ស្ថានភាព​នៅ​ប្រទេស​ថៃ ថ្ងៃ​១៩ ឧសភា

កង​កម្លាំង​យោធា​របស់​ថៃ​អម​ដោយ​អាវុធ​យុទ្ធភណ្ឌ​គ្រប់​ដៃ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ បាន​បំបែក​របាំង​ឃាំង​ដ៏​រឹង​មាំ​មួយ ក្នុង​ចំណោម​របាំង​ឃាំង​មួយ​ចំនួន​របស់​ក្រុម​បាតុករ​អាវ​ក្រហម ក្នុង​ទីក្រុង​បាងកក បាន​ដោយ​ជោគជ័យ។
ដោយ តាំង សារ៉ាដា
2010-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៩-ឧសភា-២០១០: ផ្សែង​ហុយ​ចេញ​ពី​តំបន់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​បាងកក កន្លែង​ដែល​ក្រុម​បាតុករ​អាវ​ក្រហម​បោះ​ជំរំ។
១៩-ឧសភា-២០១០: ផ្សែង​ហុយ​ចេញ​ពី​តំបន់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​បាងកក កន្លែង​ដែល​ក្រុម​បាតុករ​អាវ​ក្រហម​បោះ​ជំរំ។
AFP PHOTO

ក្រុម​អាវ​ក្រហម​បាន​ប្រើ​ចម្ពាម​កៅស៊ូ​ជា​អាវុធ ដើម្បី​ប្រយុទ្ធ​តបត​នឹង​ក្រុម​យោធា ដែល​បំពាក់​ទៅ​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ​ដូច​ជា M-79 ជាដើម។ នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​នោះ ក្រុម​មេ​ដឹកនាំ​បាតុករ​ថៃ​ចំនួន ៣​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ទីតាំង​ប្រយុទ្ធ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ពុធ ទី​១៩ ឧសភា​នេះ ការ​ប្រទូសរ៉ាយ​គ្នា​នោះ​បាន​បណ្ដាល​ឲ្យ​ក្រុម​មេ​ដឹកនាំ​បាតុករ​អាវ​ក្រហម​ចំនួន ៧​នាក់​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស។ អ្នក​កាសែត​ម្នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង M-79 ហើយ​អ្នក​កាសែត​ជាតិ​អ៊ីតាលី​ម្នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់​ចំ​លលាដ៍​ក្បាល។

រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បម្រាម​គោចរ មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ចាប់​ពី​ពេល​ព្រលប់​ទៅ​ដល់​ព្រលឹម។ ស្ត្រី​ខ្មែរ​មួយ​រូប​រស់​នៅ​ក្នុង​ទីក្រុង​បាងកក សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ពី​ការ​ប្ដេជ្ញា​បង្ក្រាប​បាតុករ​របស់​រដ្ឋាភិបាល ៖ «ចលាចល​វឹកវរ​ពេញ​ផ្ទៃ​ប្រទេស! យប់​នេះ​រដ្ឋាភិបាល​គេ​មិន​ឲ្យ​យើង​ចេញ​ពី​ផ្ទះ​ចាប់​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៦​ភ្លឺ បើ​អ្នក​ណា​ហ៊ាន​ចេញ​ត្រូវ​មាន​ទោស! គេ​ត្រូវ​បោស​សម្អាត​បាតុករ​ឲ្យ​អស់​ក្នុង​យប់​ហ្នឹង! មួយ​ចំនួន​ធំ​(បាតុករ)​បោះបង់​ចោល ខ្លះ​ត្រូវ​គេ​ចាប់​ចង​ស្លាប​សេក​ឡើង​ឡាន​ៗ ខ្លះ​ក៏​នៅ​ធ្វើ»

ប្រឈម​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​រដ្ឋាភិបាល មេ​ដឹកនាំ​បាតុករ​មួយ​ចំនួន​បាន​ប្រកាស​ឲ្យ​បាតុករ​របស់​ខ្លួន​បញ្ឈប់​ការ​តវ៉ា។ ប៉ុន្តែ​ការ​ប្រកាស​ចុះ​ញ៉ម​របស់​មេ​បាតុករ​នេះ បាន​បង្ក​ជា​កំហឹង​ដល់​ក្រុម​បាតុករ​មួយ​ចំនួន ហើយ​ពួក​គេ​ក៏​ចាប់ផ្ដើម​បំផ្ទុះ​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង ដោយ​ដុត​ហាង​ទំនិញ​ធំ​តូច និង​អគារ​រដ្ឋ ទាំង​នៅ​ក្នុង​ទីក្រុង​បាងកក និង​តាម​ខេត្ត​មួយ​ចំនួន។

លោក ឆៃ ឆ្នាក់ ពលរដ្ឋ​ថៃ មាន​ដើម​កំណើត​ជា​ខ្មែរ​ពី​ខែត្រ​បូរីរ៉ាំ ដែល​មាន​និន្នាការ​គាំទ្រ​ក្រុម​អាវ​ក្រហម បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បាតុករ​ដែល​មិន​សុខ​ចិត្ត​ចុះ​ចាញ់​បាន​បង្ក​ហិង្សា​ទាំង​នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន ២៣​ផ្សេង​ទៀត។

លោក ឆៃ ឆ្នាក់ បាន​បញ្ជាក់​ថា ៖ «តាម​ខេត្ត គេ​នាំ​គ្នា​ទៅ​ដុត​ទី​រួម​ខេត្ត​តែម្ដង! មាន​ខេត្ត​អុដនថានី ឈៀងម៉ៃ, នឃនភ្នំ, អ៊ូប៊ុនរ៉ាតតេថានី ដុត​ឆេះ​សាលា​ខេត្ត។ បើ​បាងកក ១២​កន្លែង ដុត​អគារ​ធំ​តែម្ដង! រួច​ដុត​អគារ​ប៉ុស្តិ៍​លេខ​៣ (ប៉ុស្តិ៍​ទូរទស្សន៍) អគារ​ប៉ុស្តិ៍​លេខ​១១ ដុត​ឆេះ​អស់​តែម្ដង! បាងកក​ទាំង​មូល រួច​២៣​ខេត្ត ទាំង​ខេត្ត​ផ្សេង​ៗ​ទៀត។ គេ​អត់​ឲ្យ​ដើរ​ម៉ោង​៨ គេ​ចាប់​មេ​ៗ​ទៅ​អស់ បាតុករ​ទាំង​អស់​ដែល​គ្នា​ខំ​តស៊ូ​នេះ​អត់​ព្រម​ចុះ​ចាញ់​ទេ! ឈប់​សិន​ណា៎! បើ​ថា​រឿង​ឲ្យ​ចាញ់ មិន​ចុះ​ចាញ់​ទេ! វា​ត្រូវតែ​មាន​ការ​តស៊ូ​ច្រើន​ទៀត​ហើយ។ ការ​ពិត​ទៅ វា​ទើប​តែ​ចាប់ផ្ដើម​សង្គ្រាម​ស៊ីវិល វា​មិន​អាច​ចប់​បាន​ទេ ព្រោះ​វា​អត់​យុត្តិធម៌ វា​មិន​អាច​មាន​សន្តិសុខ​បាន​ទេ! វា​បាន​តែ​ឈ្នះ​ពេល​នេះ វា​ក៏​មិន​អាច​សុខ​ដែរ ព្រោះ​វា​ប្រើ​អំណាច​ហួសហេតុ! វា​ភ្លេច​ខ្លួន​ថា ប្រជាជន​គេ​រើស​មក បោះ​ឆ្នោត​មក វា​មិន​អាច​នៅ​មួយ​ជីវិត​ជា​នាយក​រដ្ឋមន្ត្រី​ទេ វា​ត្រូវតែ​ចុះ​ហើយ!»

ចំណែក​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត បាន​ប្រកាស​តាម​ទូរទស្សន៍​ថា រដ្ឋាភិបាល​មាន​ទំនុក​ទុក​ចិត្ត​ថា នឹង​បាន​ជោគជ័យ​ក្នុង​ការ​បង្ក្រាប​នេះ ហើយ​ប្ដេជ្ញា​នាំ​សន្តិភាព​ត្រឡប់​មក​ប្រទេស​ថៃ​វិញ។

រដ្ឋាភិបាល​ថៃ​បាន​ហៅ លោក ថាក់ស៊ីន ឈិនណាវ៉ាត់ (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​គាំទ្រ​បាតុករ​អាវ​ក្រហម ថា​ជា​ភេរវករ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

bad time in Thailand = 2 political oppositions .
1- capitalism 60% (red shirt)
2-coservatist of monarchy 40% (yellow)
need to balance their interests and depend to the devellopement of the world.

May 20, 2010 06:26 PM

គេហទំព័រ​ទាំងមូល