គម្រោង​ដក​កងទ័ព​ខ្មែរ​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ពន្យារ​ពេល

គម្រោង​ដក​កងទ័ព​ប្រដាប់​អាវុធ​ខ្មែរ​ថៃ​រាប់​រយ​នាក់​ដែល​កំពុងតែ​ប្រឈមមុខ​ដាក់​គ្នា នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នៃ​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ បាន​ពន្យារ​ពេល​ត​ទៅ​ទៀត ដោយសារ​តែ​ភាគី​ទាំង​សងខាង​នៅ​រង់ចាំ​ស្ដាប់​ដំណោះស្រាយ​ដែល​មន្រ្តី​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កំពុងតែ​ជួប​ចរចា​គ្នា​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ​នោះ ។
ដោយ សាវយុត
2008.08.19
ទាហានខ្មែរថៃ លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក (ស្ដាំ) និង​មេ​បញ្ជាការ​ទាហាន​ថៃ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១៨ សីហា ២០០៨។
RFA Photo/Savyouth

មេ​បញ្ជាការ​កងពល​អន្តរាគមន៍​លេខ​១២ ដែល​កំពុង​គ្រប់គ្រង​កងកម្លាំង​យោធា​ខ្មែរ​ក្នុង​តំបន់​ជម្លោះ លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​អង្គារ​ថា គម្រោង​នៃ​ការដក​កងទ័ព​ខ្មែរ​ថៃ​រាប់​រយ​នាក់​ចេញពី​ខ្សែ​ត្រៀម​ជួរ​មុខ ដោយ​កំណត់​ឲ្យ​ទុក​តែ​ម្ខាងៗ​២០​នាក់​នោះ មិន​ទាន់​អាច​ធ្វើ​ឡើង​បាន​នៅ​ឡើយ​ទេ ពីព្រោះតែ​កិច្ចចរចា​របស់​មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ចប់ ហើយ​មិន​ទាន់​បាន​ទទួល​បទបញ្ជា​ណា​មួយ​នៅឡើយ ៖ «អត់​ទាន់​មាន​ដំណឹង​អី​ទាំងអស់ ទាល់តែ​មាន​ផែនការ ឬ​មាន​បទបញ្ជា​មក ។ ឥឡូវ​អត់​ទាន់​ដឹង​ទេ»

តាម​លទ្ធផល​នៃ​កិច្ច​ជួប​ចរចា​រវាង​មន្រ្តី​ការ​បរទេស​ខ្មែរ​ថៃ នៅ​ឯ​ទីក្រុង​ហួហ៊ីន ប្រទេស​ថៃ រហូត​មក​ដល់​ម៉ោង​៤​ល្ងាច​ថ្ងៃ​នេះ នៅ​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​យ៉ាង​ណា​នោះ​ទេ ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​កិច្ចប្រជុំ​នោះ​ត្រឹមតែ​វេលា​ថ្ងៃ​ត្រង់​តែ​ប៉ុណ្ណោះ ចំណែកឯ​ចាប់ពី​ពេល​ល្ងាច​លោក​ពុំ​ទាន់​បាន​ដឹង​ទេ ៖ «ការពិត​បាន​ដឹង​តែ​មុន​ពេល​បាយ​ទេ ពេល​ភាគី​ទាំង​ពីរ​បាន​បន្ថយ​វត្តមាន​កម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​ចេញ​ពី​តំបន់​វត្ត ហើយ​និង​ទីតាំង​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ហ្នឹង ។ បន្ទាប់​មក ទី​២​ហ្នឹង​ក៏​គេ​និយាយ​អំពី​ការងារ​រៀបចំ​គណៈកម្មការ​ក្នុង​ការបោស​សម្អាត​មីន និង​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​ឈាន​ទៅ​រក​ការអនុវត្ត​នូវ​អ្វី​ដែល​ថា ពិនិត្យ​មើល​ព្រំដែន​តាម​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា ។ ទី​៣ និយាយ​អំពី​ថា​តើ​ពេល​ណា​នឹង​បញ្ចប់​វត្តមាន​របស់​កងទ័ព​ប្រយុទ្ធ​នៅ​លើ​វត្ត ក៏​ដូច​ជា​នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​ព្រះវិហារ»

ទោះ​យ៉ាង​ណា​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា​កន្លង​មក ខណៈពេល​ដែល​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​កងទ័ព​រួម​គ្នា​នោះ មេ​បញ្ជាការ​កងកម្លាំង​ស៊ុរៈនារី​របស់​ថៃ លោក​ឧត្ដមសេនីយ៍​ត្រី កាណុបនេត្រៈ ថៈវេសនៈ បាន​អះអាង​ថា​ការដក​កងទ័ព​ចេញ​ពី​ខ្សែ​ត្រៀម​ជួរ​មុខ អាច​នឹង​ធ្វើឡើង​ជា​លើក​ទី​២​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា​កន្លង​មក កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន​ជាង​៣៣០​នាក់ បាន​កាត់​បន្ថយ​ចាកចេញ​ពី​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វារៈ ហើយ​កងទ័ព​ខ្មែរ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ក៏​បាន​ចាកចេញ ។ ក៏ប៉ុន្តែ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ កង​ទាហាន​ឈុត​ខ្មៅ​និង​ប៉ារ៉ា​របស់​ថៃ​រាប់​រយ​នាក់ នៅ​តែ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​ទាហាន​ខ្មែរ​នៅ​ឡើយ ។

តាម​កង​ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថា គេ​នៅតែ​ឃើញ​មាន​ទាហាន​ឈុត​ខ្មៅ​និង​ប៉ារ៉ា​របស់​ថៃ នៅតែ​ចូល​មក​កាន់កាប់​តំបន់​ប្រឈម​មុខ​ដាក់​គ្នា ហើយ​រថយន្ត​ជញ្ជូន​ស្បៀង​និង​ទឹក​សម្រាប់​កងទ័ព​នៅតែ​មមាញឹក ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។