បោះ​បង្គោល​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បាន​ជាង​៧០%

ថ្មីៗ​នេះ អាជ្ញាធរ​បឹង​ទន្លេសាប​បាន​កំណត់​តំបន់​ព្រៃ​លិច​ទឹក និង​ធ្វើ​ការ​បោះ​បង្គោល​ជុំវិញ។
ដោយ ទីន ហ្សាការីយ៉ា
2010-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រៃ​លិច​ទឹក​នៅ​ក្នុង​បឹង​ទន្លេ​សាប
ព្រៃ​លិច​ទឹក​នៅ​ក្នុង​បឹង​ទន្លេ​សាប
RFA/Hang Savyouth

អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​បឹង​ទន្លេ​សាប បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ កក្កដា​ថា ការ​បោះ​បង្គោល​កំណត់​ព្រំ​ដី​តំបន់​ព្រៃ​លិច​ទឹក នៅ​ជុំវិញ​បឹង​ទន្លេ​សាប បាន​ចំនួន ៧០​ភាគ​រយ នៅ​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ ៦​រយ ៤០​ពាន់​ហិកតារ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ។

លោក ចាន់ យុត្ថា ជា​អគ្គ​លេខាធិការ​អាជ្ញាធរ​បឹង​ទន្លេ​សាប បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពេល​បោះ​បង្គោល​កំណត់​ព្រំ​ដី​តំបន់​ព្រៃ​លិច​ទឹក​នេះ​រួច ហើយ​បើ​មាន​វិធានការ​ការពារ​តឹង​រឹង​នោះ ធនធាន​ជលផល​នឹង​កើន​ឡើង​ប្រមាណ ៦០​ភាគ​រយ ៖ «ប៉ុន្តែ​យើង​គិត​ថា បើ​សិន​ជា​យើង​រក្សា​បាន ហើយ​មាន​ការ​កែ​ទម្រង់​មួយ​ចំនួន​ទៀត ក្រោយ​ពេល​ធ្វើ​ការ​ងារ​ទាំង​អស់​ថា យើង​គិត​ថា ធនធាន​ជល​ផល​របស់​យើង​នឹង​កើន​ឡើង​ដល់ ៦០​ភាគ​រយ​ទេ ក៏​អាច​កើន​ឡើង​ក្បែរ​នេះ​ដែរ»

លោក ចាន់ យុត្ថា បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១០ ផ្ទៃ​ដី​ព្រៃ​លិច​ទឹក​ជាង ១៥​ម៉ឺន​ហិកតារ​ត្រូវ​បាន​គេ​កាប់​រាន​ធ្វើ​ស្រែ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធនធាន​ជលផល ពិសេស​គឺ​ត្រី។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ផ្ទៃ​ដី​ជាង ១៥​ម៉ឺន​ហិកតារ​នោះ ត្រូវ​បាន​រឹប​អូស​យក​មក​វិញ​ខ្លះៗ ហើយ នៅ​ក្នុង​ខែត្រ​ពោធិ៍សាត់ និង​ខែត្រ​បាត់ដំបង ៖ «ផ្ទៃ​ដី​ទាំង​នោះ បាន​ន័យ​ថា បើ​គេ​គ្រាន់​តែ​កាប់ ឬ​ក៏​ដុត បាន​ន័យ​ថា គេ​មិន​គាស់​រំលើង​គល់​ទេ ក្នុង​រយៈ​ពេល ៣​ឆ្នាំ វា​នឹង​ដុះ​ឡើង​វិញ ចំពោះ​ផ្ទៃ​ដី​គាស់​រាន​ហើយ បើ​មិន​ដុះ​ទេ យើង​នឹង​មាន​វិធានការ​ដាំ​ឡើង​វិញ នៅ​ពេល​ខាង​មុខ»

អនុប្រធាន​សម្របសម្រួល​កម្មវិធី​បឹង​ទន្លេ​សាប លោក ឯក ចំរើន បាន​ស្វាគមន៍​ចំពោះ​អាជ្ញាធរ​បឹង​ទន្លេ​សាប ដែល​បាន​រៀបចំ​កំណត់​ព្រំ​ដី​តំបន់​បឹង​ទន្លេ​សាប​នេះ។ ប៉ុន្តែ​លោក​បាន​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ដែល​បាន​កាប់​រាន​ព្រៃ​លិច​ទឹក​យក​ដី​ធ្វើ​ស្រែ ហើយ​ត្រូវ​បាន​អាជ្ញាធរ​បឹង​ទន្លេ​សាប នឹង​ដក​ហូត​យក​វិញ​នោះ ៖ «អ្នក​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ហើយ បើ​សិន​ជា​គេ​ដក​ហូត​យក​វិញ អ្នក​ប៉ះពាល់​ជីវភាព​ដែរ តែ​វា​អាស្រ័យ​លើ​ច្បាប់ អនុក្រឹត្យ ថា​តើ​គេ​រឹប​អូស​យក​ទាំង​អស់ ឬ​ឲ្យ​ពួក​គាត់​ធ្វើ​បន្ត»

លោក ចាន់ យុត្ថា បាន​បញ្ជាក់​ទៀត​ថា តំបន់​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ មាន​ផ្ទៃ​ដី​ជាង ១​លាន​ហិកតារ។ លោក​បាន​អះអាង​ថា នៅ​ប្រទេស​កម្ពុជា ធន​ធាន​ត្រី​មិន​សូវ​សំបូរ​ដូច​ពេល​កន្លង​មក ដោយសារ​តែ​ឈ្មួញ​បាន​ធ្វើ​អាង​ទឹក​ធំៗ និង​ការ​កាប់​រាន​ព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេ​សាប ប៉ុន្តែ​អាង​ទឹក​ធំៗ ចំនួន ១៩៩​អាង នៅ​ក្នុង​តំបន់​២ និង​តំបន់​៣ មាន​ន័យ​ថា តំបន់​រក្សា​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេ​សាប ហើយ​អាង​ទាំង​នោះ គេ​រំលាយ​ចោល​បាន​ចំនួន ២៨​អាង​រួច​ហើយ អាជ្ញាធរ​ជាតិ​កំពុង​ធ្វើ​ការ​រំលាយ​អាង​ទឹក​នៅ​សល់​ជា​បន្ត​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល