ទាហាន​ថៃ​នៅ​តែ​ព្យាយាម​ចូល​មក​បណ្ដេញ​អ្នក​ភូមិ​ខ្មែរ​នៅ​ឧត្ដរមានជ័យ

ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​តែ​ព្យាយាម​ចូល​មក​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជប់គគីរ​ខាង​កើត​នៃ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ឲ្យ​រុះរើ​ផ្ទះ​មួយចំនួន​ចេញ ដោយសារ​តែ​ទាហាន​ថៃ​ទាំង​នោះ​អះអាង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​ធ្វើ​នៅ​លើ​តំបន់​ស​នៃ​ព្រំដែន​ខ្មែរ-​ថៃ។
ដោយ ហង្ស សាវយុត
2010-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ថៃ​ឈរ​យាមកាម​នៅ​ច្រក​ទ្វារ​ភ្នំ​ព្រះវិហារ​ក្នុង​ទឹក​ដី​ថៃ កាលពី​ថ្ងៃ​១៩ តុលា ២០០៨។
ទាហាន​ថៃ​ឈរ​យាមកាម​នៅ​ច្រក​ទ្វារ​ភ្នំ​ព្រះវិហារ​ក្នុង​ទឹក​ដី​ថៃ កាលពី​ថ្ងៃ​១៩ តុលា ២០០៨។
RFA Photo

នាយ​ទាហាន​ជាន់​ទាប​មួយ​រូប​​​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​​​ខេត្ត​ឧត្តរមានជ័យ ដែល​កំពុង​គ្រប់គ្រង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​តំបន់​នោះ គឺ​លោក​អនុសេនីយ៍​ត្រី ផាន់ វឿង បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មករា​ថា ទាហាន​ថៃ​ដែល​មាន​ឯកសណ្ឋាន​ខ្មៅ​ចំនួន​៤​នាក់​ប្រដាប់​ដោយ​អាវុធ បាន​ព្យាយាម​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ​នៃ​ភូមិ​ជប់គគីរ​ខាង​កើត កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ (៣០ មករា) ដើម្បី​ទាមទារ​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ទើប​តែ​សង់​ខ្ទម​មួយ​ថ្មី​ឲ្យ​រុះរើ​ចេញ ពី​ព្រោះ​ថៃ​អះអាង​ថា កន្លែង​ដែល​ស្រ្តី​ចំណាស់​សង់​ខ្ទម​នោះ​គឺ​ជា​តំបន់​ស​នៃ​ព្រំដែន។

នាយ​ទាហាន​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា ទាហាន​ថៃ​បាន​ព្យាយាម​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជប់គគីរ​ខាង​កើត​រុះ​រើ​ផ្ទះ​ចំនួន​ប្រមាណ​ជាង​១០ ដោយ​គេ​អះអាង​ថា តំបន់​នោះ​ជា​ទឹក​ដី​ថៃ ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរ​បដិសេធ ហើយ​បញ្ជូន​ទាហាន​ខ្មែរ​ទៅ​ដាក់​នៅ​តំបន់​នោះ។

លោក​អនុសេនីយ៍​ត្រី ផាន់ វឿង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ម្សិលមិញ​(៣០ មករា)​ទៀត​នេះ​វា​មក​រឿង​ធ្វើ​ផ្ទះ​តូច... ដល់​នេះ​ថៃ​វា​ដើរ​មក​ម្សិលមិញ​ល្ងាច​ម៉ោង​៣ គ្នា​វា​៤​នាក់ ឲ្យ​ក្មេង​មក​ប្រាប់​ខ្ញុំ​ថា ឲ្យ​ខ្ញុំ​នេះ​ទៅ​ប្រាប់​យាយ... កូន​ជំរំ​មួយ​អត់​ឲ្យ​ធ្វើ​ទេ ឲ្យ​រើ​មក​វិញ​ប៉ុណ្ណោះ​ឯង។ ខ្ញុំ​ជួប​ម្សិលមិញ​និយាយ​អា​រឿង​១០​ខ្នង​អត់​មាន​ឲ្យ​រើ​ទេ ឲ្យ​រើ​តែ​កូន​ផ្ទះ​ដែល​យាយ​នោះ​ទៅ​លើក​២-​៣​ថ្ងៃ​មុន​នេះ»

កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​ប្រចាំ​តំបន់​ជប់គគីរ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មករា​មក ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ព្យាយាម​ចូល​មក​ព្រំដែន​ខ្មែរ​ចំនួន​៣​លើក​មក​ហើយ​ក្នុង​បំណង​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រុះរើ​លំនៅ​ចេញ​ពី​តំបន់​ជប់គគីរ​ខាង​កើត ដែល​ថៃ​អះអាង​ថា ជា​ដី​របស់​ថៃ​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល