អាជ្ញាធរ​ថៃ​ហាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន

កង​កម្លាំង​ការពារ​ព្រំដែន​ថៃ​នៅ​ក្នុង​តំបន់​សុផាហ៊ីន​នៃ​ខេត្ត​ត្រាត ប្រទេស​ថៃ មាន​ព្រំដែន​ជាប់​នឹង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ហាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ចេញ​ចូល​ទឹក​ដី​ថៃ។
ដោយ មណ្ឌល កែវ
2011-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ចេញ​ចូល​ទឹក​ដី​ថៃ បាន​កើត​មាន​បន្ទាប់​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​-​ខ្មែរ បាន​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​ទឹក​ដី​កម្ពុជា នៅ​ចំណុច​ព្រំដែន​មួយ​ចំនួន​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ឧត្តរ​មានជ័យ រយៈ​ពេល ២ ថ្ងៃ​ជាប់​គ្នា​រួច​មក។

ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​តែ​ចេញ​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​ថ្ម​ដារ​បាន​ឱ្យ​ដឹង​ថា ទាហាន ថៃ​បាន​ហាម​ឃាត់ និង​បណ្ដេញ​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចេញ​ចូល​ដី​ថៃ​ទៀត​ឡើយ។

លោក ពេជ្រ និល ប្រជា​ពលរដ្ឋ​នៅ​ច្រក​ព្រំដែន​ចំណុច​ភ្លុក​ដំរី​នៃ​ទឹក​ដី​ឃុំ​ថ្ម​ដារ ស្រុក​វាល​វែង ខេត្ត ពោធិ៍សាត់​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃ​ទី ២៣ ខែ​មេសា​ថា កង​កម្លាំង​ព្រំដែន​ថៃ​បាន​បណ្ដេញ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​បាន​យក​ទំនិញ និង​ផ្កា​ភ្ញី​ផ្សេងៗ ទៅ​លក់​ឲ្យ​ថៃ​ត្រឡប់​មក​វិញ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កម្លាំង​យោធា​ការពារ​ព្រំដែន​ថៃ​ទាំង​នោះ​ពុំ​បាន​គំរាម​កំហែង ឬ​ប្រព្រឹត្ត​អំពើ​ពុំ​គប្បី​ណា​មួយ មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ឡើយ។

លោក ពេជ្រ និល ៖ «ខ្ញុំ​ទើប​តែ​ទទួល​បាន​ដំណឹង​ថ្មីៗ ពី​ប្រជា​ពលរដ្ឋ​ថា​ពួក​យើង​ប្រជា​ពលរដ្ឋ ដែល​យក​ផ្កា​ទៅ​លក់​ហ្នឹង​វា​អត់​ឲ្យ​ចុះ​ទេ​បង!។ អញ្ចឹង​បាន​ន័យ​ថា វា​ប្រែប្រួល។ ពី​មុន​អត់​អី​ទេ ឥឡូវ​វា​អត់​ឲ្យ​យើង​ចុះ​ទេ។»

មេ​បញ្ជាការ​វរៈ​ព្រំដែន​ប្រចាំ​ច្រក​ព្រំដែន​តំបន់​ថ្ម​ដារ លោក គួយ សារឿន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី ២៣ មេសា​ថា សភាពការណ៍​ទូទៅ​នៅ​តំបន់​ច្រក​ព្រំដែន ថ្ម​ដារ​ពុំ​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់​សំគាល់​ទេ។ លោក​ថា ការ​ទំនាក់ទំនង​រវាង​កម្លាំង​ការពារ​ព្រំដែន​នៃ​ប្រទេស​ទាំង ២ នៅ​តំបន់​នេះ​ក៏​នៅ​ជា​ធម្មតា​ដែរ។ ទោះ​យ៉ាង​នេះ​ក្ដី មេ​បញ្ជាការ​វរៈ​ព្រំដែន​រូប​នេះ​បញ្ជាក់​ថា កង​កម្លាំង​ការពារ​ព្រំដែន​ខ្មែរ​កំពុង​តាម​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សកម្មភាព​របស់​ទាហាន​ជើង​គោក និង​ជើង​ទឹក​របស់​ថៃ​ដោយ​ពុំ​មាន​ធ្វេស​ប្រហែស​ឡើយ។ នាយ​ទាហាន​រូប​នេះ​បន្ត​ថា សភាព ការណ៍​អាច​ប្រែប្រួល​បាន​គ្រប់​ពេល​វេលា។

លោក គួយ សារឿន មាន​ប្រសាសន៍បន្ត ៖ «ការងារ​ខាង​យើង​នេះ​អត់​មាន​បញ្ហា​អី​ដូច​ខាង​ណោះ​ទេ។កន្លង​ទៅ​ពេល​មាន​សភាពការណ៍​វា​បាន​ចល័ត​កម្លាំង​អី​ចុះ​ឡើង។ ប៉ុន្តែ ម្ដង​នេះ​ពេល​កម្លាំង​យើង​ទៅ​ពិនិត្យ​គោលដៅ​ឃើញ​វា​នៅ​ដដែល​អត់​មាន​អី​ប្រែប្រួល​ទេ។ តែ​យើង​នៅ​តែ​ប្រយ័ត្ន​ដដែល ព្រោះ​មិន​ដឹង​ថា តើ​វា​ប្រែប្រួល​ពេល​ណា។ តែ​យើង​មើល​ទៅ​វា​មិន​ដូច​លើក​មុនៗ ដែល​វា​បាន​ចល័ត​ទ័ព​វា​ចុះ​ឡើង»

ទោះ​យ៉ាង​ណា​ក្ដី មាន​សេចក្ដី​រាយការណ៍​មក​ថា នៅ​តំបន់​ព្រំដែន​ខ្មែរ-ថៃ​នៅ​តំបន់​ផ្សេងៗ ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​ប្រុង​ជើង​ការ ហើយ​ភាគី​កងទ័ព​ទាំង​ពីរ កម្ពុជា-ថៃ បាន​ត្រៀម​ប្រយុទ្ធ​ជា​ស្រេច ដូចជា នៅ​តំបន់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ ក្នុង​ខេត្ត​បាត់ដំបង ប៉ៃលិន និង​ខេត្ត​បន្ទាយ​មានជ័យ ភូមិ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ជាដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល