អាជ្ញាធរ​ខ្មែរ​ថៃ​ជំរុញ​ល្បឿន​​បោះ​បង្គោល​ព្រំដែន​ដើម្បី​បើក​ច្រក​ថ្មី

កាល​ពី​ខែ​សីហា​ឆ្នាំ​២០០៩ រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋាភិបាល​ថៃ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​នៅ​ឯ​ទី​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​បាន​ប្រកាស​បើក​ច្រក​តំបន់​ព្រំដែន​ថ្មី​មួយ​បន្ថែម​ទៀត រវាង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ និង​ខេត្ត​បន្ទាយ​មានជ័យ។
ដោយ សួន សុផល មុន្នី
2010.05.28
ព្រំដែន ឧត្ដរមានជ័យ ៣០៥ ក្មេង​ស្រី​អូស​រទេះ​ផ្លែ​ឈើ​ខណៈ​ម្ដាយ​រុញ​ពី​ក្រោយ ចេញ​ពី​ទឹក​ដី​ថៃ​តាម​ច្រក​ជាំស្រងាំ ក្នុង​ស្រុក​អន្លង់វែង ខែត្រ​ឧត្ដរមានជ័យ។
RFA/Hang Savyouth

អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​ស្រះ​កែវ​ថៃ បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ជាតិ​ខ្មែរ-ថៃ ចុះ​ធ្វើ​ការ​កំណត់​បង្គោល​ព្រំ​សីមា តាម​បណ្ដោយ​ព្រំដែន ខ្មែរ-ថៃ ឲ្យ​បាន​ឆាប់ ដើម្បី​ឈាន​ទៅ​ដល់​ការ​បើក​ច្រក​ទ្វារ​តំបន់​ព្រំ​ដែន​ថ្មី​មួយ នៅ​ចុង​ឆ្នាំ​២០១០ នេះ ដើម្បី​សម្រួល​ដល់​ការ​ឆ្លង​កាត់​ព្រំដែន​របស់​ប្រជា​ជាតិ នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ថៃ)។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុក កែវ​រតន: បាន​មាន​ប្រសាសន៍ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​ឧសភា​ថា អាជ្ញាធរ​ខ្មែរ-ថៃ នៃ​ខេត្ត​ទាំង​ពីរ មាន​សុ​ឆន្ទៈ​ដូច​គ្នា ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​បើក​ច្រក​តំបន់​ព្រំដែន ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៣ ជាប់​ខេត្ត​បន្ទាយ​មានជ័យ និង ខេត្ត​ស្រះ​កែវ​ថៃ ឲ្យ​បាន​ឆាប់។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ក្នុង​ភាគី​ខេត្ត​ទាំង​ពីរ គាត់​ចង់​បាន​លឿន​ដូច​គ្នា ឯក​ឧត្ដម​អភិបាល​ខេត្ត​ស្រះ​កែវ គាត់​ថា គាត់​ឯក​ភាព គាត់​ចង់ ព្រោះ​រឿង​ហ្នឹង​អូស​បន្លាយ​ពេល​យូរ​ហើយ ដូច្នេះ​គាត់​ចង់​បាន​ការ​ងារ និង​ឲ្យ​បាន​ឆាប់ ក៏​ប៉ុន្តែ​ដោយ​ឧបសគ្គ​សភាព​ការ​ប្រទេស​គាត់​ក៏​ដូច​ជា​ថ្នាក់​លើ​របស់​គាត់ ទាម​ទារ​ឲ្យ​គណៈកម្មការ​ព្រំដែន​ថ្នាក់​ជាតិ​ទាំង​សងខាង ទាំង​ពីរ​ប្រទេស និង​កំណត់​ព្រំ​សីមា​ឲ្យ​បាន​ច្បាស់​លាស់»

ប្រធាន​គណៈកម្មាធិការ​ជាតិ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ លោក វ៉ា គឹម​ហុង មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​ទាមទារ​ឲ្យ​មាន​ការ​កំណត់​បង្គោល​សីមា រវាង​កម្ពុជា​ថៃ ឲ្យ​បាន​ច្បាស់​លាស់​ខាង​លើ​នេះ​ទេ។ ចំណែក​ឯ​ភាគី​ថៃ ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ដែរ។

ប៉ុន្តែ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុង អឿន ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ខ្មែរ ជួប​ប្រជុំ​ជា​មួយ​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ កាល​ពី​ថ្ងៃ​ពុធ ទី​២៦ ខែ​ឧសភា បាន​មាន​ប្រសាសន៍​ថា ការ​បើក​ច្រក​តំបន់​ព្រំ​ដែន ខាង​លើ​នេះ ស្ថិត​នៅ​ក្នុង​ការ​គិត​គូរ​របស់​អាជ្ញាធរ​ខេត្ត ហើយ​ការ​ឈូស​ឆាយ​អាច​ចាប់​ផ្ដើម​ឡើង​នា​រដូវ​ប្រាំង​ចុង​ឆ្នាំ​២០១០

លោក​បន្ត​ថា ៖ «យើង​មិន​ទាន់​សម្រេច​ទេ យើង​ត្រូវ​សុំ​ទៅ​រដ្ឋាភិបាល​សិន យើង​ពិភាក្សា​គ្នា ទាល់​តែ​រដូវ​ប្រាំង បាន​ធ្វើ ឥឡូវ​រដូវ​ភ្លៀង ប្របិច​ៗ»

មេ​ឃុំ​អូរ​បី​ជាន់ លោក សុង មឿន បាន​មាន​ប្រសាសន៍​ថា ការ​បើក​ច្រក​តំបន់​ព្រំដែន​ខាង​លើ​នេះ គឺ​អាច​ជួយ​សម្រួល​ការ​ដោះ​ដូរ​កសិផល រវាង​ប្រទេស​ទាំង​ពីរ និង​អាច​ជួយ​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ងារ​ធ្វើ​ច្រើន​ថែម​ទៀត។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ប្រសិន​បើក​ច្រក​ហ្នឹង​ចេញ​មក ប្រជា​ពលរដ្ឋ​គាត់​មាន​ការ​ងារ​ធ្វើ​ច្រើន ខ្ញុំ​ជឿ​ថា វា​អាច​នឹង​មាន​ជីវភាព​ធូរធារ មិន​តែ​ប៉ុណ្ណោះ ប្រជា​ពលរដ្ឋ​ក្រៅ​ឃុំ​ក្រៅ​ស្រុក និង​រួម​យ៉ាង​ច្រើន​កុះករ ក្នុង​ការ​ប្រកប​មុខ​របរ​នៅ​កន្លែង​នេះ ផល​ប្រយោជន៍​ផ្ដល់​ច្រើន​ណាស់ ខ្ញុំ​រៀប​រាប់​វា​មិន​អស់»

ច្រក​តំបន់​ព្រំដែន ដែល​គ្រោង​បើក​ថ្មី​នេះ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​បង្គោល​ព្រំដែន​៤៣ ក្នុង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ (កម្ពុជា) ទល់​មុខ​ភូមិ​ណូន​ម៉ាក់​មុន អនុ​ស្រុក​គោក​សួង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។ រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋាភិបាល​ថៃ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ កន្លង​ទៅ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​យល់​ព្រម​ឲ្យ​មាន​ការ​បើក​ច្រក​តំបន់​ខាង​លើ​នេះ​បន្ថែម​ទៀត ក្នុង​ចំណោម​ច្រក​តំបន់ និង​ច្រក​អន្តរ​ជាតិ​ជា​ច្រើន​ទៀត រវាង​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។