ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​អម្ពវន្ត​ខេត្ត​បាត់ដំបង​ជ្រើស​តាំង​ចៅ​អធិការ​វត្ត​ស្ដីទី​ថ្មី

ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ជិត ២០០​នាក់ រួម​ទាំង​ព្រះសង្ឃ​ជា​ច្រើន​អង្គ បាន​គាំទ្រ​ការ​តែង​តាំង​ព្រះ​ចៅ​អធិការ​វត្ត​ស្ដីទី និង​គ្រូ​សូត្រ​ឆ្វេង​ស្ដាំ​ចំនួន​ពីរ​អង្គ ជំនួស​អតីត​ចៅ​អធិការ​ចាស់ នៅ​អម្ពវន្ត ហៅ​វត្ត​ស្វាយធំ ស្ថិត​នៅ​ឃុំ​អូរដំបងពីរ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

0:00 / 0:00

ពិធី​ប្រកាស​តែង​តាំង​ចៅ​អធិការ​ស្ដីទី បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​កញ្ញា នៅ​ក្នុង​បរិវេណ​សាលា​ឆាន់​នៅ​ក្នុង​វត្ត ក្រោយ​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​បាន​ទាមទារ​សុំ​ឲ្យ​មេគណ និង​មន្ទីរ​ធម្មការ​ខេត្ត បណ្ដេញ​តា​អាចារ្យ​ពីរ​នាក់​ចេញ​ពី​វត្ត ដោយ​ចោទ​ថា​លោក​តា​អាចារ្យ​ទាំង​ពីរ​នាក់​នោះ​ខិល​ខូច។

មេ​ឃុំ​អូរដំបងពីរ លោក ហុក សុគន្ធ ដែល​បាន​ដឹកនាំ​កិច្ច​ប្រជុំ​នោះ បាន​ថ្លែង​ថា ទន្ទឹម​គ្នា​នឹង​ការ​ជ្រើស​តាំង​ចៅ​អធិការ​ស្ដីទី​ដឹក​នាំ​វត្ត ក៏​មាន​ការ​ជ្រើស​រើស​សមាសភាព​គណៈកម្មការ​វត្ត​ថ្មី ហើយ​ប្រកាស​រំសាយ​គណៈកម្មការ​ចាស់។ ការ​សម្រេច​នេះ គឺ​បាន​ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​ពុទ្ធបរិស័ទ​ចំណុះ​ជើង និង​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ។

ព្រះសង្ឃ​ចំនួន​បី​អង្គ ដែល​តែង​តាំង​បណ្ដោះ​អាសន្ន​សម្រាប់​ដឹក​នាំ​នៅ​ពេល​នេះ​មាន ព្រះនាម សន សម្បត្តិ មាន​ព្រះជន្ម ៣០​ព្រះវស្សា តែង​តាំង​ជា​ចៅ​អធិការ​វត្ត​ស្ដីទី ព្រះសង្ឃ ព្រះនាម សុវណ្ណ មុនី ព្រះជន្ម ៣១​ព្រះវស្សា តែង​តាំង​ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះសង្ឃ ព្រះនាម កៅ សុខ ព្រះជន្ម៧១​ព្រះវស្សា តែង​តាំង​ជា​គ្រូ​សូត្រ​ឆ្វេង។

ចៅ​អធិការ​ស្ដីទី​ព្រះនាម សន សម្បត្តិ បាន​ថេរ​ដីកា​ថា ព្រះអង្គ​មិន​ចង់​បាន​តំណែង​ជា​ចៅ​អធិការ​វត្ត​ នោះ​ទេ ប៉ុន្តែ​ការ​ទទួល​ធ្វើ​ជា​ចៅ​អធិការ​ស្ដីទី គឺ​ដោយ​សារ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​បាន​សំណូម​ពរ​ឲ្យ​ព្រះអង្គ​ទទួល​តួនាទី​នេះ​ដឹក​នាំ​បណ្ដោះ​អាសន្ន។

លោកស្រី កែវ វណ្ណនាថ ជា​ខ្មែរ​ឥស្លាម ហើយ​បាន​មក​កាន់​សាសនា​ព្រះពុទ្ធ​ធ្វើ​បុណ្យ​ធ្វើ​ទាន នៅ​វត្ត​ស្វាយធំ បាន​ថ្លែង​ថា ភិក្ខុ សន សម្បត្តិ សម​ប្រកប​នឹង​ទទួល​តួនាទី​ជា​ចៅ​អធិការ ពីព្រោះ​ព្រះអង្គ​ជា​ព្រះសង្ឃ​មាន​ចំណេះ​ដឹង មាន​ធម៌​ល្អ និង​មាន​ពុទ្ធបរិស័ទ​គោរព និង​គាំទ្រ​ព្រះអង្គ​ច្រើន។

ពុទ្ធបរិស័ទ​ឈ្មោះ សែម ចន្ថា បាន​បញ្ជាក់​ថា ភិក្ខុ ព្រះនាម សន សម្បត្តិ មាន​ចំណេះ​ដឹង​ជា​អង្គ​កាន់​វិន័យ​ព្រះសង្ឃ​បាន​ត្រឹមត្រូវ។ នៅ​ក្នុង​វត្ត ព្រះអង្គ​បាន​បង្ហាត់​បង្រៀន​ធម៌​ព្រះសង្ឃ​សាមណេរ និង​នេន​ជាច្រើន​អង្គ​ទៀត។

កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ក្រុម​ភូមិ​រួម​គ្នា​ជាមួយ​ព្រះសង្ឃ បាន​ដង្ហែ​ក្បួន​ជុំវិញ​ព្រះវិហារ នៅ​ក្នុង​វត្ត បណ្ដេញ​តា​អាចារ្យ​ពីរ​នាក់ ម្នាក់​ឈ្មោះ ស ថង និង​ម្នាក់​ទៀត​ឈ្មោះ រឿង ម៉ិ ចេញ​ពី​វត្ត។ ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ចោទ​ថា លោក​តា​អាចារ្យ​ទាំង​ពីរ​នាក់ ជា​បុគ្គល​ខិល​ខូច និង​រាយការណ៍​មូល​បង្កាច់​ទៅ​មេគណ​ខេត្ត​បាត់ដំបង ឲ្យ​ដក​ហូត​យក​ត្រា​ពី​ព្រះសង្ឃ​ព្រះនាម ជា ហ៊ឺ ជា​ចៅ​អធិការ​វត្ត​ស្វាយធំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែ​កញ្ញា។

លោក​តា​អាចារ្យ ស ថង និង​លោក​តា រឿង ម៉ិ អស់​តួនាទី​ជា​តា​អាចារ្យ​ក្នុង​វត្ត​ទៀត​ហើយ។ ពួក​គាត់​បាន​ក្លាយ​ជា​ពុទ្ធបរិស័ទ​អាច​ចេញ​ចូល​ក្នុង​វត្ត​ធ្វើ​បុណ្យ​បាន។ ការ​សម្រេច​ដូច្នេះ ដោយ​សារ​លោក​តា​អាចារ្យ​ទាំង​ពីរ​នាក់ បាន​ធ្វើ​របាយការណ៍​មូល​បង្កាច់​ព្រះអង្គ ជា ហ៊ឺ អតីត​ចៅ​អធិការ​វត្ត​ថា មាន​កំហុស​ចំនួន​ប្រាំបី​ចំណុច ទាក់​ទិន​ទៅ​នឹង​ភាព​អសកម្ម​នៅ​ក្នុង​វត្ត។ ព្រះអង្គ ជា ហ៊ឺ និង​ប្រជា​ពុទ្ធបរិស័ទ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ទាក់​ទិន​ការ​តែង​តាំង​ចៅ​អធិការ​ស្ដីទី​នេះ អតីត​ចៅ​អធិការ​វត្ត​ស្វាយធំ ព្រះនាម ជា ហ៊ឺ បាន​ថេរ​ដីកា​គាំទ្រ​ការ​តែង​តាំង​ចៅ​អធិការ​ស្ដីទី​ព្រះ​នាម សន សម្បត្តិ។

មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​រាប់​រយ​នាក់ គាំទ្រ​ព្រះអង្គ សុំ​ឲ្យ​ព្រះអង្គ​ឡើង​ធ្វើ​ជា​ចៅ​អធិការ​វត្ត​វិញ ប៉ុន្តែ​ព្រះអង្គ​បាន​បដិសេធ ហើយ​សុំ​ឲ្យ​មាន​ការ​ជ្រើស​តាំង​សង្ឃ​អង្គ​ថ្មី​ធ្វើ​ជា​ចៅ​អធិការ​វត្ត។ ការ​ជ្រើស​តាំង​ចៅ​អធិការ​វត្ត​ស្តីទី និង​ការ​បង្កើត​គណៈកម្មការ​តា​អាចារ្យ​ថ្មី គឺ​ធ្វើ​ឡើង​ក្នុង​ទិសដៅ​បញ្ចប់​អធិករណ៍​នៅ​ក្នុង​វត្ត​ស្វាយធំ ជា​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ចៅ​អធិការ​វត្ត និង​ការ​រៀបចំ​គណៈកម្មការ​អាចារ្យ​វត្ត​ជា​ផ្លូវការ នៅ​ពុំ​ទាន់​មាន​ការ​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។