សមាគម​គ្រូ​បង្រៀន​ស្នើសុំ​ឲ្យ​ក្រសួង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ពេល​ចូល​ឆ្នាំ​ដល់​គ្រូ​ៗ

សំណើ​សុំ​ប្រាក់​ឧបត្ថម្ភ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជូន​ទៅ​ក្រុម​គ្រូ​បង្រៀន​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ធ្វើ​ឡើង​តាមរយៈ​លិខិត​ចំហ​មួយ​ច្បាប់​ផ្ញើ​ជូន​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ។
ដោយ ដែន អយុធ្យា
2010-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន
RFA/Ayuthyea

លិខិត​សមាគម​គ្រូ​ដែល​វិទ្យុ​អាស៊ី​សេរី​ទើប​ទទួល​បាន នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា មាន​ខ្លឹមសារ​ថា ខណៈ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បាន​ខិត​ចូល​មក​ដល់ សមាគម​សូម​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ត្រូវ​ផ្ដល់​ប្រាក់​បុណ្យ​ជាតិ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ចំនួន ១៥​ម៉ឺន​រៀល​សម្រាប់​គ្រូ​បង្រៀន​ម្នាក់ ដើម្បី​លើក​ទឹកចិត្ត​ពួក​គាត់។

លិខិត​បន្ត​ថា ក្រសួង​អប់រំ​បាន​ខកខាន​មិន​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រូ​បង្រៀន​អស់​រយៈពេល​ជាង ៥​ឆ្នាំ​មក​ហើយ។ ដូច្នេះ​សមាគម​គ្រូ​សូម​ស្នើ​ឲ្យ​ក្រសួង​ត្រូវតែ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​លើក​ទឹកចិត្ត ជូន​គ្រូ​បង្រៀន​ឡើង​វិញ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​គ្រូ​បង្រៀន​មាន​ថវិកា​ទៅ​ស្រុក​កំណើត និង​ចូលរួម​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

បន្ថែម​ពី​លើ​ខ្លឹមសារ​លិខិត លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្នើ​ទៅ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ដូច្នេះ ៖ «ស្នើ​ទៅ​ក្រសួង​អប់រំ ត្រូវតែ​ផ្ដល់​ប្រាក់​បុណ្យ​ជាតិ​ជូន​លោក​គ្រូ អ្នក​គ្រូ ពីព្រោះ​ប្រាក់​សម្រាប់​បុណ្យ​ជាតិ ចូល​ឆ្នាំ​ខ្មែរ ក៏​ដូច​ជា​បុណ្យ​ភ្ជុំ​បិណ្ឌ​ហ្នឹង យើង​ឃើញ​ថា ជាង ៥​ឆ្នាំ​ហើយ ប្រាក់​ដែល​ធ្លាប់​តែ​លោក​គ្រូ អ្នក​គ្រូ ទទួល​បាន​នូវ​ប្រាក់​បុណ្យ​ជាតិ​ហ្នឹង ត្រូវ​បាន​បាត់ ហើយ​ក្រសួង​ក៏​បំភ្លេច»

លោក កែវ ថៃ ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា កន្លង​មក​រូប​លោក​ធ្លាប់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ថ្ងៃ​បុណ្យ​ជាតិ​ពី​ក្រសួង ក៏​ដូច​ជា​រដ្ឋាភិបាល មួយ​ចំនួន​ដែរ។ ប៉ុន្តែ​ប្រាក់​ឧបត្ថម្ភ​ទាំង​នេះ​ក្រសួង​មិន​បាន​ផ្ដល់​ឲ្យ​គ្រូ​បង្រៀន​ជាង​ពីរ​អាណត្តិ​មក​ហើយ។

គ្រូ​បង្រៀន​រូប​នេះ​បាន​សំណូមពរ​ដូច្នេះ ៖ «ក្រសួង​ត្រូវតែ​ពិចារណា ហើយ​លើក​សំណើ​ទៅ​រាជ​រដ្ឋាភិបាល​ដើម្បី​ផ្ដល់​ប្រាក់​រង្វាន់​នេះ លើក​ទឹកចិត្ត​ដល់​គ្រូ​បង្រៀន នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​គាត់​ហ្នឹង​មាន​ទឹកចិត្ត បាន​ឱកាស​ធ្វើ​បុណ្យ ធ្វើ​ទាន»

អ្នក​គ្រូ គឹម តារ៉ានី បង្រៀន​នៅ​បឋម​សិក្សា ពោធិ៍សាត់ បាន​សំណូមពរ​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ និង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​ជួយ​ឧបត្ថម្ភ​គ្រូ​បង្រៀន​ដូច្នេះ ៖ «ខ្ញុំ​សំណូមពរ​បន្ថែម​ទៅ​លោក​ឯកឧត្ដម អ៊ឹម សិទ្ធី និង​ជា​ពិសេស​រដ្ឋាភិបាល​របស់​ខ្ញុំ ចង់​ឲ្យ​លោក​ជួយ​គិតគូរ​ពី​រឿង​ប្រាក់​បៀវត្ស ប្រពន្ធ និង​កូន​គ្រូ​បង្រៀន និង​សុំ​ប្រាក់​សុខភាព ព្រោះ​កន្លង​មក​គ្រូ​ខ្ញុំ ទោះ​ជា​មាន​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ដោយ​ ឈឺថ្កាត់​ក៏​ដោយ ក៏​មិន​ដែល​បាន​ទទួល​នូវ​ប្រាក់​ធានា​សុខភាព​ហ្នឹង​ទេ!»

ឆ្លើយ​តប​នឹង​សំណើ​របស់​សមាគម​គ្រូ​បង្រៀន និង​ក្រុម​គ្រូ​បង្រៀន លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ថា ក្រសួង​មិន​មាន​ផែនការ​ចំណាយ​ប្រាក់​ឧបត្ថម្ភ​ថ្ងៃ​បុណ្យ​ជាតិ​ដល់​គ្រូ​បង្រៀន​នោះ​ទេ។ ប៉ុន្តែ​ការ​ឧបត្ថម្ភ​នេះ ក្រសួង និង​រាជ​រដ្ឋាភិបាល​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​តាមរយៈ​ការ​ដំឡើង​ប្រាក់​ខែ និង​ការ​ឧបត្ថម្ភ​ផ្សេងៗ។

លោក អ៊ឹម សិទ្ធី បាន​មាន​ប្រសាសន៍​ថា ៖ «ការងារ​របស់​គេ សព្វថ្ងៃ​រាជ​រដ្ឋាភិបាល​ខំ​ប្រឹង​បង្កើន​ឲ្យ ២០% លើ​ប្រាក់​បៀវត្សរ៍​មូលដ្ឋាន។ យើង​មិន​ដែល​បាន​ដោះស្រាយ​អី​សម្រាប់​ចូល​ឆ្នាំ​អ៊ីចឹង​ទេ! ប៉ុន្តែ​ការងារ​របស់​ក្រសួង​អប់រំ គេ​បាន​ធ្វើ​ការងារ​របស់​គេ។ គ្រូ​ៗ​ក្នុង​មួយ​ខែ​គេ​ដោះ​យ៉ាង​ម៉េច​ៗ គេ​មាន​រឿង​របស់​គេ ប៉ុន្តែ​មិន​មែន​សម្រាប់​តែ​ចូល​ឆ្នាំ​ទេ!»

ទោះ​យ៉ាង​នេះ​ក្ដី សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​រំពឹង​ថា មន្ត្រី​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ ក៏​ដូច​ជា​រដ្ឋាភិបាល នឹង​ធ្វើការ​ពិចារណា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ១៥​ម៉ឺន​រៀល សម្រាប់​គ្រូ​បង្រៀន​ម្នាក់ ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។

សមាគម​គ្រូ​បង្រៀន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល