ក្លឹប​អ្នក​កាសែត៖ ការ​ចោទ​អ្នក​ថត​រូប​ជប៉ុន​ម្នាក់​ជា​ការ​ចោទ​ដោយ​ភ័ន្ត​ច្រឡំ

ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​ថត​រូប​ជន​ជាតិ​ជប៉ុន​ម្នាក់ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា កន្លង​ទៅ​ ដែល​ជាប់​​​ចោទ​​​ពីបទ​ ​ការ​ថតរូប និង​ចែក​ចាយ​រូប​ភាព​អាសអាភាស។ ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់ គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​ភ័ន្តច្រឡំ។
ដោយ យន់ សាមៀន
2010-12-07
Share

ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា OPC Cambodia នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​ធ្នូ បាន​ស្នើ​ឲ្យ​តុលាការ​ខេត្ត​សៀមរាប បើក​សវនាការ​កាត់​ក្តី​អ្នក​ថត​រូប​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប ពី​បទ​ថត​រូប​អាសអាភាស​ឲ្យ​មាន​តម្លាភាព និង​មាន​កម្រិត​អន្តរជាតិ។

ការ​ទាមទារ​ឲ្យ​មាន​ការ​កាត់​ទោស​ប្រកប​ដោយ​យុត្តិធម៌​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ថតរូប​សម្រាប់​សារ​ព័ត៌មាន​ជនជាតិ​ជប៉ុន ឈ្មោះ ហ្គូ តាកាយ៉ាម៉ា (Go Takayama) អាយុ ២៨​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចាប់​ខ្លួន​ពី​បទ​ថតរូប និង​ចែកចាយ​រូបភាព​អាសអាភាស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។

លោក ហ្គូ តាកាយ៉ាម៉ា ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​លោក​បាន​ថតរូប​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ជា​ប្ដី​ប្រពន្ធ​ ក្នុង​ការ​សម្ដែង​ឈុត​ឆាក​ស្នេហា​មួយ សម្រាប់​កម្មវិធី​តាំង​ពិព័រណ៍​រូបថត ដែល​មាន​ឈ្មោះ​ថា Angkor Film Festival នៅ​ទីក្រុង​សៀមរាប។

ប្រធាន​ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា លោក រ៉ូប៊ើត ខាមៃឃល (Robert Carmichael) នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​ធ្នូ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី ឲ្យ​ដឹង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បទ​ចោទ​របស់​តុលាការ​ខេត្ត​សៀមរាប ទៅ​លើ​លោក ហ្គូ តាកាយ៉ាម៉ា។

លោក​បន្ត​ទៀត​ថា និយមន័យ​នៃ​រូប​អាសអាភាស គឺ​រូបភាព​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ផ្លូវ​ភេទ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​បក​ស្រាយ​មិន​ត្រឹមត្រូវ និង​ដោយ​កំហុស​ចំពោះ​ករណី​រូប​ថត​សម្រាប់​សារ​ព័ត៌មាន​សិល្បៈ និង​រូបថត​ផ្សេងៗ។

លោក រ៉ូប៊ើត ខាមៃឃល មាន​ប្រសាសន៍​បន្ថែម ៖ "ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា សម្រាប់​គោលការណ៍​របស់​ខ្លួន​សង្ឃឹម​ថា អ្នក​កាសែត​មិន​ត្រូវ​បាន​ចាប់​ខ្លួន​គំរាមកំហែង និង​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌ ចំពោះ​ការ​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ពួក​​គេ​នោះ​ទេ។ អ្វី​ដែល​យើង​តាម​ស្វែង​យល់​តាម​រយៈ​អ្នក​រៀបចំ​កម្មវិធី​នៅ​ខេត្ត​សៀមរាប បាន​ដឹង​ថា ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លោក ហ្គូ តាកាយ៉ាម៉ា ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌"

លោក រ៉ូប៊ើត ខាមៃឃល បាន​បន្ត​ទៀត​ថា លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​វាសនា​របស់​ប្តី​ប្រពន្ធ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំឃាំង​ជាមួយ​នឹង​លោក ហ្គូ តាកាយ៉ាម៉ា ផង​ដែរ។ លោក​សង្ឃឹម​ថា យុត្តិធម៌​គួរ​តែ​ត្រូវ​បាន​ផ្ដល់​ដល់​អ្នក​ទាំង​បី​នាក់។

លោក ស៊ុន ប៊ុនថង ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ពេល​នេះ​ថា អ្នក​ថតរូប​ជន​ជាតិ​ជប៉ុន និង​ប្ដី​ប្រពន្ធ​ខ្មែរ​ពីរ​នាក់​ពិត​ជា​មាន​បំណង​ចង់​ថតរូប​ស្រាត​មែន។

កាសែត​អាមេរិក ឈ្មោះ Courier Press ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឲ្យ​ដឹង​ថា លោក ហ្គូ តាកាយ៉ាម៉ា បាន​ចូល​រួម​ក្នុង​ពិព័រណ៍​រូបថត​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​សៀមរាប ដែល​មាន​អ្នក​ថត​រូប​មក​ពី​ប្រទេស​អាស៊ី ចំនួន ៣១​នាក់ មក​ពី ១៤​ប្រទេស​បាន​ចូល​រួម។

លោក ហ្គូ តាកាយ៉ាម៉ា បាន​ជ្រើសរើស​យក​ប្រធាន​បទ​រូបថត ដែល​មាន​ឈ្មោះ​ថា ម្ចាស់ក្សត្រី​ប្រាំពីរ​ពណ៌ ដោយ​លោក​ចង់​ថតរូប​ពិព័រណ៍​ឈុត​ឆាក​ស្នេហា​រវាង​ក្រពើ និង​ម្ចាស់ក្សត្រី ដោយ​យក​ប្ដី​ប្រពន្ធ​ជនជាតិ​ខ្មែរ​ដើម្បី​សម្ដែង​ក្នុង​រឿង​នេះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល