បណ្ដុះបណ្ដាល​មគ្គទេសក៍​ទេសចរណ៍​កម្រិត​ខ្ពស់​នៅ​សៀមរាប

មន្ត្រី​ក្រសួង​ទេសចរណ៍​និយាយ​ថា​ស្រុក​ខ្មែរ កំពុង​ត្រូវ​ការ​ធនធាន​មនុស្ស​ដើម្បី​បម្រើ​ឧស្សាហកម្ម​ទេសចរណ៍។
ដោយ ហង្ស សាវយុត
2010.07.24
សៀមរាប ទេសចរ ៣០៥ ទេសចរ​បរទេស​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាពួន ក្នុង​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​៣ តុលា ២០០៩។
AFP PHOTO/TANG CHHIN SOTHY

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ព្រមព្រៀង​លើក​ដំបូង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កក្កដា ជា​មួយ​សាលា​បង្រៀន​ផ្នែក​សណ្ឋាគារ និង​ទេសចរណ៍​ឯកជន​នៅ​ខេត្ត​សៀមរាប (ប៉ូល​ឌុយ​ប៊្រូល) ដែល​នាយក​សាលា​ជា​ជន​ជាតិ​បារាំង ដោយ​ឲ្យ​សាលា​នោះ​ទទួល​បណ្ដុះ​បណ្ដាល​ជំនាញ​ខាង​មគ្គុទ្ទេសក៍​ទេសចរណ៍ លំដាប់​កម្រិត​ខ្ពស់​ក្នុង​ការ​សាក​ល្បង​រយៈ​ពេល​២​ឆ្នាំ ដើម្បី​យក​ធនធាន​មនុស្ស និង​ជំនាញ​សម្រាប់​បម្រើ​ការ​លើ​វិស័យ​សេវាកម្ម​ទេសចរណ៍​ខ្មែរ​។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា ដែល​បាន​អញ្ជើញ​ចូល​រួម​ជា​សាក្សី​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ព្រមព្រៀង រវាង​មន្ត្រី​របស់​លោក និង​សាលា​ឯក​ជន​បណ្ដុះ​បណ្ដាល​ជំនាញ​សណ្ឋាគារ និង​ទេសចរណ៍​នោះ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​កក្កដា​ថា ប្រទេស​កម្ពុជា គឺ​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន ដែល​កំពុង​ត្រូវ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស ឲ្យ​ចូល​មក​បន្ថែម​ទៀត ដែល​កម្ពុជា​ត្រូវ​ការ​ផលិត​សមត្ថភាព, ធនធាន​មនុស្ស​លើ​ជំនាញ​ទេសចរណ៍​ជា​ច្រើន​ផ្នែក ក្នុង​ការ​បម្រើ​ផ្នែក​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្នុង​ស្រុក និង​ឲ្យ​មាន​ការ​ទទួល​ស្គាល់​កម្រិត​ពី​ប្រទេស​នៅ​ក្នុង​តំបន់​ផង​ដែរ​។

លោក ថោង ខុន បាន​មាន​ប្រសាសន៍​ទៀត​ថា ដោយ​សារ​សារ​សំខាន់​នៃ​វិស័យ​ទេសចរណ៍ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​ក្រសួង​ទេសចរណ៍​បង្កើត​សាកល​វិទ្យាល័យ​ទេសចរណ៍ បង្កើត​វិទ្យាស្ថាន និង​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ផ្នែក​ទេសចរណ៍​ជា​ដើម ហើយ​ទន្ទឹម​និង​នោះ​រដ្ឋ​ក៏​ទទួល​ស្គាល់​តួនាទី​ដ៏​មាន​តម្លៃ​របស់​ឯក​ជន ទើប​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ជា​មួយ​សាលា​ឯក​ជន​១​នោះ ក្នុង​ការ​ឲ្យ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍​ជា​លើក​ដំបូង ដើម្បី​សាក​ល្បង​រយៈ​ពេល​២​ឆ្នាំ។

លោក ថោង ខុន មាន​ប្រសាសន៍ ៖ «មគ្គុទ្ទេសក៍​កន្លង​មក​យើង​អត់​ដែល​មាន​សាលា​ទេ យើង​មាន​តែ​វគ្គ​ទេ​ខ្ចី Hotel គេ​ធ្វើ​ទៅ ខ្ចី​សាលា​ខេត្ត​ធ្វើ​ទៅ បើក​វគ្គ​៣​ខែៗ អ៊ីចឹង​ទៅ។ តែ​ឥឡូវ​នេះ​យើង​រៀបចំ​ឲ្យ​មាន​សាលា​មួយ​គ្រប់​គ្រង​ត្រឹម​ត្រូវ​នៅ​តំបន់​សៀមរាប ផ្អែក​លើ​សាលា​នេះ ព្រោះ​យើង​ជឿ​លើ​សាលា​ហ្នឹង​វា​មាន​ពិសោធន៍ មាន​គុណភាព​ល្អ។ អ៊ីចឹង​យើង​អាច​ធ្វើ​សាលា​ដទៃ​ទៀត ប៉ុន្តែ​យើង​សាក​ល្បង​នេះ​១​សិន ព្រោះ​មគ្គុទ្ទេសក៍​សំខាន់​ណាស់»

មន្ត្រី​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា​សាលា​ឯក​ដែល​បង្រៀន​ជំនាញ​ផ្នែក​ទេសចរណ៍​ទើប​តែ​មាន​ចំនួន​៩​ប៉ុណ្ណោះ គឺ​នៅ​ខេត្ត​សៀមរាប​ចំនួន​៣ និង​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន​៦។

លោក Gérald Hougardy ជន​ជាតិ​បារាំង ជា​នាយក​សាលា​បណ្ដុះ​បណ្ដាល​ជំនាញ​សណ្ឋាគារ និង​ទេសចរណ៍ (ប៉ូល​ឌុយ​ប៊្រូល) ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា សាលា​របស់​លោក​នឹង​ធ្វើ​ការ​ជិត​ស្និត​ជា​មួយ​ក្រសួង​ទេសចរណ៍​ខ្មែរ ដែល​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ផ្នែក​មគ្គុទ្ទេសក៍​ទេសចរណ៍ ជា​លើក​ដំបូង ដោយ​ចាប់​ផ្ដើម​នៅ​ខែ​តុលា​ឆ្នាំ​នេះ។

លោក Gérald Hougardy មាន​ប្រសាសន៍ ៖ «ការ​ងារ​ថ្មី​របស់​យើង គឺ​ជា​ការ​ផ្ដល់​ចំណេះ​ដឹង និង​ជំនាញ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប នូវ​កម្រិត​សមត្ថភាព​មួយ ដែល​មាន​ការ​ទទួល​ស្គាល់ និង​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ទេសចរណ៍​នៅ​កម្ពុជា។ ពី​ព្រោះ​ថា ដោយ​ផ្អែក​លើ​ជីវចម្រុះ និង​បរិស្ថាន​ធម្មជាតិ អាច​និយាយ​បាន​ថា​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា កំពុង​បន្ត​រីក​ដុះ​ដាល​ឡើង​យ៉ាង​ឆាប់​រហ័ស»

មន្ត្រី​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន កម្ពុជា​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន​ជាង​៣០០០​នាក់ ក៏​ប៉ុន្តែ​ចំនួន​នេះ​មិន​ទាន់​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ទីផ្សារ​ទេសចរណ៍​ទេ គឺ​មគ្គុទ្ទេសក៍​ភាសា​កូរ៉េ និង​ភាសា​ចិន​កំពុង​ខ្វះ ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរណ៍​ជន​ជាតិ​ទាំង​ពីរ​នោះ មាន​កំណើន​កើន​ឡើង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។