ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​កើន​ឡើង​ជិត​២៤%

ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា មាន​ការ​កើន​ចំនួន​ជា​លំដាប់។ គិត​ពី​ដើម​ឆ្នាំ​មក​ទល់​ខែ​តុលា ឆ្នាំ​២០១២ នេះ មាន​ភ្ញៀវ​មក​ទស្សនា​ប្រទេស​កម្ពុជា ​ជិត ៣​លាន​នាក់។

0:00 / 0:00

ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០១២ នេះ បាន​កើន​ឡើង​ជិត ២៤% បើ​ប្រៀបធៀប​ជាមួយ​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១១។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ចេញ​ផ្សាយ​នៅ​ត្រី​មាស​ទី​៤ ឆ្នាំ​២០១២ បាន​បង្ហាញ​ថា គិត​ចាប់​តាំង​ពី​ខែ​មករា មក​ទល់​ខែ​តុលា ឆ្នាំ​២០១២ នេះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​កម្ពុជា ចំនួន​ជិត ៣​លាន​នាក់។ ប្រទេស​ចំនួន ១០ ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា ច្រើន​ជាង​គេ គឺ​មាន​ប្រទេស​វៀតណាម កូរ៉េ ចិន ឡាវ ថៃ ជប៉ុន សហរដ្ឋអាមេរិក បារាំង ម៉ាឡេស៊ី និង​អូស្ត្រាលី។

បើ​គិត​ជា​អត្រា​តាម​តំបន់​វិញ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​ចំនួន​ជាង ៧៧% មក​ពី​ប្រទេស​តំបន់​អឺរ៉ុប​មាន​ជាង ១៦% និង​មក​ពី​ប្រទេស​តំបន់​អាមេរិក មាន​ចំនួន​ជិត ៧%។

លោក ទិត ចន្ថា អគ្គនាយក​ទេសចរណ៍​ក្រសួង​ទេសចរណ៍ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ឲ្យ​ដឹង​អំពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​កំណើន​ទេសចរណ៍​ថា មក​ពី​ប្រទេស​កម្ពុជា មាន​សន្តិភាព សុវត្ថិភាព និង​ស្ថានភាព​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក មាន​ភាព​ល្អ​ជាង​មុន។

តំបន់​ទេសចរណ៍​សំខាន់ៗ នៅ​ប្រទេស​កម្ពុជា ដែល​អ្នក​ទេសចរណ៍​និយម​ទៅ​ទស្សនា និង​ទៅ​លេង​កម្សាន្ត មាន​តំបន់​សៀមរាប​អង្គរ តំបន់​ភ្នំពេញ តំបន់​ឆ្នេរ​សមុទ្រ តំបន់​អេកូ​ទេសចរណ៍​ភូមិ​ភាគ​ឦសាន និង​តំបន់​ប្រាសាទ​ព្រះវិហារ។

ការ​រីក​ចំរើន​វិស័យ​ទេសចរណ៍​មាន​ទាក់ទង​ជាមួយ​កត្តា​ជា​ច្រើន មាន​ជា​អាទិ ការ​បដិសណ្ឋារកិច្ច​សេវាកម្ម អាហារ មធ្យោបាយ​ធ្វើ​ដំណើរ មគ្គុទ្ទេសក៍ អ្នក​បកប្រែ ទី​កម្សាន្ត អនាម័យ ផ្ទះសំណាក់ និង​សណ្ឋាគារ តម្លៃ​សុវត្ថិភាព​ជាដើម។

លោក ណុប សោភា អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ឈ្មោះ អ៊ិនធឺប្រ៊េត ត្រាវែល ខេមបូឌា (Interpreted Travel Cambodia) មាន​ប្រសាសន៍​ថា ពិត​មែន​តែ​វិស័យ​ទេសចរណ៍​មាន​ការ​រីក​ចំរើន និង​ភ្ញៀវ​ទេសចរណ៍​មាន​ការ​ពេញ​ចិត្ត​មក​ទស្សនា​ប្រទេស​កម្ពុជា តែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​ត្រូវ​មាន​ការ​កែ​លំអ​ដែរ។

នៅ​ក្នុង​ពេល​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជិត ៣​លាន​នាក់​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា នោះ ក៏​មាន​ប្រជាពលរដ្ឋ​កម្ពុជា ជិត ៧០​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​កម្សាន្ត​នៅ​បរទេស​ក្នុង​រយៈពេល​ជាង ១០​ខែ​កន្លង​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។