ថៃ​ចាប់​​ខ្មែរ​៦នាក់​​ពេល​ចូល​បោច​វល្លិ​ផ្តៅ​តាម​ព្រំដែន

ពលរដ្ឋ​ខ្មែរ ៦​នាក់​ត្រូវ​​ទាហាន​ថៃ​ចាប់​ខ្លួន ២​ថ្ងៃ​មក​ហើយ​នោះ​​​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាត់​ទោស​នៅ​ខេត្ត​សុរិន្ទ ថ្ងៃ​ទី​២៧ ខែ​មករា​​នេះ​ ហើយ​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​​បាន​ព្យាយាម​សុំ​ថៃ​ដោះ​លែង​អ្នក ៦​នាក់​នោះ​មក​វិញ​​តែ​ថៃ​មិន​ព្រម។
ដោយ ហង្ស​ សាវយុត
2010-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ថៃ​ដើរ​ក្បែរ​តំបន់​​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។
ទាហាន​ថៃ​ដើរ​ក្បែរ​តំបន់​​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។
RFA File Photo/Savyouth

ប្រភព​ព័ត៌មាន​​ពី​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ៦​នា​ក់​ដែល​មាន​ទី​លំនៅ ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរស្មាច់​ ក្រុង​សំរោង ត្រូវ​ទាហាន​ប៉ារ៉ា​ថៃ​មួយ​ក្រុម​ព័ទ្ធ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា​ នៅ​ពេល​ដែល​បាន​នាំ​គ្នា​ចូល​ទៅ​តំបន់​ព្រំដែន​មិន​ទាន់​ដាច់​ស្រេច​ដើម្បី​រក​បោច​វល្លិ ផ្តៅ​​មក​លក់​ដូរ​។

បុរស​ម្នាក់​ឈ្មោះ លាង គ្រី​ អាយុ ៥០​ឆ្នាំ​ រស់​នៅ​ភូមិ​អភិវឌ្ឍន៍​ដែល​អះអាង​ថា ​ជា​អ្នក​រត់​គេច​ខ្លួន​រួច​ពី​ការ​ចាប់​ខ្លួន​នោះ​បាន​មាន​ប្រសាសន៍កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែ​មករា ថា ​ពួក​គា​ត់​មាន​គ្នា​ទាំង​អស់ ៧​នាក់​បាន​នាំ​គ្នា​ចូល​ព្រៃ​តាម​បន្ទាត់​ព្រំដែន​​ដែល​អាច​ជា​តំបន់​ស ​ចម្ងាយ​ប្រហែ​ល ៥០០​ម៉ែត្រ​ពី​បង្គោល​ឡាក់​លេ​ខ ១៤​ប៉ុណ្ណោះ ​ស្រាប់​តែ​ទាហាន​ប៉ារ៉ា​ថៃ​មួយ​ក្រុម​បាន​ចេញ​មក​បាញ់​​កាំភ្លើង ១​គ្រាប់ និង​ចាប់​ខ្លួន​អ្នក​ភូមិ​ខ្មែរ​យក​ទៅ​។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា ​មាន​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ​ដែល​ពួន​សម្ងំ​ក្នុង​បន្លា​ហើយ​គេច​ខ្លួន​រួច​មក​វិញ។

លោក លាង គ្រី​ បាន​រៀប​រាប់​ហេតុការ​ណ៍​នោះ​ដូច្នេះ ៖ «ចូល​ទៅ​ក្នុង​អូរ​ធំ​ចម្ងាយ​ប្រហែល​កន្លះ​គីឡូ​ដី​ ឡាក់១៤ សីមា​១៤​។ ទៅ​ជា​មួយ​គ្នា​​ទាំង​អស់ ៧​នាក់​ទាំង​ខ្ញុំ​។ ទៅ​បោច​ផ្តៅ​តូចៗ​ដូច​ល្ពាក់​អីចឹង​ដើម​វា​។ អត់​ដល់​ដី​ថៃ​ទេ នៅ​តំបន់ស​​។ ទាហាន​ថៃ​​ពួក​អាប៉ារ៉ា​វា​បាញ់ ១​គ្រាប់​​​ចាប់​ម៉ោង​១២ ​ថ្ងៃ​ច័ន្ទ (ទី)២៥​»

មន្ត្រីច្រក​ព្រំដែន​ខ្មែរ​បាន​ប្រឹង​ប្រែង​ទំនាក់​ទំនង​មន្ត្រី​ថៃ​ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះ​លែង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​មក​វិញ​ ប៉ុន្តែ​ការ​ស្នើ​សុំ​នោះ​មិន​បាន​លទ្ធផល​អ្វី​ទេ។

លោក​អនុសេនីយ៍​ត្រី ម៉ាក បូរិន ប្រធាន​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរស្មាច់​បាន​មាន​ប្រ​សាសន៍​ថា ​ថៃ​បាន​បញ្ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ៦​នាក់​ទៅ​កាន់​ខេត្ត​សុរិន្ទ ដើម្បី​កាត់​ទោស​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​។​ លោក​ ម៉ាក ​បូរិន​ បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​ប្រចាំ​តំបន់​បាន​ស្នើ​សុំ​ឲ្យ​​ថៃ​​ដោះ​លែង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ​ប៉ុន្តែ​ថៃ​បាន​បដិសេធ​ចោល​ការ​ស្នើ​សុំ​នោះ។

លោក​ប្រធាន​ប៉ុស្តិ៍ ម៉ាក បូរិន មាន​ប្រសាសន៍​ថា ៖ «ពលរដ្ឋ​យើង​ចូល​ទៅបោច​ផ្តៅ​នៅ​ក្នុងដី​តំបន់​ព្រំដែន​មិន​ទាន់​កំណត់ថា ដី​អ្នក​ណា​ព្រោះ​មិន​ទា​ន់​​មាន​ការ​វាស់​វែង​ណា។ ម៉ោង​១២​ថ្ងៃ​ត្រង់​គេ​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ខេត្ត​សុរិន្ទ​ហើយ។ ទំនាក់ទំនង​ព្រំដែន​សុំ​គេ​ដែរ ប៉ុន្តែ​គេ​អត់​ព្រម គេ​មិន​ឲ្យ​យើង​ផង​បង! ​គេ​ថា​គេ​បញ្ជូន​ទៅ​ហើយ​»

មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​ខ្មែរ ៦នាក់​​ដែល​ទាហាន​ថៃ​ចាប់​ខ្លួន​គឺ​មាន​បុរស ២​នាក់ និង​ស្ត្រី ៤​នាក់​។

មន្ត្រី​ប៉ូលិស​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹងទៀត​ថា នៅមុន​ពេល​ចាប់ខ្លួន​ប្រជា​ពលរដ្ឋ​ខ្មែរ ៦នាក់​នោះ​ គឺ​កាល​ពីថ្ងៃ​ទី​២៤ ខែ​មករា​ យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ រួន អាយុ ២៤​ឆ្នាំ​​​បាន​បាត់​ខ្លួន​ជា​ច្រើ​ន​ថ្ងៃ​មក​ហើយ​បន្ទាប់​ពី​គាត់​បាន​ចូល​ព្រៃ​តាម​ព្រំដែន​ខ្មែរ​-ថៃ​នៅម្តុំ​តំបន់​អាង​១៥​។ រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​យ៉ាង​ណា​នៅ​ឡើយ៕​​

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល