ទួល​ប្រាសាទ​បុរាណ​​​នៅ​ខែត្រ​កណ្ដាល​រង​ការ​បំផ្លាញ

មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មាន​ការ​បំផ្លាញ​ទួល​ប្រាសាទ​ដែល​ជា​បុរាណដ្ឋាន​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ខែត្រ​កណ្ដាល នៅ​ពេល​ថ្មីៗ​កន្លង​មក​នេះ។
ដោយ ឱម ឧត្ដម
2010.08.28

អគ្គ​នាយក​រង​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហេង សុផាឌី មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​នេះ​ថា ប្រាសាទ​បូរាណ​ខ្មែរ​នោះ ទើប​តែ​ឃើញ​មាន​ស្នាម​ជីក​កកាយ​បំផ្លិច​បំផ្លាញ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ។

លោក ហេង សុផាឌី មាន​ប្រសាសន៍​ដូច្នេះ ៖ «តាម​ការ​សន្និដ្ឋាន ក្នុង​ប្រហែល​ជា​ខែ​៧ និង​ខែ​៨​ហ្នឹង។ និយាយ​ទៅ​ទួល​មួយ​អស់ ៥០​%​ហើយ។ យើង​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ជីក​គាស់​បំផ្លាញ ដោយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់។ យើង​មិន​ដឹង​ថា តើ​ខាង​អាជ្ញាធរ​ដែន​ដី​បាន​ដឹង​រឿង​ហ្នឹង ឬ​ក៏​អត់? គេ​អាច​ធ្វើ​ទៅ​ដល់​ទួល​មួយ​ជីក​សឹង​អស់​ទៅ​ហើយ​បាន​យើង​ទើប​ឃើញ​មាន​ព័ត៌មាន ហើយ​ព័ត៌មាន​នេះ​យើង​ដឹង​តាម​រយៈ​ជន​រង​បរទេស​ទៅ​ទៀត មិន​មែន​ជា​ព័ត៌មាន​ដែល​យើង​បាន​មក​ពី​ខ្មែរ​គ្នា​ឯង ពី​អាជ្ញាធរ​ដែន​ដី​ទេ។ នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​ព្រួយ​បារម្ភ​មែន​ទែន»

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ប្រាសាទ​ដែល​រង​ការ​បំផ្លាញ​នោះ​មាន​ឈ្មោះ​ថា ស្ថានីយ​កំប្លុង ស្ថិត​នៅ​ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខែត្រ​កណ្ដាល។ លោក​រំឭក​ថា ស្ថានីយ​នេះ​មាន​អាយុ​ប្រហែល​ជាង ១​ពាន់​ឆ្នាំ​ហើយ ដោយសារ​គ្រឹះ​ប្រាសាទ​ដែល​នៅ​សល់​នោះ បាន​កសាង​ឡើង​អំពី​ឥដ្ឋ។ លោក ហេង សុផាឌី បញ្ជាក់​ឲ្យ​ដឹង​ថា ស្ថានីយ​នេះ​មាន​សារសំខាន់​បំផុត​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ព្រោះ​ផ្ទុក​ទៅ​ដោយ​ព័ត៌មាន​ដែល​ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ និង​មនុស្ស ព្រម​ទាំង​វប្បធម៌ អរិយធម៌​នៃ​ប្រទេស​ជាតិ​ខ្មែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។