ថាក់ស៊ីន ស្នើ​ឲ្យ​គូ​បដិបក្ខ​នៅ​ថៃ ថយ​មួយ​ជំហាន

លោក ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​គាំទ្រ​ក្រុម​បាតុករ​អាវ​ក្រហម នៅ​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ បាន​អំពាវនាវ​ពី​ក្រៅ​ប្រទេស សុំ​ឲ្យ​ភាគី​បាតុករ និង​ភាគី​រដ្ឋាភិបាល ថយ​មួយ​ជំហាន​រៀង​ៗ ខ្លួន ហើយ​ចាប់​ផ្ដើម​ចរចា​គ្នា​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា។
ដោយ ជី វិតា
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ថាក់ស៊ីន ឈិនណាវ៉ាត់ (Thaksin Shinawatra)។
អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ថាក់ស៊ីន ឈិនណាវ៉ាត់ (Thaksin Shinawatra)។
AFP Photo

លោក​ថ្លែង​ថា ៖ «នៅ​ក្នុង​ម៉ោង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច នៃ​ប្រវត្តិសាស្ត្រ​នា​ពេល​នេះ ខ្ញុំ​ឈរ​ខាង​ជន​រួម​ជាតិ​របស់​ខ្ញុំ។ រូប​ភាព​ដែល​ខ្ញុំ​បាន​ឃើញ គឺ​ជា​សុបិន​អាក្រក់ ដែល​នឹក​ស្មាន​មិន​ដល់។ ខ្ញុំ​គ្មាន​ជម្រើស​ផ្សេង​ទេ ក្រៅ​តែ​ពី​ការ​សុំ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់ បញ្ឈប់​នូវ​អំពើ​ហិង្សា​នេះ ហើយ​ចាប់​ផ្ដើម​ជជែក​គ្នា​សារ​ជា​ថ្មី ផ្អែក​លើ​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក»

លោក​បន្ត​ថា ៖ «សកម្មភាព​របស់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន កំពុង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​អាប់​អោន ជា​ប្រវត្តិសាស្ត្រ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ​ចុះ​ទន់​ខ្សោយ»

លោក ថាក់ស៊ីន ស្នើ​សុំ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ជួយ​សម្រុះ​សម្រួល បញ្ចប់​ជម្លោះ​រវាង​រដ្ឋាភិបាល និង​ក្រុម​បាតុករ​អាវ​ក្រហម ដែល​គាំទ្រ​លោក។ ថ្មីៗ នេះ ក្រុម​អាវ​ក្រហម​ក៏​បាន​សំណូមពរ​បែប​នេះ​ដែរ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​របស់​លោក​អភិសិទ្ធិ​បដិសេធ។ នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត ចោទ​លោក ថាក់ស៊ីន ថា បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ពី​ក្រៅ​ប្រទេស។

លោក ថាក់ស៊ីន ឈិនណាវ៉ាត់ ដែល​ត្រូវ​ក្រុម​យោធា​ទម្លាក់​ពី​អំណាច ដោយ​រដ្ឋ​ប្រហារ​ពីរ​ដង​ហើយ ត្រូវ​តុលាការ​ថៃ​កាត់​ទោស ឲ្យ​ជាប់​គុក ២​ឆ្នាំ ពី​បទ​ពុក​រលួយ​។ បច្ចុប្បន្ន លោក ថាក់ស៊ីន កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ ប៉ូលិស​ថៃ​បាន​ចាប់​បាតុករ​ជា​ច្រើន​នាក់ ដែល​ប្រើ​ប្រាស់​អាវុធ បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ ហើយ​ត្រូវ​តុលាការ​កាត់​ទោស​ជាប់​គុក​ពី​១ ទៅ ២​ឆ្នាំ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល