ក្រុមហ៊ុន​ថៃ​ប្រើ​ទាហាន​ខ្មែរ​ឲ្យ​ទិញ​ដី​អ្នក​ភូមិ​នៅ​ព្រំដែន​ដើម្បី​វិនិយោគ

អាជ្ញាធរ​និង​ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រំដែន​ខ្មែរ-​ថៃ ក្នុង​ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង មាន​ក្រុមហ៊ុន​វិនិយោគ​របស់​ថៃ​មួយ កំពុង​ប្រើ​មន្ត្រី​យោធា​​ខ្មែរ​ឲ្យ​​ដើរ​ទិញ​ដី​ពី​អ្នក​ភូមិ​ខ្មែរ​នៅ​តំបន់​ព្រំដែន​ក្នុង​ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់​ដំបង រាប់​រយ​ហិកតា ដើម្បី​ធ្វើការ​វិនិយោគ​ដាំ​ដើម​ដូង​ប្រេង។
ដោយ សួន សុផលមុន្នី
2010-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក លួង សាវ័ន្ត សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​សីហា ឆ្នាំ​២០១០​ថា ក្រុមហ៊ុន​ថៃ ឈ្មោះ ណាំ ហុង កសិឧស្សាហកម្ម បាន​ទិញ​ដី​ពី​អ្នក​ភូមិ​ខ្មែរ​ នៅ​ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង ដើម្បី​ធ្វើការ​វិនិយោគ​ដាំ​ដើម​ដូង​ប្រេង។

លោក លួង សាវ័ន្ត មាន​ប្រសាសន៍​ថា ៖ «គេ​ទិញ​តាំង​ពី​ព្រំដែន​ថៃ​មក​រហូត...។ ថៃ​មិន​មែន​ជា​អ្នក​ទិញ​ទេ ខ្មែរ​យើង​ជា​អ្នក​ចេញ​មុខ​ទិញ ប៉ុន្តែ​លុយ តាម​អ្នក​មក​ទិញ​ដី​ហ្នឹង​គេ​ថា លុយ​ថៃ ប៉ុន្តែ​គេ​ជា​អ្នក​ចេញ​មុខ​ដើរ​ទិញ​ពី​ប្រជាពលរដ្ឋ។ គេ​ទិញ​ដល់​ក្រោយ​ផ្ទះ​អស់​ហើយ»

លោក​បន្ត​ថា តម្លៃ​ដី​ដែល​គេ​ដើរ​ទិញ​ពី​អ្នក​ភូមិ​ខ្មែរ គឺ​ពួកគេ​គិត​ទៅ​តាម​ទីតាំង និង​ប្រភេទ​ដី ៖ «កន្លែង​ខ្លះ​គេ​ទិញ​ក្នុង​មួយ​រ៉ៃ ថ្លៃ ២៥.០០០​បាត កន្លែង​ខ្លះ​មួយ​រ៉ៃ​ថ្លៃ ១​៥.០០០​បាត និង​កន្លែង​ខ្លះ​ទៀត​ថ្លៃ ១​ម៉ឺន​បាត»

លោក យ៉ាវ សារួម អាយុ ៤៥​ឆ្នាំ រស់​នៅ​ភូមិ​តាគ្រៃ ឃុំ​តាគ្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ថៃ បាន​យក​ឈ្មោះ​ខ្មែរ​ដើម្បី​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​ដើម​ដូង​ប្រេង​នៅ​ចំណុច​ភ្នំព្រឹក្ស ជាប់​ព្រំដែន​ខ្មែរ-​ថៃ។

លោក យ៉ាវ សារួម ឲ្យ​ដឹង​ដូច្នេះ ៖ «ថៃ​គេ​យក​ឈ្មោះ​ខ្មែរ​យើង​លាប ទិញ​ដី​ពី​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​ដូង​ប្រេង។ នៅ​ចំណុច​ភ្នំព្រឹក្ស ជាប់​ព្រំដែន​ខ្មែរ-​ថៃ។ អ្នក​ដែល​នៅ​ខាង​ក្រៅ​ជាប់​ផ្លូវ​អី អា​ហ្នឹង​គេ​ឲ្យ​តម្លៃ​ថ្លៃ។ គម្រោង​ការ​គេ គេ​ទិញ​ព័ទ្ធ​ជុំវិញ​អស់​ហើយ អ្នក​នៅ​ខាង​ក្នុង​អត់​មាន​ផ្លូវ​ចេញ​ចូល អ៊ីចឹង​ទៅ​អ្នក​ខាង​ក្នុង​គេ​ឲ្យ​តម្លៃ​ស្រេច​តែ​គេ​ឲ្យ អត់​មាន​ឲ្យ​ស្មើ​ទេ»

លោក សួន កឿន អភិបាល​ស្រុក​ភ្នំព្រឹក្ស បាន​មាន​ប្រសាសន៍​ថា ម្ចាស់​ក្រុមហ៊ុន ណាំ ហុង កសិឧស្សាហកម្ម​នោះ មាន​ឈ្មោះ នៅ គឹមសួ ជា​ជន​ជាតិ​ថៃ ប៉ុន្តែ​មាន​អត្ត​សញ្ញាប័ណ្ណ​ខ្មែរ មិន​បាន​ចេញ​មុខ​ក្នុង​ការ​ដើរ​ទិញ​ដី​ពី​អ្នក​ភូមិ​ទេ ប៉ុន្តែ​បាន​ពឹង​ពាក់​ឲ្យ​លុយ​ជន​ជាតិ​ខ្មែរ​ជា​អ្នក​ដើរ​ទិញ​ដី​ពី​អ្នក​ភូមិ​ជំនួស​ឲ្យ​ក្រុមហ៊ុន។

លោក សួន កឿន មាន​ប្រសាសន៍​ថា ៖ «ដី​ហ្នឹង​មិន​ដឹង​ថា បាន​ប៉ុន្មាន​រ៉ៃ​ទេ ប៉ុន្តែ​បើ​តាម​ចំនួន​ដាំ​ដើម​ដូង​ប្រេង​បាន​ប្រហែល ២​ម៉ឺន​ដើម​ហើយ។ គាត់​សុំ​ច្បាប់​ទៅ​ខាង​លើ ដើម្បី​លើក​កន្លែង​ដាំ​ដូង​ប្រេង លើក​យីហោ! អា​ហ្នឹង​គាត់​តាម​រយៈ​ពី​ខេត្ត​ទៅ។ គាត់​មាន​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ គាត់​ជា​ជន​ជាតិ​ថៃ ប៉ុន្តែ​ប្រកប​មុខ​របរ​នៅ​ប៉ោយប៉ែត ម្ចាស់​កាស៊ីណូ»

អភិបាល​ស្រុក​ភ្នំព្រឹក្ស លោក សួន កឿន បាន​បន្ត​ថា ក្រុមហ៊ុន​កំពុង​បន្ត​ធ្វើ​សកម្មភាព​ដើរ​ទិញ​ដី​ពី​អ្នក​ភូមិ ចំណែក​ឯ​អាជ្ញាធរ​គ្រាន់​តែ​ទទួល​ស្គាល់​ធ្វើ​ជា​សាក្សី និង​កិច្ចសន្យា​ក្នុង​ការ​ទិញ​លក់​ដី ប៉ុន្តែ​រង់ចាំ​មើល​គម្រោង​របស់​ក្រុមហ៊ុន​ដែល​កំពុង​រត់ការ​ច្បាប់។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ក្រុម​មន្ត្រី​យោធា​សឹក​រង​ស្រុក​ភ្នំព្រឹក្ស ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​ដែល​ថា បាន​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន​ថៃ ក្នុង​ការ​ដើរ​ទិញ​ដី​ពី​ក្រុម​អ្នក​ភូមិ​នៅ​ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង បាន​ទេ។ ប៉ុន្តែ​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ជិតស្និទ្ធ​ជាមួយ​លោកស្រី នៅ គឹមសួ ម្ចាស់​ក្រុមហ៊ុន ណាំ ហុង កសិឧស្សាហកម្ម​បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ខ្មែរ​ដែល​ដើរ​ទិញ​ដី​ពី​ក្រុម​អ្នក​ភូមិ​ឲ្យ​ក្រុមហ៊ុន​ថៃ​នោះ គឺ​ជា​មន្ត្រី​កងទ័ព​រដ្ឋាភិបាល​ខ្មែរ មាន​មន្ត្រី​យោធា​សឹក​រង​ស្រុក រួម​និង​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ-​ថៃ ប្រចាំ​ច្រក​អូររំដួល ក្នុង​ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង។

លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត​បាត់ដំបង មិន​អាច​ទាក់ទង​សុំ​សេចក្ដី​បញ្ជាក់​ថា តើ​ក្រុមហ៊ុន ណាំ ហុង កសិឧស្សាហកម្ម​ថៃ​នោះ មាន​អាជ្ញាប័ណ្ណ ឬ​មាន​ការ​ទាក់ទង​ជាមួយ​អាជ្ញាធរ​ខេត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់ ក្នុង​ការ​ធ្វើ​ផែនការ​វិនិយោគ​ដាំ​ដើម​ដូង​ប្រេង នៅ​តំបន់​ព្រំដែន​ក្នុង​ស្រុក​ភ្នំព្រឹក្ស​នោះ​ទេ។

ចំណែក​ឯ​លោក សៀង ស៊ុតថង អភិបាល​រង​ខេត្ត​បាត់ដំបង និង​លោក ប៉ោ ប្រង់ នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា មិន​បាន​ដឹង​រឿង​នេះ។

ប្រភព​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​លោកស្រី នៅ គឹមសួ ម្ចាស់​ក្រុមហ៊ុន ណាំ ហុង កសិឧស្សាហកម្ម​បាន​មាន​ប្រសាសន៍​ថា លោកស្រី នៅ គឹមសួ ជា​ជនជាតិ​ថៃ និង​ជា​ម្ចាស់​ក្រុមហ៊ុន ណាំ ហុង កសិឧស្សាហកម្ម បាន​ពឹង​ពាក់​ឲ្យ​ទាហាន​ដែល​មាន​បុណ្យ​ស័ក្ដិ​នៅ​ស្រុក​ភ្នំព្រឹក្ស ជា​អ្នក​ដើរ​ប្រមូល​ទិញ​ដី​ពី​អ្នក​ភូមិ​ដើម្បី​ធ្វើការ​ដាំ​ដើម​ដូង​ប្រេង។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «ទាហាន​ហ្នឹង​គេ​មាន​បុណ្យ​ស័ក្ដិ​ផង តែ​គេ​ថា​ម៉េច​គឺ​អ៊ីចឹង​ហើយ ព្រោះ​អី​គេ​អ្នក​លើក​គម្រោង​ឲ្យ​គាត់។ គេ​ថា ដី​ហ្នឹង​គេ​អាច​ធ្វើ​បាន។ គាត់​អត់​មាន​អាជ្ញាប័ណ្ណ​អា​ហ្នឹង​ផង គាត់​មាន​អាជ្ញាប័ណ្ណ​ហៃសួ ប៉ុន្តែ​ក្រែង​ទៅ​ធ្វើ​អាជ្ញាប័ណ្ណ​មួយ​ទៀត​មិន​ដឹង ព្រោះ​អី​អាជ្ញាប័ណ្ណ​មាន​តែ​អាជ្ញាប័ណ្ណ​ហៃសួ»

លោកស្រី នៅ គឹមសួ ដែល​មាន​បើក​បន​ល្បែង​កាស៊ីណូ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ជា​ម្ចាស់​ក្រុមហ៊ុន ណាំ ហុង កសិឧស្សាហកម្ម មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ថា តើ​ក្រុមហ៊ុន​លោកស្រី​មាន​អាជ្ញាប័ណ្ណ​វិនិយោគ ដោយ​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​កម្ពុជា និង​​ផែនការ​ពង្រីក​ការ​ទិញ​ដី​ដាំ​ដើម​ដូង​ប្រេង​នៅ​ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង​នោះ ទំហំ​ប៉ុន្មាន​ជាក់​លាក់​ទេ។

ក្រុម​អ្នក​ភូមិ​ខ្លះ​បាន​ថ្លែង​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​អស់​ដី​ស្រែ​ចម្ការ​បង្កបង្កើន​ផល​ទៅ​ថ្ងៃ​មុខ ដោយសារ​ការ​នាំ​គ្នា​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន ក៏​ប៉ុន្តែ​ដោយសារ​ពួកគេ​មាន​ការ​ជំពាក់ជំពិន​លុយ​អង្គការ​ផ្សេងៗ ដែល​បាន​ខ្ចី​បុល​នៅ​រយៈ​ពេល​កន្លង​មក ដូច្នេះ​ទើប​ពួកគេ​បង្ខំ​ចិត្ត​លក់​ដី​ស្រែ​ចម្ការ​ទៅ​ឲ្យ​ក្រុមហ៊ុន​ថៃ ៖ «ព្រួយ​បារម្ភ យើង​កំពុង​ឈ្លោះ​ជាមួយ​ថៃ។ ថៃ​ចូល​មក​ទិញ ក្រុមហ៊ុន​ជាមួយ​ខ្មែរ។ ប្រជាជន​អ្នក​តូច​អ្នក​តាច​មិន​សូវ​ហ៊ាន​និយាយ​ដែរ។ គាត់​ភ័យ​ព្រួយ​អនាគត​ខ្លាច​ថៃ​យក​ទៅ ព្រោះ​ថៃ​ប្រើ​ទឹក​លុយ»

លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ករណី​ឈ្មួញ​ថៃ​មក​ទិញ​ដី​ស្រែ​ចម្ការ​កសិករ​ខ្មែរ​តាម​រយៈ​ឈ្មួញ​ខ្មែរ គឺ​ជា​ការ​ទន្ទ្រាន​យក​ដី​ខ្មែរ​តាម​រូបភាព​សេដ្ឋកិច្ច។ លោកស្រី​បន្ត​ថា វា​ជា​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​ប្រជាកសិករ​ខ្មែរ ក៏​ដូច​ជា​ជាតិ​ខ្មែរ ជា​ពិសេស​ដី​នៅ​តាម​តំបន់​ព្រំ​ប្រទល់​ខ្មែរ-​ថៃ អាច​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ៖ «ការ​ទន្ទ្រាន​យក​ដី​តាម​រូបភាព​សេដ្ឋកិច្ច​នេះ ជា​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​ប្រជាកសិករ​យើង ជា​ពិសេស​តាម​តំបន់​ព្រំ​ប្រទល់។ សូម​ឲ្យ​រដ្ឋាភិបាល​ដែល​មាន​គោលការណ៍​កសិកម្ម ចង់​លើក​ស្ទួយ​វិស័យ​កសិកម្ម សូម​ឲ្យ​ចាត់​វិធានការ​មក​ដោះ​ស្រាយ​ឲ្យ​ទាន់​ពេល​វេលា​សម្រាប់​ប្រជាកសិករ​របស់​យើង»

រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ប្រភព​ពី​អាជ្ញាធរ​ខេត្ត អាច​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ណាំ ហុង កសិឧស្សាហកម្ម មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ខ្មែរ ឬ​ក៏​អត់​ទេ? ចំណែក​ឯ​ចំនួន​ផ្ទៃដី​ដែល​ក្រុមហ៊ុន​បាន​ទិញ​ពី​អ្នក​ភូមិ​នៅ​ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង ដើម្បី​​ដាំ​ដើម​ដូង​ប្រេង​នោះ ក៏​មិន​បាន​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​ជាក់​លាក់​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល