មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប.​នឹង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី (Surya Prasad Subedi) នឹង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​រយៈពេល ១២​ថ្ងៃ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ចាប់ផ្តើម​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ មករា​នេះ។
ដោយ វោហារ ជាតិ
2010-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា រូប​ថត​ថ្ងៃ​ទី ២៤ មិថុនា ២០០៩
លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា រូប​ថត​ថ្ងៃ​ទី ២៤ មិថុនា ២០០៩
RFA Photo/Uon Chhin

ក៏​ប៉ុន្តែ​មិន​មាន​ការ​អះអាង​ជា​ផ្លូវការ​ណា​មួយ​បញ្ជាក់​ថា តើ​មន្ត្រី​ខ្មែរ​ណា​ខ្លះ​ដែល​លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី នឹង​ត្រូវ​ជួប​នោះ​ទេ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​កន្លះ​ខែ​នេះ។

លោក ទូច ហួន ជំនួយការ​មន្ត្រី​តំណាង​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​១៧ មករា​នេះ ថា លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​១៨ មករា តែ​លោក​មិន​ដឹង​អំពី​កម្មវិធី​ទស្សកិច្ច​នេះ​ពិស្ដារ​នោះ​ទេ ដោយ​លោក​ថ្លែង​ថា ក្រសួង​ការបរទេស​កម្ពុជា​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ។

លោក ទូច ហួន បាន​ឲ្យ​ដឹង​ថា ៖ «មក​លើក​មុន​ខាង​ក្រសួង​ការបរទេស​គាត់​រៀបចំ​ឲ្យ សម្រាប់​ជួប​ជាមួយ​មន្ត្រី​រាជ​រដ្ឋាភិបាល ហើយ​លើក​នេះ​ក៏​អ៊ីចឹង​ដែរ»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​មិន​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នោះ បាន​បង្ហាញ​ថា លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី នឹង​មក​ពិនិត្យ​ដោយ​ផ្ទាល់​អំពី​ដំណើរការ​នៃ​រដ្ឋសភា និង​ស្ថាប័ន​តុលាការ ព្រមទាំង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា តើ​មាន​ដំណើរការ​ឯករាជ​ភាព​និង​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ។

លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ជា​ជនជាតិ​នេប៉ាល់​ដែល​ត្រូវ​បាន​តែងតាំង​ជា​អ្នក​រាយការណ៍​ពិសេស​របស់​ឧត្ដម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ​២០០៩​កន្លង​ទៅ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ ទី​១៧ មករា​នេះ​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម។

ក៏​ប៉ុន្តែ​លោក ជាម យៀប មន្ត្រី​គណៈកម្មការ​ទី​២​របស់​រដ្ឋសភា​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម បាន​ថ្លែង​ថា លោក លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី មាន​គម្រោង​ចង់​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រះ​មហាក្សត្រ​ខ្មែរ ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​នឹង​មាន​ចម្លើយ​យ៉ាង​ណា​នោះ​ទេ។

លោក ជាម យៀប បាន​បញ្ជាក់​ថា ៖ «ការ​អញ្ជើញ​របស់​គាត់​យើង​ស្វាគមន៍ ប៉ុន្តែ​គ្រាន់​ថា សុំ​ឲ្យ​ធ្វើ​ម៉េច​គាត់ Check balance (ពិនិត្យ​តុល្យ​ភាព) ហើយ​គាត់​ត្រូវ Analyze (ធ្វើការ​វិភាគ) ឲ្យ​ច្បាស់លាស់​អំពី​សភាពការណ៍ ពីព្រោះ​បើ​មិន​អ៊ីចឹង​ទេ អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​ផងដែរ»

នេះ​ជា​ទស្សនកិច្ច​លើក​ទី​ពីរ​ហើយ​ចាប់​តាំង​ពី​លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មិថុនា ឆ្នាំ​ទៅ​មិញ។

មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជា​ច្រើន​បាន​រំពឹង​ថា លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី នឹង​អាច​ជួសជុល​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ទំនាក់​ទំនង​នេះ​បាន​ប្រេះឆា​ក្នុង​អាណត្តិ​លោក យ៉ាស្ហ ហ្កាយ (Yash Ghai) តំណាង​ពិសេស​របស់​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស ដែល​បាន​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្ម​យ៉ាង​ខ្លាំង​តប​ទៅ​វិញ​ថា សេចក្តី​ថ្លែងការណ៍​នោះ​បង្ខូច​កិត្តិយស​ប្រទេស​កម្ពុជា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល