ប្រទេស​ថៃ​អាច​នឹង​បាត់​បង់​ភាព​នាំ​មុខ​ក្នុង​ការ​នាំ​អង្ករ​ចេញ

អ្នក​ឯកទេស​ផ្នែក​កសិកម្ម​នៃ​ប្រទេស​ថៃ​មើល​ឃើញ​ថា ប្រទេស​ថៃ​អាច​នឹង​បាត់​បង់​ភាព​នាំ​មុខ​ក្នុង​ការ​នាំ​អង្ករ​ចេញ​លក់​ទៅ​ក្រៅ​ស្រុក ហើយ​ថា​ប្រទេស​វៀតណាម​អាច​នឹង​ជំនួស​តំណែង​នេះ​វិញ។

ប្រធាន​សមាគម​នាំ​អង្ករ​ថៃ​ចេញ អ្នក​ស្រី កបស៊ុក អៀមសុរី (Korbsuk Iamsuree) មាន​ប្រសាសន៍​ប្រាប់​កាសែត Bangkok Post ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការណ៍​ដែល​ថៃ​បាត់​បង់​ភាព​ជា​ប្រទេស​នាំ​មុខ​ក្នុង​ការ​នាំ​អង្ករ​ចេញ​នេះ គឺ​បណ្ដាល​មក​ពី​ផែនការ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​ដែល​តម្រូវ​ឲ្យ​អ្នក​ខ្ចី​មាន​វត្ថុ​មាន​តម្លៃ​កក់​ជា​មុន។

អ្នក​ស្រី​មើល​ឃើញ​ថាវ ប្រទេស​វៀតណាម ឥណ្ឌា និង​ប្រទេស​ថៃ ឈាន​មុខ​គេ​ក្នុង​ការ​នាំ​អង្ករ​ចេញ​ដាក់​លក់​នៅ​តាម​ទីផ្សារ​អន្តរ​ជាតិ។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​វៀតណាម​កំពុង​បង្ហាញ​សមត្ថភាព​ខ្លាំង​ជាង​គេ ក្នុង​ការ​នាំ​អង្ករ​ចេញ​លក់​នៅ​ជុំវិញ​ពិភព​លោក។ អ្នក​ស្រី កបស៊ុក បញ្ជាក់​ថា ៥​ឆ្នាំ​ខាង​មុខ វៀតណាម​អាច​ឈ្នះ​ប្រទេស​ថៃ។

ក្រសួង​កសិកម្ម និង​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​បន្ថែម​ថា ជា​រៀង​រាល់​ឆ្នាំ ប្រទេស​ថៃ និង​វៀតណាម​នាំ​អង្ករ​ចេញ​ទៅ​លក់​ឯ​បរទេស​បាន​ជាង ៦​លាន ៥​សែន​តោន​រៀង​ៗ​ខ្លួន។ តែ​កាល​ពី​ឆ្នាំ​២០១០ តួ​លេខ​នេះ​មាន​ការ​ធ្លាក់​ចុះ ព្រោះ​ប្រទេស​ឥណ្ឌា​លក់​ចេញ​បាន​ច្រើន៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។