ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា នឹង​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៣​នេះ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​អះអាង​ថា កម្ពុជា បាន​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ទូទាំង​ប្រទេស សម្រាប់​ឆ្នាំ​២០១២ ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
ដោយ ហង្ស សាវយុត
2013.01.12
Share on WhatsApp
Share on WhatsApp
ទេសចរណ៍​សៀមរាប ៣០៥ ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១០
RFA/Hang Savyouth

មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​រំពឹង​ទុក​ថា ចាប់​ពី​ពេល​នេះ​ទៅ​មុខ គឺ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា នឹង​មិន​មាន​ការ​ធ្លាក់​ចុះ​ទេ។ ការ​ព្យាករ​ទុក​នេះ ដោយ​សារ​តែ​ជា​គោល​ដៅ​ធំ​របស់​កម្ពុជា គឺ​ទទួល​ភ្ញៀវ​ដែល​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​គេ​ដឹង​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​នោះ គឺ​បាន​កើន​ឡើង​ទៅ​ដល់ ៧៦% ទៅ​ហើយ កាល​ពី​ពេល​ថ្មីៗ។ ក៏ប៉ុន្តែ ទោះ​យ៉ាង​ណា នៅ​មាន​ផល​លំបាក​ខ្លះ​កំពុង​តែ​កើត​មាន​ទៅ​លើ​បញ្ហា​ទេសចរណ៍​នៅ​ឡើយ។

ភ្នាក់ងារ​ឯកជន​ខ្លះ​ដែល​កំពុង​តែ​ប្រកប​របរ​រក​កម្រៃ​ពី​វិស័យ​ទេសចរណ៍ បាន​សំណូម​ពរ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​វិបត្តិ​មួយ​ចំនួន​ដែល​កំពុង​តែ​កើត​ឡើង​ទៅ​លើ​វិស័យ​ប្រកប​របរ​ទេសចរណ៍​ទាំង​នោះ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​រដ្ឋាភិបាល​ជាច្រើន​ស្ថាប័ន​ដែល​ពាក់ព័ន្ធ បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​ផ្នែក​ឯកជន​ដែល​កំពុង​ប្រកប​របរ​ពី​វិស័យ​ទេសចរណ៍ ដើម្បី​ស្វែង​រក​មធ្យោបាយ​ល្អៗ​ធ្វើ​ឱ្យ​ការ​បម្រើ​សេវាកម្ម​ទេសចរណ៍​កាន់​តែ​ប្រសើរ​ថែម​ទៀត នៅ​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្ពុជា និង​ទៅ​ទស្សនា​តំបន់​អង្គរ​ខេត្ត​សៀមរាប កាន់​តែ​មាន​ការ​កើន​ឡើង។

ស្រប​គ្នា​នេះ​ដែរ វិស័យ​ឯកជន​មួយ​ចំនួន​ដែល​កំពុង​តែ​ប្រកប​របរ​រក​កម្រៃ​ពី​សេវាកម្ម​ទេសចរណ៍ ឱ្យ​ដឹង​ថា បើ​ទោះ​បី​ជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា កាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ ក៏​ផល​លំបាក​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​នេះ​នៅ​តែ​មាន​បញ្ហា ដែល​ត្រូវ​ការ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។

លោក ធួន ស៊ីណាន ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក មួយ​រូប ក្នុង​ចំណោម​ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​ជាច្រើន​ទៀត ដែល​បាន​ចូល​រួម​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល។ លោក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​យ៉ាង​ខ្លាំង ដើម្បី​ទាក់​ទាញ​អ្នក​ទេសចរ​បរទេស​ឱ្យ​ចូល​មក​ទស្សនា​កម្ពុជា កាន់​តែ​ច្រើន​ថែម​ទៀត។ តំណាង​សមាគម​ទេសចរណ៍​ដដែល​បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​បច្ចុប្បន្ន ភ្ញៀវ​ទេសចរ​ខ្លះ​ដែល​ឆ្លង​តាម​ច្រក​ព្រំដែន​ពី​ប្រទេស​ជិត​ខាង​ចូល​មក​កម្ពុជា នៅ​មាន​ការ​លំបាក​នៅ​ឡើយ ដោយ​សារ​តែ​មន្ត្រី​នៅ​តាម​ព្រំដែន​មួយ​ចំនួន​បង្ក​ឱ្យ​មាន​ការ​រាំងស្ទះ។

លោក ធួន ស៊ីណាន បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ​ដែល​បាន​មក​ដោយ​ខ្លួន​ឯង និង​ភ្ជាប់​ជាមួយ​យាន​ជំនិះ ដូច​ជា​បើក​ឡាន ឬ​ម៉ូតូ​ផង​នោះ នៅ​ពេល​ដែល​ឆ្លង​កាត់​ព្រំដែន​ចូល​មក​កម្ពុជា គឺ​ត្រូវ​ការ​បំពេញ​បែបបទ​ឯកសារ​ជាច្រើន។ ការ​បំពេញ​បែបបទ​នៃ​ឯកសារ​ទាំង​នោះ បើ​ទោះ​បី​ជា​ឯកសារ​មួយ​ចំនួន​ធំ​ត្រូវ​បាន​រៀបចំ​ដោយ​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ឬ​ក៏​នៅ​សៀមរាប រួច​ហើយ​ក៏ដោយ ក៏​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​មួយ​ចំនួន​តូច មាន​គយ និង​ប៉ូលិស​អន្តោប្រវេសន៍​ជាដើម នៅ​តែ​បង្ក​ការ​លំបាក។

លោក ធួន ស៊ីណាន៖ «ព្រំដែន​ខ្លះ​មិន​ត្រូវ​បាន​ជួយ​សម្រួល​ទាល់​តែ​សោះ​តែ​ម្ដង។ ឯកសារ​គយ​ខ្លះ​ដែល​យើង​គិត​ថា​គាត់​ត្រូវ​បំពេញ​ចំណាយ​ពេល​តែ ៣០​នាទី ក៏ប៉ុន្តែ​គាត់​ឱ្យ​ពួក​គាត់​ដើរ​តាម​យើង​ខ្លាក់ៗ​រហូត​ដល់​ពេល​ទៅ ៤ ឬ ៥​ម៉ោង​ក៏​មាន​ដែរ។ បើ​សិន​ជា​យើង​ចំណាយ​លុយ​ធំ យើង​បាន​ងាយ​ស្រួល តែ​បើ​យើង​ចំណាយ​ទៅ​តាម​បែបបទ​រដ្ឋបាល ឬ​ក៏​គ្រាន់​តែ​ជូន​គាត់​បន្តិច​បន្តួច​ហ្នឹង គឺ​ពេល​វេលា​ត្រូវ​បាន​ពន្យារ​ពេល។ អីចឹង យើង​មាន​ការ​លំបាក​មែន​ទែន ដោយ​សារ​ភ្ញៀវ​ឡាន និង​ភ្ញៀវ​ធួរ (Tours) ក្រុមហ៊ុន​អ្នក​ទទួល​ខុស​ត្រូវ គាត់​នាំ​មុខ​ភ្ញៀវ ឬ​ក៏​តាម​មើល​ថែ​គាត់​រហូត​តាម​ផ្លូវ ដើម្បី​ជៀសវាង​នូវ​ឧបទ្ទវហេតុ​ណា​មួយ​កើត​ឡើង​នៅ​តាម​ផ្លូវ ពីព្រោះ​គាត់​អត់​បាន​ស្គាល់​ផ្លូវ ទីតាំង​ភូមិ​សាស្ត្រ​ដែល​គាត់​បាន​ឆ្លង​កាត់​នោះ​ទេ»

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក បញ្ជាក់​ថា បញ្ហា​លំបាក​ទាំង​នេះ គឺ​បង្ក​ឡើង​ដោយ​សមត្ថកិច្ច​នៅ​តាម​ច្រក​ទ្វា​ព្រំដែន​តិច​តូច​ប៉ុណ្ណោះ ក៏ប៉ុន្តែ​សមត្ថកិច្ច​ជាច្រើន​មាន​ការ​សម្រួល​ល្អ​មែន​ទែន ដោយ​សារ​តែ​គាត់​យល់​ច្បាស់​អំពី​សារសំខាន់​នៃ​ទេសចរណ៍។ ក្រៅ​តែ​ពី​បញ្ហា​ដែល​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក បាន​លើក​ឡើង​នោះ គឺ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ក្រុម​ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​បាន​សំណូម​ពរ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។

លោក អាង គឹមអ៊ាង ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មាន​ម្ចាស់​សណ្ឋាគារ​ខ្លះ​ធ្លាប់​បាន​ចុះ​កិច្ច​សន្យា​លើ​តម្លៃ​ស្នាក់​នៅ​ថោក​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​លក់​សណ្ឋាគារ​ទៅ​ឱ្យ​ម្ចាស់​ថ្មី គឺ​គាត់​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​នៅ​មាន​កិច្ច​សន្យា​តម្លៃ​បន្ទប់​ស្នាក់​នៅ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​ទេ។ បញ្ហា​បាន​កើត​មាន​នៅ​ពេល​ដែល​ម្ចាស់​ថ្មី​ចូល​មក​កាន់​កាប់ ដំឡើង​ថ្លៃ​បន្ទប់ ក៏ប៉ុន្តែ​កញ្ចប់​ទេសចរណ៍​បាន​ដាក់​លក់​ជូន​ភ្ញៀវ​ជាច្រើន​ឆ្នាំ​ទៅ​មុខ​រួច​ហើយ​នោះ។ លោក អាង គឹមអ៊ាង បាន​ឱ្យ​ដឹង​ថា មាន​កង្វល់​ជាច្រើន​ទៀត​ដែល​ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​ត្រូវ​ការ​ឱ្យ​សមត្ថកិច្ច​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។

លោក អាង គឹមអ៊ាង៖ «ក្មេង​រំខាន​ភ្ញៀវ​ទេសចរ​លើ​ផ្ទៃ​ទឹក​ក្នុង​បឹង​ទន្លេសាប​នេះ នៅ​តែ​មាន​ច្រើន​ក្រៅ​ពី​ការ​សុំ​ទាន គឺ​គាត់​ទៅ​រំខាន​យក​សត្វ​ពស់​អី​ទៅ លក់​ភេសជ្ជៈ ជិះ​ទូក​ដេញ ធ្វើ​ឱ្យ​ភ្ញៀវ​គាត់​មាន​អារម្មណ៍​រំខាន​ការ​ទស្សនា​របស់​គាត់។ ចំណុច​ទី៣ ការ​ធ្វើ​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ហ្នឹង មិន​មាន​អាជ្ញា​ប័ណ្ណ​ដោយ​ស្មោះ​ត្រង់ គឺ​ថា​ទិដ្ឋភាព​ជាក់ស្តែង​នេះ គឺ​ថា​មាន​ទាំង​សណ្ឋាគារ មាន​ទាំង​ផ្ទះ​សំណាក់​រ៉ឺម៉ក មគ្គុទ្ទេសក៍​ទេសចរណ៍ តាក់ស៊ី​អី​ទៅ​ទៀត គឺ​ថា​គាត់​បាន​បង្កើត​វេបសាយ (Website) ធ្វើ​អាជីវកម្ម​លក់​កញ្ចប់​ទស្សនកិច្ច។ មិន​ដឹង​ជា​គាត់​មាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​ទេសចរណ៍​ដែរ​ឬ​ទេ ឬ​ក៏​គាត់​ធ្វើ​ខ្លួន​ឯង ឬ​គាត់​ទៅ​ទិញ​សេវា​នោះ​ពី​ទីភ្នាក់ងារ​ទេសចរណ៍»

ការ​ចាត់​ចែង​ឱ្យ​មាន​ចំណត​រថយន្ត​ត្រឹម​ត្រូវ​សម្រាប់​ភ្ញៀវ​ទេសចរ និង​ការ​សំអាត​បរិស្ថាន​ទីក្រុង ដើម្បី​ធានា​ដល់​សុខភាព​សាធារណៈ និង​បង្កើន​សម្រស់​ទាក់​ទាញ​ទេសចរណ៍ ក៏​ជា​បញ្ហា​ដែល​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ផង​ដែរ នៅ​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​កាន់​តែ​កើន​ឡើង។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា មាន​បញ្ហា​មួយ​ចំនួន​ដែល​កើត​ឡើង​កន្លង​ទៅ និង​តម្រូវ​ឱ្យ​មាន​ការ​កែលំអ ដូច​ជា បណ្ដាញ​អគ្គិសនី​នៅ​ក្នុង​ទីក្រុង​មិន​ទាន់​បាន​រៀបចំ​សណ្ដាប់​ធ្លាប់​ឱ្យ​បាន​ល្អ​នៅ​ឡើយ។ ការងារ​បរិស្ថាន​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​លួច​ចោល​កាក​សំណល់​នៅ​តាម​ទី​សាធារណៈ នៅ​តាម​ដង​ផ្លូវ និង​តំបន់​ជាយ​ក្រុង ដោយ​សារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​ប្រគល់​សំរាម​ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​យក​ទៅ​ចោល​ទេ។ ចំណែក​រថយន្ត​ដឹក​សំរាម​ចេញ​ពី​ទីក្រុង​មួយ​ចំនួន​មាន​ភាព​ធ្លុះធ្លាយ ធ្វើ​ឱ្យ​ធ្លាក់​សំរាម​នៅ​តាម​ដង​ផ្លូវ នាំ​ឱ្យ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរ។

បញ្ហា​គ្រប់គ្រង​មគ្គុទ្ទេសក៍​ទេសចរណ៍​ទៀត​សោត បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​រុស្ស៊ី​នៅ​តែ​បន្ត​ប្រើប្រាស់​ជន​ជាតិ​រុស្ស៊ី ឱ្យ​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ជាច្រើន​នៃ​តំបន់​អង្គរ ដែល​ធ្វើ​ឱ្យ​ក្រុម​មគ្គុទ្ទេសក៍​ជន​ជាតិ​ខ្មែរ និយាយ​ភាសា​រុស្ស៊ី បាត់​បង់​ចំណូល​ពី​ទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា ក្រសួង​ទេសចរណ៍​កំពុង​ប្រឹងប្រែង​ពង្រឹង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​គោល​ដៅ​ទេសចរណ៍ ជាពិសេស​នៅ​ខេត្ត​សៀមរាប ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្រសួង​ទេសចរណ៍ និង​ពង្រឹង​វិន័យ​ទៅ​លើ​សមត្ថកិច្ច​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន និង​បញ្ហា​ដែល​ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​វេបសាយ មិន​ស្មោះត្រង់ ដោយ​ភូត​កុហក​ភ្ញៀវ​ថា សណ្ឋាគារ​របស់​ខ្លួន​លំដាប់​ផ្កាយ ៤ ឬ ៥ ហើយ​លក់​បន្ទប់​ស្នាក់​នៅ​តម្លៃ​ថោក ធ្វើ​ឱ្យ​សណ្ឋាគារ​ដែល​មាន​លំដាប់​ផ្កាយ​ពិត​ប្រាកដ​ជួប​ផល​លំបាក​នោះ។

លោក ថោង ខុន៖ «វា​ជា​បុគ្គល​ទេ ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក។ ការងារ​ហ្នឹង​គឺ​ច្បាប់​យើង​មាន​អស់​ហើយ ក៏​ប៉ុន្តែ​យើង​ត្រូវ​ពង្រឹង​នូវ​វិន័យ ហើយ​អ្វី​ដែល​យើង​បាន​ចេញ​ជា​ការ​ណែនាំ ហើយ​ត្រូវ​អនុវត្ត​ឱ្យ​ល្អ​នៅ​គ្រប់​ច្រក​ទ្វារ​ទាំង​អស់ ព្រោះ​នៅ​គ្រប់​ច្រក​ទ្វារ​ច្បាស់​ហើយ គឺ​ថា​តម្លៃ​វីសា (VISA) ត្រូវ​ដាក់​បិទ​ជា​ចំហ ហើយ​ភ្ញៀវ​ធួរ​ធ្វើ​យ៉ាង​ម៉េច ភ្ញៀវ​រាយ​ធ្វើ​យ៉ាង​ម៉េច។ បញ្ហា​មួយ​ទៀត ទាក់​ទង​ទៅ​នឹង​បញ្ហា​បន្លំ​គុណភាព វា​អត់​មាន​ទេ។ បញ្ហា​សំខាន់ គឺ​អ្នក​ចុះ​វេបសាយ​នោះ​ទេ។ ពេល​ដែល​រដ្ឋ​មិន​ទាន់​ទទួល​ស្គាល់​ផង ចេះ​តែ​បង្កើន​គុណភាព​ខ្លួន​ឯង​ថា​ផ្កាយ​៤ ផ្កាយ​អី ប៉ុន្តែ​តាម​ពិត​បើ​អ្វី​ដែល​រដ្ឋាភិបាល និង​ក្រសួង​ទេសចរណ៍​មិន​ទាន់​ទទួល​ស្គាល់ សូម​ដាក់​ថា​ការ​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវ​ការ​ទៅ។ អីចឹង សូម​កុំ​ឱ្យ​មាន​បញ្ហា​ហ្នឹង​ត​ទៅ​ទៀត»

ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា ប្រទេស​កម្ពុជា បាន​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​សម្រាប់​ឆ្នាំ​២០១២ គឺ​ប្រហែល​ជាង ២ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំណែក​នៅ​ខេត្ត​សៀមរាប ក្នុង​រយៈពេល​ពេញ ១ឆ្នាំ​២០១២ គឺ​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ២លាន ៦ម៉ឺន​នាក់។ ចំនួន​នេះ​បាន​កើន​ឡើង ២៨.១៥% បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។