ស្ថានភាពនយោបាយប្រទេសថៃ កាន់តែធ្ងន់ធ្ងរឡើង
2010.05.13
ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងខណៈមានការផ្ទុះអាវុធធ្ងន់ធ្ងរ និងស្រាល ក្នុងទីក្រុងបាងកក ក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមបាតុករ។
ក្រុមអ្នកជួយសង្គ្រោះបានដឹកលោកឧត្ដមសេនីយ៍ ខាត់ទិយ៉ាក់ ជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ។ ពួកគេបានឲ្យដឹងថា លោកកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
លោក ខាត់ទិយ៉ាក់ សាវ៉ាត់ឌិផុន មានឈ្មោះហៅក្រៅថា ស៊េ ឌេង ដែលមានន័យថា សេនាធិការក្រហម ជាមន្ត្រីយោធាម្នាក់ ដែលត្រូវបានរដ្ឋាភិបាលព្យួរការ ងារ ដោយចោទថា ជាមេគំនិតគាំទ្រក្រុមបាតុករអាវក្រហម ឲ្យប្រព្រឹត្តអំពើហិង្សាប្រឆាំងទៅលើកងកម្លាំងរបស់រដ្ឋាភិបាល។
លោកក៏ត្រូវបានរដ្ឋាភិបាលថៃ ចោទប្រកាន់ថា ជាភេរវករដឹកនាំបង្កើតកម្លាំងទ័ពប៉ារ៉ាបង្កប់ក្នុងជូរក្រុមបាតុករអាវក្រហម ហើយសច្ចាថានឹងធ្វើសង្គ្រាមប្រឆាំងជាមួយកងទ័ពរបស់រដ្ឋាភិបាល ប្រសិនមានការបង្ក្រាបណាមួយនោះ។
លោក ខាត់ទិយ៉ាក់ សាវ៉ាត់ឌិផុន អាយុ ៥៩ឆ្នាំ ត្រូវគេលបបាញ់ចំក្បាល ខណៈកំពុងផ្ដល់បទសម្ភាសន៍ដល់កាសែត International Herald Tribune។ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី។ ក្នុងបទសម្ភាសន៍នោះ លោកថា ប្រទេសថៃអាចនឹងឈានទៅដល់ការធ្វើសង្គ្រាមស៊ីវិល ដោយសារតែអំណាចតស៊ូរបស់មហាជន ប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន។
ឧត្ដមសេនីយ៍រូបនេះ កំពុងស្ថិតក្នុងការសង្គ្រោះដោយគ្រូពេទ្យ។ ដោយសារស្ថានភាពទ័លច្រក និងធ្លាក់ដុនដាបនេះ បានធ្វើឲ្យស្ថានទូតបរទេសជាច្រើននៅក្នុងទីក្រុងបាងកកបិទទ្វា ក្នុងនោះមានស្ថានទូតសហរដ្ឋអាមេរិកផងដែរ។ ហើយស្ថានីយរថភ្លើង Skyline នៅក្បែរជំរំរបស់ពួកបាតុករ ក៏បានបិទលែងដំណើរការ៕