មន្ត្រី​ទូត​ថៃ​ទៅ​ជួប​ជន​ជាតិ​ថៃ​២​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ព្រះវិហារ

មន្ត្រី​ស្ថាន​ទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែង​ថា គេ​ចង់​បាន​ការ​យោគយល់​ពី​រដ្ឋាភិបាល​ខ្មែរ និង​តុលាការ​ខេត្ត​ព្រះវិហារ​ក្នុង​ការ​បន្ធូរ​បន្ថយ​ទោស ទៅ​លើ​បុរស​ជន​ជាតិ​ថៃ ២ នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ចំនួន ១ ឆ្នាំ​មក​ហើយ ដោយសារ​តែ​ជន​ជាតិ​ថៃ​ទាំង​នោះ បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ នៅ​ប៉ែក​ខាង​លិច​ច្រក​អាន​សេះ​នៃ​ទឹក​ដី​ស្រុក​ជាំ​ក្សាន្ត ជិត​តំបន់​ប្រាសាទ​ព្រះវិហារ។
ដោយ ហង្ស សាវយុត
2011.06.06

ទី​ប្រឹក្សា​អម​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​មួយ​រូប បាន​ឱ្យ​ដឹង​ថា គេ​ទើប​តែ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះវិហារ ដើម្បី​ជួប​សាក​សួរ​សុខ​ទុក្ខ​បុរស​ជន​ជាតិ​ថៃ ២ នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នោះ បន្ទាប់​ពី​តុលាការ​បាន​ចោទ​ប្រកាន់​ជន​ទាំង​ពីរ​ពី​បទ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ផង។ តុលាការ​បាន​សម្រេច​ឱ្យ​ឃុំ​ខ្លួន​ជន​ជាតិ​ថៃ​ទាំង ២ ជា​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​តាំង​តែ​ពី​អំឡុង​ខែ​មិថុនា​ឆ្នាំ ២០១០ មក។

លោក សរ៉ាចាក់ ប៉ូរ៉ាណៈសំរីទ្ធ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៦ ខែ​មិថុនា​ថា លោក​បាន​ជួប​បុរស​ជន​ជាតិ​ថៃ​ទាំង ២ នាក់​នោះ ហើយ​សុខភាព​របស់​គេ គឺ​ល្អ​ប្រសើរ។ ប៉ុន្តែ ដំណើរ​របស់​លោក​ទៅ​ជួប​ពួក​គេ បាន​ត្រឹម​តែ​សាក​សួរ​សុខ​ទុក្ខ​ប៉ុណ្ណោះ គឺ​មិន​មាន​ធ្វើ​អន្តរាគមន៍​ណា​មួយ​ជួយ​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រ​កាន់​បាន​ទេ។

លោក សរ៉ាចាក់ ប៉ូរ៉ាណៈសំរីទ្ធ ៖ «យើង​គោរព​ច្បាប់​ទាំង​អស់​របស់​ប្រទេស​កម្ពុជា។ ប៉ុន្តែ យើង​ត្រូវ​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ទៅ​លើ​បុរស​ជន​ជាតិ​ថៃ ២ នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​នោះ​ថា គ្រាន់​តែ​ជា​ប្រជា​ពលរដ្ឋ​ធម្មតា ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ជា​មួយ​កាំភ្លើង​បាញ់​សត្វ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ។  ប៉ុន្តែ ពួក​គេ​ត្រូវ​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ។ យើង​ចង់​បាន​ការ​យោគយល់​ពី​រដ្ឋាភិបាល និង​ពី​តុលាការ​ផង​ដែរ​នៅ​ក្នុង​រឿង​នេះ»។

លោក ហុង គឹមជី ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ថា ជា​លើក​ទី ២ ហើយ​ដែល​គេ​បាន​ឃើញ​មន្ត្រី​ស្ថាន​ទូត​ថៃ បាន​ចូល​ទៅ​សួរ​សុខទុក្ខ​បុរស​ជន​ជាតិ​ថៃ ២ នាក់ ដែល​កំពុង​ជាប់​ឃុំ​នោះ ៖ «គេ​យក​មី យក​អី​មក​ឱ្យ​ជន​ជាតិ​ថៃ​២​នាក់​ហ្នឹង។ អត់​មាន​សំណូមពរ​អី​ទេ។ គេ​គ្រាន់​តែ​សួរ​សុខ​ទុក្ខ ហើយ​គេ​ត្រឡប់​ទៅ​វិញ»។

បុរស​ជន​ជាតិ​ថៃ ២ នាក់ ម្នាក់​ឈ្មោះ ថង​ដែង ណាក់ឡា អាយុ ៥០ ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ីង អះណា អាយុ ៤០ ឆ្នាំ ជា​អ្នក​ស្រុក​ណាម​ឃុន ខេត្ត​អ៊ូប៊ុនរ៉ាតថានី​របស់​ថៃ ត្រូវ​បាន​ទាហាន​ខ្មែរ​ចាប់​ខ្លួន កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០១០ កន្លង​ទៅ នៅ​ភាគ​ខាង​លិច​ច្រក​​អាន​សេះ​នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ក្នុង​ពេល​ដែល​ជន​ទាំង​ពីរ​បាន​លប​លួច​ចូល​ក្នុង​ព្រំ​ដែន​ខ្មែរ​ប្រដាប់​ដោយ​អាវុធ​ម៉ាក ការ៉ាប៊ីន (Carabine) ចំនួន ២ ដើម និង​មាន​គ្រាប់​គីប ដែល​អាច​បង្ក​ឱ្យ​ផ្ទុះ​គ្រោះថ្នាក់​ចំនួន ១៥០ គ្រាប់​ជាប់​ខ្លួន​ផង។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា​ឆ្នាំ ២០១០ មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​បុរស​ជន​ជាតិ​ថៃ​ទាំង ២ នាក់ ពី​បទ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ និង​បាន​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ផង។ តុលាការ​បាន​សម្រេច​ឱ្យ​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​នោះ​ជា​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ។

តួ​លេខ​ត្រួសៗ បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ខែ​មិថុនា​ឆ្នាំ ២០១០ រហូត​ដល់​ខែ​មិថុនា​ឆ្នាំ ២០១១ នេះ យ៉ាង​ហោច​ណាស់​មាន​បុរស​ជន​ជាតិ​ថៃ​ចំនួន ៥ នាក់​ហើយ ត្រូវ​កង​ការពារ​ព្រំដែន​ខ្មែរ​នៃ​ខេត្ត​ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​ខ្មែរ​ខុស​ច្បាប់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។