កាសែត​ថៃ​ថា​ជន​សង្ស័យ​ក្នុង​រឿង​បំផ្ទុះ​គ្រាប់​បែក​រត់​មក​កម្ពុជា

មន្ត្រី​ការ​បរទេស​ខ្មែរ បាន​ព្រមាន​រដ្ឋាភិបាល​ថៃ​ឲ្យ​ឈប់​ទម្លាក់​កំហុស​រឿង​អ្វី​មួយ​មិន​ល្អ ដាក់​ឲ្យ​កម្ពុជា​បន្ត​ទៀត។
ដោយ ទីន ហ្សាការីយ៉ា
2010-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័រ​គណបក្ស BhumJai Thai (http://www.bhumjaithai.com) ដែល​មាន​ទីស្នាក់ការ​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក កាល​ពី​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១០
គេហទំព័រ​គណបក្ស BhumJai Thai (http://www.bhumjaithai.com) ដែល​មាន​ទីស្នាក់ការ​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក កាល​ពី​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១០
Screenshot, RFA

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ មាន​ប្រតិកម្ម​ភ្លាមៗ ក្រោយ​ពេល​សារ​ព័ត៌មាន​ថៃ បាន​ចុះ​ផ្សាយ​ថា ជន​សង្ស័យ​ចំនួន​ពីរ​នាក់ ដែល​ទាក់​ទង​នឹង​រឿង​បំផ្ទុះ​គ្រាប់​បែក​នៅ​ឯ​ស្នាក់​ការ​គណបក្ស BhumJai Thai ដោយ​អះអាង​ថា ជន​សង្ស័យ​នោះ​បាន​រត់​គេច​ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​២៣ មិថុនា​កន្លង​ទៅ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មិថុនា​ថា រដ្ឋាភិបាល​ថៃ​គួរ​បញ្ឈប់​ការ​ចោទ​ប្រកាន់​មក​លើ​កម្ពុជា និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ជា​ការ​ញុះញង់ ដែល​ខ្លួន​មិន​អាច​គ្រប់​គ្រង​សភាព​ការ​ក្នុង​ប្រទេស​របស់​ខ្លួន​ឯង​លែង​បាន​នោះ ៖ «ខ្ញុំ​សូម​ប្រកាស​បដិសេធ​ចោល​ទាំង​ស្រុង នូវ​ព័ត៌មាន​មិន​ពិត​នេះ ហើយ​មួយ​ទៀត គឺ​ថា​នេះ​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​ដែល​តែង​តែ​ទម្លាក់​កំហុស​មក​លើ​គេ​ឯង នៅ​ពេល​ដែល​ខ្លួន​មិន​អាច​គ្រប់គ្រង​សភាព​ការ​របស់​ខ្លួន​បាន»

កាសែត The Nation និង កាសែត Bangkok Post របស់​ថៃ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ មិថុនា ដោយ​ស្រង់​សំដី​មន្រ្តី​នគរបាល​អន្តោប្រវេសន៍​ត្រួត​ពិនិត្យ​ព្រំដែន​កម្ពុជា-ថៃ លោក Ben Japon Rodsawas ថា ជន​សង្ស័យ​ក្នុង​ការ​ដាក់​បំផ្ទុះ​គ្រាប់​បែក​នៅ​គណបក្សBhumJai Thai ឈ្មោះ Warisaya Boonsom អាយុ ៤២​ឆ្នាំ និង​ឈ្មោះ Kobchai Boonplod អាយុ​៤១​ឆ្នាំ បាន​រត់​គេច​ខ្លួន​ចូល​មក​កម្ពុជា តាម​ច្រកBan Khlong Leuk ស្រុក Aranyaprathet កាល​ពី​ថ្ងៃ​ពុធ វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក។

នៅ​ក្នុង​សារព័ត៌មាន Bangkok Post និង The Nation បាន​សរសេរ​ទៀត​ថា មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ថៃ​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​តើ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ ចូល​មក​ប្រទេស​កម្ពុជា ហើយ​ស្នាក់​នៅ​ទី​កន្លែង​ណា​នោះ?

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក កុយ គួង បាន​រិះគន់​ថា ប្រសិន​បើ​សមត្ថកិច្ច​ថៃ បាន​ដឹង​អំពី​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​មែន មូល​ហេតុ​អ្វី​បាន​មិន​ធ្វើ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​ថៃ​តែ​ម្ដង​ទៅ ៖ «អា​ណេះ​ហើយ ជា​សកម្មភាព​បង្ក​រឿង អ្វី​ដែល​ខ្លួន​មិន​អាច​ដោះ​ស្រាយ ទម្លាក់​អា​បញ្ហា​ហ្នឹង​មក​លើ​ប្រទេស​ជិត​ខាង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មិថុនា​នេះ។

គេ​សង្កេត​ឃើញ​ថា ទំនាក់​ទំនង​ខ្មែរ-ថៃ តែង​តែ​មាន​បញ្ហា​មិន​ល្អ​នឹង​គ្នា បន្ទាប់​ពី​មាន​ជម្លោះ​​ព្រំដែន​ខ្មែរ-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ តាំង​ពី​ឆ្នាំ​២០០៨ មក។ លោក កុយ គង់ បាន​ព្រមាន​ចំពោះ​ភាគី​ថៃ​ឲ្យ​បញ្ឈប់​នូវ​ទម្លាប់​ល្បែង​ទម្លាក់​កំហុស​ដាក់​ប្រទេស​កម្ពុជា​ដូច្នេះ​ទៀត ដែល​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ថៃ។

កាល​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ មិថុនា កន្លង​ទៅ ប្រជា​ពលរដ្ឋ​ខ្មែរ និង​ថៃ​ប្រមាណ ១៦០​នាក់ បាន​ជួប​ជុំ​គ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​រួម​គ្នា​មួយ ដែល​រៀបចំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ខេត្ត​សៀម​រាប ប្រទេស​កម្ពុជា ដោយ​យក​ធម៌​នៃ​ព្រះពុទ្ធ​សាសនា​មក​ស្វែង​យល់ និង​ធ្វើ​សមាធិ​រួម​គ្នា ជា​គោល​ក្នុង​ការ​បង្វែរ​អារម្មណ៍​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ឈាន​ទៅ​រក​ការ​បញ្ចប់​វិបត្តិ​ជម្លោះ​នានា​ឲ្យ​បាន​ឆាប់ និង​លើក​ស្ទួយ​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រជា​ពលរដ្ឋ នៃ​ប្រទេស​ទាំង២​ឲ្យ​កាន់​រឹង​មាំ​ថែម​ទៀត​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល