របេង​លើក​ទី​២ របស់​ខ្លួន ចំនួន​៧​ខែ ដោយ​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​២០១០ និង​ដើម​ឆ្នាំ​២០១១ ខាង​មុខ​នេះ។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង មាន​ប្រសាសន៍​ថា នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន សេវា​ប្រយុទ្ធ​នឹង​ជំងឺ​របេង​មាន​នៅ​គ្រប់​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​បង្អែក​ប្រមាណ​មួយ​ពាន់​កន្លែង ហើយ​ការ​ព្យាបាល​វិញ ត្រូវ​ក្រសួង​សុខាភិបាល​ផ្ដល់​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល