វិបត្តិ​នៅ​ប្រទេស​ថៃ​មិន​ប៉ះពាល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

មន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​អះអាង​ថា ទោះ​បី​ជា​ប្រទេស​ថៃ​កំពុង​កើត​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ក៏​ដោយ ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ទេសចរ​បរទេស​មក​ទស្សនា​ស្រុក​ខ្មែរ​ទេ។
ដោយ ហង្ស សាវយុត
2010-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសចរ​បរទេស​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាពួន ក្នុង​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​៣ តុលា ២០០៩។
ទេសចរ​បរទេស​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាពួន ក្នុង​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​៣ តុលា ២០០៩។
AFP PHOTO/TANG CHHIN SOTHY

មន្ត្រី​អាកាសចរណ៍​ស៊ីវិល​ប្រចាំ​ព្រលាន​យន្តហោះ​អន្តរជាតិ ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា វិបត្តិ​ធ្ងន់ធ្ងរ​ដែល​មាន​ការ​បង្ហូរ​ឈាម​ផង​កំពុង​កើត​ឡើង​នៅ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ ពុំ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ការ​ជើង​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ពី​ប្រទេស​ថៃ​មក​ខេត្ត​សៀមរាប និង​ប៉ះពាល់​ដល់​ទេសចរ​បរទេស​មក​ទស្សនា​ស្រុក​ខ្មែរ​ទេ។

អគ្គ​នាយក​រង​អាកាសចរណ៍​ស៊ីវិល​ប្រចាំ​ព្រលាន​យន្តហោះ​អន្តរជាតិ ខេត្ត​សៀមរាប លោក សៅ វឌ្ឍនា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​ឧសភា ថា ការ​ហោះ​ហើរ​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​ពុំ​បាន​ធ្លាក់​ចុះ​ទេ បើ​ទោះ​បី​ជា​ប្រទេស​ថៃ​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ចំនួន​ទេសចរ​បាន​ធ្លាក់​ចុះ​បន្តិច​មិន​មែន​ដោយសារ​វិបត្តិ​ប្រទេស​ថៃ​ទេ គឺ​ដោយសារ​តែ​រដូវ​នេះ​ជា​ទម្លាប់​ភ្ញៀវ​មិន​សូវ​សំបូរ។

លោក សៅ វឌ្ឍនា បាន​បញ្ជាក់​ថា ៖ «អត់​មាន​បញ្ហា​អី​ទេ! ចំនួន​ជើង​ហោះ​ហើរ​នៅ​ដដែល។ ខែ​នេះ​វា​ជា​ខែ Low Season វា​នៅ​សល់ ៤​-​៥​ជើង ១​ថ្ងៃ។ វា​ធ្លាក់​តែ​ចំនួន​ភ្ញៀវ​ទេ! ខ្ញុំ​លើក​ឧទាហរណ៍​ថា ភ្ញៀវ​ពី​មុន ៥០​នាក់​អ៊ីចឹង វា​នៅ​សល់​តែ ៣០​អ៊ីចឹង​ទៅ​ណា៎!»

បាតុករ​រុញ​កង់​ឡាន​ឆេះ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​១៥ ឧសភា ២០១០។ (AFP Photo)
បាតុករ​រុញ​កង់​ឡាន​ឆេះ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​១៥ ឧសភា ២០១០។ AFP Photo

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​ខ្មែរ បាន​មាន​ប្រសាសន៍​ថា វិបត្តិ​ធ្ងន់ធ្ងរ​ នៅ​ប្រទេស​ថៃ​មិន​បាន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​ទេ ដោយសារ​តែ​ការ​ហោះ​ហើរ​របស់​បរទេស​បាន​ផ្លាស់​ប្ដូរ​ទិស​ដៅ​ចេញ​ពី​ប្រទេស​ថៃ ទៅ​តាម​ប្រទេស​មួយ​ចំនួន​វិញ​ជា​យូរ​មក​ហើយ ចាប់​តាំង​ពី​ប្រទេស​ថៃ​កើត​មាន​វិបត្តិ​បាតុកម្ម​ដ៏​រ៉ាំរ៉ៃ​មក​ម្ល៉េះ។

លោក ថោង ខុន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មិន​អី​ទេ! ព្រោះ​ភ្ញៀវ​មក​ចូល​យើង​នេះ​ដូរ​ទិស​ហើយ។ ភាគ​ច្រើន​គឺ​មក​តាម​វៀតណាម មក​តាម​សាំងហ្គាពួរ មក​តាម​ម៉ាឡេ។ មក​តាម​ថៃ​មិន​សូវ​មាន​ប៉ុន្មាន​ទេ ព្រោះ​ច្រក​ថៃ​ជា​ច្រក​ធំ​មួយ ប៉ុន្តែ​ថៃ​គាត់​អ៊ីចឹង ក៏​វា​មាន​បញ្ហា​ប៉ះ​ពាល់​ដល់​ច្រក​ហ្នឹង​ដែរ ប៉ុន្តែ​ជា​ទូទៅ​អត់​ប៉ះ​ពាល់​ដល់​យើង​ទេ​ឥឡូវ​នេះ ព្រោះ​យើង​ឡើង»

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ខ្មែរ លោក ថោង ខុន បាន​ឲ្យ​ដឹង​ថា រយៈពេល ៤​ខែ ដើម​ឆ្នាំ​២០១០​នេះ ប្រទេស​ខ្មែរ​បាន​ទទួល​ទេសចរ​បរទេស​ចំនួន​ជាង ៨៨​ម៉ឺន​៤​ពាន់​នាក់ ដែល​ចំនួន​នេះ​បាន​កើន​ឡើង ១០,៥៥% បើ​ប្រៀបធៀប​នឹង ៤​ខែ ដើម​ឆ្នាំ​២០០៩​កន្លង​មក។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ខេត្ត​សៀមរាប​រយៈ​ពេល ៣​ខែ ឆ្នាំ​២០១០​នេះ បាន​ទទួល​ទេសចរ​បរទេស​ជាង ៣០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង ២២%។

លោក ហួត ឃាង ប្រធាន​សាខា​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​មួយ ប្រចាំ​ខេត្ត​សៀមរាប​ឈ្មោះ Asian Trail បាន​ឲ្យ​ដឹង​ថា វិបត្តិ​បង្ហូរ​ឈាម​នៅ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ ពុំ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទេសចរ​បរទេស​មក​កម្ពុជា​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភ្ញៀវ​របស់​គេ ដែល​ចង់​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​ប្រទេស​ថៃ​វិញ ដោយ​គេ​បាន​ចេញ​​​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​តាម​ភ្នាក់ងារ​ទេសចរណ៍​ទាំង​អស់ សម្រាប់​ជា​ការ​រំឭក​បញ្ហា​សន្តិសុខ​ដល់​ទេសចរ​ទាំង​ឡាយ​ដែល​ចង់​ទៅ​ប្រទេស​ថៃ​នោះ ថា មិន​គួរ​ទៅ​ទេ ស្រប​ពេល​ដែល​ប្រទេស​ថៃ​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល