ទាហាន​ថៃ​​ព្យាយាម​បិទ​ផ្លូវ​ចូល​ប្រាសាទ​តា​មាន់​ធំ

ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​ជិត​តំបន់​ប្រាសាទ​តា​មាន់​ធំ ក្នុង​ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរ​មានជ័យ បាន​ឱ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ៦ ខែ​ឧសភា ទាហាន​ថៃ​បាន​ព្យាយាម​យក​របង​មក​ដាក់​រាយ​បិទ​នៅ​ពី​មុខ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​តា​មាន់​ធំ ប៉ុន្តែ​ត្រូវ​បាន​កង​ទាហាន​ខ្មែរ​រារាំង​សកម្មភាព​នោះ។
ដោយ ហង្ស សាវយុត
2011-05-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រភព​ពី​មេ​បញ្ជាការ​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា ស្ថានការណ៍​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ​នៅ​តំបន់​ប្រាសាទ​តា​មាន់​ធំ និង​ប្រាសាទ​តា​ក្របី ក្នុង​រឿង​ជម្លោះ​ព្រំដែន បាន​ស្ងប់​ស្ងាត់ និង​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ ហើយ​ក្នុង​រយៈ​ពេល ៣ ថ្ងៃ​មក​នេះ បន្ទាប់​ពី​មេ​បញ្ជា​ការ​ថ្នាក់​យោធភូមិ​ភាគ​ខ្មែរ-ថៃ បាន​ជួប​ចរចា​គ្នា​ជា​ថ្មី កាល​ពី​ថ្ងៃ​ទី ៤ ខែ​ឧសភា ដើម្បី​ជំរុញ​ឱ្យ​ស្ថានភាព​នៅ​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី និង​ឱ្យ​ប្រជា​ពលរដ្ឋ​ស៊ីវិល​ទាំង​សង​ខាង​អាច​វិល​ត្រឡប់​ចូល​លំនៅ​តាម​ព្រំដែន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ផង​នោះ។

លោក​វរសេនីយ៍ឯក នាក់ វង្ស នាយសេនាធិការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កង​ពល​តូច​លេខ ៤២  ដែល​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ នៅ​ប្រាសាទ​តា​មាន់​ធំ​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី ៦ ខែ​ឧសភា​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​ប្រាសាទ​តា​មាន់​ធំ និង​ប្រាសាទ​តា​ក្របី បាន​ស្ងប់​ស្ងាត់​ចំនួន ៣ ថ្ងៃ​មក​នេះ។

មេ​បញ្ជាការ​យោធា​ដដែល​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា គឺ​ទាហាន​ទាំង​សង​ខាង​បាន​លុប​ចោល​លេណដ្ឋាន​ប្រយុទ្ធ​រៀងៗ ខ្លួន ដើម្បី​ធានា​ឲ្យ​ស្ថានការណ៍​យោធា​ដែល​ធ្លាប់​តែ​ប្រយុទ្ធ​គ្នា វិល​ទៅ​រក​ភាព​ធម្មតា​វិញ។

លោក​វរសេនីយ៍ឯក នាក់ វង្ស ៖ «យើង​ឲ្យ​លុប​អស់​ហើយ​ម្សិលមិញ។ សូម​ជម្រាប​ឲ្យ​ខ្លី​មួយ​ម៉ាត់ សភាព​ការណ៍​លើក​ចុង​ក្រោយ​នេះ គឺ​ស្ងប់​ស្ងាត់​ដូច​មុន​ថ្ងៃ​ទី ២២ (ខែ​មេសា) វិញ​​នៅ​ទាំង​តា​មាន់​ទាំង​តា​ក្របី»។

អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ បាន​ឲ្យ​ដឹង​ថា ជន​ភៀស​សឹក​ចំនួន​ជាង ២០០ គ្រួសារ​ចុង​ក្រោយ ដែល​មាន​ទី​លំនៅ​ជិតៗ ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី និង​តំបន់​ថ្ម​ដូន បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​របស់​ពួក​គេ​វិញ​អស់​ហើយ បន្ទាប់​ពី​តំបន់​នោះ បាន​ស្ងប់​ស្ងាត់​ការ​ប្រយុទ្ធ​គ្នា​ចំនួន ៣ ថ្ងៃ​មក​នេះ។ ប៉ុន្តែ ទោះ​យ៉ាង​ណា​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​នៅ​តែ​សម្ដែង​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ទៅ​លើ​ស្ថានការណ៍​យោធា​នៅ​ឡើយ។

បុរស​ម្នាក់ ដែល​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ថ្ម​ដូន ចម្ងាយ​ប្រមាណ ១០ គីឡូ​ម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ប្រាសាទ​តា​ក្របី មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​គាត់​ទាំង​អស់​​បាន​ចាក​ចេញ​ពី​ជំរំ​ជន​ភៀស​សឹក​វិល​ត្រឡប់​ទៅ​ដល់​លំនៅ​វិញ​ហើយ។ ប៉ុន្តែ​អារម្មណ៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ នៅ​តែ​ដក់​ជាប់​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ​ក្នុង​រឿង​ជម្លោះ​ព្រំដែន​នៅ​ឡើយ។

អ្នក​ភូមិ ៖ «គាត់​នៅ​តែ​ខ្លាច។ ឲ្យ​តែ​ល្ងាចៗ គាត់​មក​ជុំ​គ្នា​ហ្នឹង​គាត់​មិន​ហ៊ាន​ចេញ​ទៅ​ណា​ទេ។ គាត់​នៅ​តែ​ក្នុង​ផ្ទះ​គាត់​មិន​ហ៊ាន​ចេញ​ទៅ​រក​ស៊ី​អី​ផង។ មើល​ទៅ​សភាព​ការណ៍​ហ្នឹង​វា​មិន​ស្ថិតស្ថេរ​ទេ​តាម​មើល»។

ការ​ឈប់​ប្រយុទ្ធ​គ្នា​ជា​ចុង​ក្រោយ​រវាង​ទាហាន​ខ្មែរ និង​ថៃ បាន​កើត​មាន​បន្ទាប់​ពី​ការ​ជួប​ចរចា​គ្នា​រវាង​មេ​បញ្ជាការ​ប្រចាំ​សមរភូមិ និង​មេ​បញ្ជាការ​ថ្នាក់​យោធភូមិ​ភាគ​ខ្មែរ និង​ថៃ​ចំនួន ២ លើក ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ទៅ​ដល់​ការ​ឈប់​បាញ់​គ្នា​ជា​ស្ថាពរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី ៤ ខែ​ឧសភា​ លោក​ឧត្ដមសេនីយ៍ទោ ជា ម៉ន មេ​បញ្ជាការ​យោធភូមិ​ភាគ​ទី ៤ របស់​កម្ពុជា និង​លោក​ឧត្ដមសេនីយ៍​ទោ ថាវ៉ាត់ឆៃ សាមុតសាខន មេ​បញ្ជាការ​យោធភូមិភាគ​ទី ២ របស់​ថៃ បាន​ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​តំបន់​អូរ​ស្មាច់ ដោយ​ភាគី​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា ៦ ចំណុច ដូចជា ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ថ្ងៃ ២២ ខែ​មេសា។ ធ្វើ​ឲ្យ​ស្ថានការណ៍​ព្រំដែន​នៅ​តំបន់​ថ្ម​ដូន និង​ជប់​គគីរ មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ដូច​មុន។ ឱ្យ​ប្រជា​ពលរដ្ឋ​វិល​ចូល​លំនៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​ធម្មតា និង​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ខ្មែរ-ថៃ ចំនួន ២ នៅ​តំបន់​អូរ​ស្មាច់ និង​នៅ​ជាំសាង៉ាំ ស្រុក​អន្លង់​វែង ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ឡើង​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល