ខេត្ត​កំពត និង​ខេត្ត​កែប ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ក្នុង​ពិធី​បុណ្យ​អុំទូក

រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​បូកគោ ដែល​បាន​ជួសជុល​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ និង​ទើប​បើក​ឲ្យ​ដំណើរ​ការ​ថ្មីៗ​នេះ ជា​គោលដៅ​ទេសចរណ៍​ថ្មី​នៅ​ខេត្ត​កំពត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង​គេ ដោយ​សារ​តែ​ភាព​ល្បី​រន្ទឺ​របស់​រមណីយដ្ឋាន​នេះ។
ដោយ អ៊ុក សាវបូរី
2012.11.30

ពិសេស​ទៅ​ទៀត ភ្នំ​បូកគោ មាន​អាកាសធាតុ​ត្រជាក់ និង​មាន​ខ្យល់​ល្អ​បរិសុទ្ធ។ ចំណែក​អាជ្ញាធរ​ខេត្ត​នៅ​តំបន់​ឆ្នេរ ក្នុង​ខេត្ត​កែប អះអាង​ថា ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​ខេត្ត​នេះ​បាន​កើន​ឡើង​ដល់​ទៅ​ជាង ៤​ម៉ឺន​នាក់ ក្នុង​រយៈពេល ៣ថ្ងៃ នៃ​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១២ នេះ។

មន្ត្រី​ទេសចរ និង​អ្នក​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍ សុទ្ធ​តែ​លើក​ឡើង​ដូច​គ្នា​ថា រមណីយដ្ឋាន​បូក​គោ ជា​គោលដៅ​ទេសចរណ៍​ថ្មី​ដ៏​ទាក់​ទាញ សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក។

មន្ត្រី​ទេសចរ​ខេត្ត​កំពត លោក សយ ស៊ីណុល អះអាង​ថា ថ្ងៃ​ឈប់​សម្រាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក ឆ្នាំ​២០១២ ចំនួន ៣​ថ្ងៃ ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ ច្រើន​ជាង​រមណីយដ្ឋាន ១៣​កន្លែង​ផ្សេង​ទៀត ក្នុង​ខេត្ត​កំពត។

លោក​បន្ថែម​ថា ភ្ញៀវ​បាន​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​កំពត រយៈពេល ៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កើន​លើស​ប្រមាណ ៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១១ កន្លង​ទៅ៖ «ភ្ញៀវ​ទាំង​អស់​មក​កាន់​ខេត្ត​កំពត មាន ៣​ម៉ឺន ៧​ពាន់​នាក់។ រយៈពេល ៣​ថ្ងៃ​នេះ យើង បើ​ធៀប​ពី​ឆ្នាំ​ទៅ កើន​ឡើង​ជាង ៣០%»

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​រមណីយដ្ឋាន​បូកគោ មាន​អាហារដ្ឋាន​នៅ​តំបន់​ទឹក​ធ្លាក់។

ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ភ្នំ​បូកគោ លោក សេដ្ឋា ថ្លែង​ថា រមណីយដ្ឋាន​ភ្នំ​បូកគោ បច្ចុប្បន្ន មាន​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​ល្អ​ជាង​ឆ្នាំ​មុន ក្នុង​នោះ​មាន​ភោជនីយដ្ឋាន មាន​បង្គន់​អនាម័យ មាន​ធុង​សំរាម មាន​កន្លែង​ចត​រថយន្ត​យ៉ាង​មាន​របៀប​ទៀត​ផង៖ «បញ្ហា​រមណីយដ្ឋាន​បូកគោ ឡើង​ទៅ​ខាង​ក្រុមហ៊ុន គេ​យក​ថ្លៃ​សេវា ១ម៉ឺន វា​សមរម្យ គឺ​គេ​ទប់ទល់​អនាម័យ សេវា​គេ​ថែ​ទាំ​ផ្លូវ​អី​ហ្នឹង។ ម្យ៉ាង ទៅ​ដល់​ទីនោះ វា​ប្លែក​ជាង​មុន ពី​មុន​វា​អនាធិបតេយ្យ ឥឡូវ​គេ​រៀបចំ​តាំង​ពី​បង្គន់​អនាម័យ សន្តិសុខ ដាក់​ចំណត​ឡាន​អី ស្រួល​បួល​ឲ្យ​យើង​ចត​មាន​សណ្ដាប់​ធ្នាប់ ហើយ​មាន​អ្នក​ដើរ​ប្រមូល​សំរាម នៅ​ពេល​ដែល​យើង​ងើប​ចេញ គេ​មាន​ក្រុម​គេ​ដើរ​ប្រមូល មាន​ថង់​ខ្មៅ ហើយ​គេ​ដើរ​ប្រមូល​សំរាម អ្នក​ដែល​ទៅ​អង្គុយ​លេង ញ៉ាំ​អី យក​ឥវ៉ាន់ ខ្ចប់​ទៅ​ញ៉ាំ​ហ្នឹង គេ​ប្រមូល​សំរាម​អីវ៉ាន់​ហ្នឹង ដាក់​ចូល​ក្នុង​ថង់​អី​យ៉ាង​មាន​សណ្ដាប់​ធ្នាប់ យក​ទៅ​ទុក​នៅ​កន្លែង​ធុង​សំរាម​របស់​គេ»

ក្រៅ​ពី​រមណីយដ្ឋាន​ភ្នំ​បូកគោ នៅ​ឯ​រមណីយដ្ឋាន​ប្រាសាទ​ភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ក៏​មាន​ការ​អះអាង​ថា ភ្ញៀវ​អន្តរជាតិ នៅ​តែ​មាន​ជា​ធម្មតា ប៉ុន្តែ​ភ្ញៀវ​ជាតិ​មិន​សូវ​ឡើង​ទៅ​កម្សាន្ត​នៅ​ភ្នំ​នោះ​ទេ។

មេ​ឃុំ​ប្រាសាទភ្នំខ្យង លោក ហ៊ុន តេង លោក​មេ​ឃុំ​បន្ថែម​ថា រយៈពេល ៣​ថ្ងៃ​នៃ​បុណ្យ​អុំទូក​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ ឡើង​ទៅ​កម្សាន្ត​នៅ​ប្រាសាទភ្នំខ្យង កើន​ឡើង បើ​ធៀប​ឆ្នាំ​មុនៗ៖ «ប្រហែល​ជា​ប៉ុន្មាន​មុន​នេះ ក៏​មិន​ទាន់​មាន​កំណើន​ភ្ញៀវ​ទេសចរ​អី​ដែរ ព្រោះ​គេ​មិន​ទាន់​ដឹង​ថា ជណ្ដើរ​យើង​ធ្វើ​ឡើង​ហើយ អីចឹង​ក្រោយ​ពី​មន្ទីរ​បាន​កសាង​នោះ​ទៅ កំណើន​ភ្ញៀវ​ទេសចរ​កើន»

នៅ​ឯ​ខេត្ត​កែប វិញ អភិបាល​រង​ខេត្ត អ្នកស្រី គង់ ចំរើន ថ្លែង​ថា រយៈពេល ៣​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​អុំទូក មាន​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​តំបន់​ឆ្នេរ​ជាង ៤​ម៉ឺន ៥​ពាន់​នាក់៖ «ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​មាន​ភាព​ងាយ​ស្រួល គឺ​ថា​ភ្ញៀវ​គាត់​អញ្ជើញ​មក គាត់​ចង់​សម្រាក​ក៏​បាន គាត់​ចង់​វិល​ល្ងាច​ក៏​បាន ហើយ​មួយ​ទៀត វា​ជា​ចំណង​ត​ភ្ជាប់​រវាង​កែប បូកគោ កំពង់សោម»

អ្នកស្រី​បន្ត​ថា ខេត្ត​កែប ឆ្នាំ​នេះ មិន​បាន​រៀប​ពិធី​បុណ្យ​អុំទូក​កាចា ដូច​ឆ្នាំ​កន្លង​ទៅ​ឡើយ ព្រោះ​បុណ្យ​សមុទ្រ​ត្រូវ​បាន​ផ្អាក ដោយ​ពលរដ្ឋ​ចូល​រួម​កាន់​ទុក្ខ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ ប៉ុន្តែ ការ​តាំង​ពិព័រណ៍​ភូមិ​មួយ ផលិត​ផល​មួយ នឹង​រៀបចំ​ធ្វើ​នៅ​ចុង​ខែ​ធ្នូ ចាប់​ពី​ថ្ងៃ​ទី២៧ តទៅ៖ «ម្ហូប​អាហារ​មិន​មាន​តម្លៃ​ឡើង​ទេ ព្រោះ​លក់​តាម​បញ្ជី​រាយ​មុខ​ម្ហូប ដូច​ថា ក្តាម​អី​ទៅ វា​ខុស​តម្លៃ​គ្នា ១គីឡូ ៥ពាន់​អី​ដែរ ព្រោះ​ថា​ក្តាម គឺ​ជា​ផលិត​ផល​រស់ វា​ខុស​ពី​បង្គា មឹក​អី យើង​ក្លាសេ​បាន មាន់​អី យើង​ក្លាសេ​បាន»

ក្រុម​អាជីវករ​ខេត្ត​កំពត និង​ខេត្ត​កែប បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន ពួក​គាត់​លក់​ផ្លែ​ឈើ ម្រេច ទឹកត្រី គ្រឿង​សមុទ្រ​ក្រៀម និង​ស្រស់ ជាដើម ដាច់​ច្រើន ព្រោះ​ជា​ផលិត​ផល​ដែល​បាន​ល្បី​យូរ​លង់​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។