សមាគម​គ្រូ​បង្រៀន​ច្រាន​ចោល​លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ច្រាន​ចោល​នូវ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប​ឆ្នាំ​នេះ ដោយ​លោក​អះអាង​ថា មិន​មាន​គុណភាព និង​យុត្តិធម៌​អាច​ទទួល​យក​បាន​ឡើយ។
ដោយ ដែន អយុធ្យា
2010.07.29
ប្រឡង បាក់ឌុប ៣០៥ បុរស​ម្នាក់​ហុច​ប្រ៊ុយយ៉ុង​ឲ្យ​បេក្ខជន​ប្រឡង នៅ​អនុ​វិទ្យាល័យ​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១០។
RFA/Tin Zakariya

ការ​អះអាង​ដូច្នេះ បន្ទាប់​ពី​សមាគម​បាន​ទទួល​ព័ត៌មាន​ពី​គ្រូ​បង្រៀន​មក​ពី​តាម​ខេត្ត​ក្រុង​មួយ​ចំនួន​មក​ថា មាន​មុខ​វិជ្ជា​​វិញ្ញាសា​ប្រឡង​មួយ​ចំនួន​បាន​បែក​ធ្លាយ​មក​ក្រៅ​មុន​ការ​ប្រឡង និង​ពេល​កំពុង​ប្រឡង។

លោក រ៉ុង ឈុន បញ្ជាក់​ថា លទ្ធផល​ប្រឡង​ដែល​អាច​ទទួល​យក​បាន ដ៏​រាប​ណា​វិញ្ញាសា​ប្រឡង​មិន​បាន​បែក​ធ្លាយ​មក​ខាង​ក្រៅ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វិញ្ញាសា​ប្រឡង​ឆ្នាំ​នេះ​បាន​បែក​ធ្លាយ​ដល់​បេក្ខជន​ប្រឡង​យ៉ាង​អនាធិបតេយ្យ និង​មាន​ប្រធាន​មណ្ឌល​ប្រឡង​មួយ​ចំនួន បាន​អនុញ្ញាត​ឲ្យ​សិស្ស​បើក​ចម្លង​ចម្លើយ​ដោយ​សេរី​ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុក​រលួយ​ពី​សិស្ស។

លោក រ៉ុង ឈុន មាន​ប្រសាសន៍ ៖ «មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​មុខ​វិជ្ជា​ខ្មែរ រូប​វិទ្យា ហើយ​មុខវិជ្ជា​គណិត ដែល​មាន​គ្រូ​នៅ​តាម​មណ្ឌល​មួយ​ចំនួន​បាន​ទូរស័ព្ទ​មក​សមាគម​សម្ដែង​កង្វល់​ថា ចម្លើយ​គឺ​ត្រូវ ១០០%។ ចំពោះ​លទ្ធផល​នៃ​ពេល​ប្រឡង​ដែល​យើង​អាច​ទុក​ជា​បាន​ការ លុះ​ត្រា​តែ​ការ​ប្រឡង​នោះ​មាន​ភាព​រលូន ដោយ​គ្មាន​ការ​បែក​វិញ្ញាសា ដូច្នេះ​លទ្ធផល​នៃ​ការ​ប្រឡង​ត្រូវ​ចាត់​ទុក​ជា​មោឃៈ»

ពលរដ្ឋ​ឈ្មោះ ជួន រដ្ឋា រស់​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​តាម​ទូរស័ព្ទ​ថា សម័យ​ប្រឡង​ឆ្នាំ​នេះ​ពិត​ជា​មាន​ការ​បែក​ធ្លាយ​វិញ្ញាសា និង​មេ​ប្រយោគ អនុរក្ស និង​ប្រធាន​មណ្ឌល បាន​ទទួល​លុយ​ពី​សិស្ស​ជា​ថ្នូរ​ឲ្យ​​​​សិស្ស​បាន​បើក​មើល​ចម្លើយ​យ៉ាង​ពិត​ប្រាកដ។ ពលរដ្ឋ​រូប​នេះ បាន​ដាក់​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ទៅ​ដល់​​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​ដើម​ចម​បង្កើត​ឲ្យ​កើត​មាន​ភាព​អនាធិបតេយ្យ​ទាំង​នេះ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង ស្នើ​មិន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មណ្ឌល​ប្រឡង​មួយ​នៅ​វិទ្យាល័យ​ស្វាយជ្រំ ប្រធាន​មណ្ឌល​បាន​បង្កើត​ឲ្យ​មាន​គ្រូ​ឯកទេស​ធ្វើ​ចម្លើយ​វិញ្ញាសា ដើម្បី​ផ្ដល់​ជូន​ដល់​សិស្ស​នៅ​តាម​បន្ទប់​ប្រឡង​នីមួយៗ ជា​ថ្នូរ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​សិស្ស។

គ្រូ​បង្រៀន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ៖ «គណៈ​ប្រធាន​មណ្ឌល​នៅ​វិទ្យាល័យ​ស្វាយជ្រំ​ហ្នឹង គាត់​យក​គ្រូ​ឯកទេស​មួយ​ចំនួន​ទៅ​ធ្វើ​ប្រ៊ុយយ៉ុង​នៅ​ក្នុង​ប៊ុយរ៉ូ ហើយ​ដើរ​ចែក​ចាយ​តាម​បន្ទប់ នេះ​គឺ​ជា​ភាព​មិន​ប្រក្រតី»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ លោក គិន សៀមហោ ប្រធាន​មណ្ឌល​ប្រឡង​វិទ្យាល័យ​ស្វាយជ្រំ បាន​បដិសេធ​ថា រូប​លោក​មិន​បាន​បង្កើត​ឲ្យ​មាន​គ្រូ​ឯកទេស​ធ្វើ​កំណែ​វិញ្ញាសា​ផ្ដល់​ជូន​សិស្ស ដើម្បី​ទទួល​លុយ​ពី​សិស្ស​នោះ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា នៅ​មណ្ឌល​នេះ មាន​សកម្មភាព​អ្នក​រត់​បោះ​​ចម្លើយ​​​វិញ្ញាសា​ប្រឡង​ខ្លះ​ពិត​មែន។

លោក គិន សៀមហោ បដិសេធ​ដូច្នេះ ៖ «ដូច​ជា​មិន​មែន​ទេ ពីព្រោះ​ការ​តាម​ដាន​របស់​ខ្ញុំ​មាន​ខ្ពស់​ដែរ ប៉ុន្តែ​មាន​ការ​បោះ​អី​បន្តិចបន្តួច។ ខ្ញុំ​គិត​ថា មិន​មែន ព្រោះ​គណៈកម្មការ​យើង​មាន​គ្រប់​កន្លែង នៅ​ក្នុង​បន្ទប់​មាន​អនុរក្ស»

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ជុំវិញ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ឆ្នាំ​នេះ​បាន​​ទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កក្កដា​នេះ។

សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ មាន​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លះ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១០​នេះ។

សម័យ​ប្រឡង​ឆ្នាំ​២០១០​នេះ មាន​បេក្ខជន​សរុប ១០៨.៤៣៣​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៩១​មណ្ឌល​ចែក​ជា ៤.៣៨៩​បន្ទប់ នៅ​ទូទាំង​រាជធានី ខេត្ត​ទាំង ២៤ ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​លទ្ធផល​ប្រឡង និង​ប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១០ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល រី​ឯ​លទ្ធផល​នៅ​តាម​ខេត្ត​ផ្សេងៗ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១០៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។